សម្ដេចព្រះឃោសន្ទវ៉ា យ៉ាវ គឺជាព្រះសង្ឃខ្មែរមួយអង្គមានព្រះកិត្តិនាមល្បីរន្ទឺ ក្នុងបុព្វហេតុសន្ដិភាពជូនមនុស្សជាតិ ពិសេសជនរួមជាតិ និងមាតុភូមិរបស់ព្រះអង្គ ។ ព្រះសង្ឃប្រកបដោយភាពទន់ភ្នន់ ស្លូតបូតអង្គនេះអាចរំលត់កំហឹងពួកខ្មែរក្រហមបាន ពិសេសមានពេលមួយនោះព្រះអង្គអាចធ្វើឱ្យកងទ័ពខ្មែរក្រហមរាប់ពាន់នាក់ទម្លាក់កាំភ្លើងចុះទៀតផង ។
ឆ្នាំ១៩៧៥ ពួកខ្មែរក្រហមបានកាន់កាប់ប្រទេសកម្ពុជា ហើយរហូតដល់អំឡុងឆ្នាំ១៩៧៨ ចាប់ផ្តើមមានជនភៀសខ្លួនខ្មែរទៅប្រមូលផ្តុំគ្នានៅជំរំស្រះកែវ ជាជំរំជនភៀសខ្លួនខ្មែរមុនដំបូងគេបំផុតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។ ជនភៀសខ្លួនទាំងនោះមានសភាពស្លេកស្លាំង ស្គមស្គាំង មានពោះធំដោយអត់អាហារ និងទឹក ព្រមទាំងគ្របដណ្តប់ទៅដោយក្តីភ័យខ្លាច ភាពខ្លោចផ្សានិងក្តីអស់សង្ឃឹម។
ភិក្ខុវ៉ា យ៉ាវបាននិមន្តចូលទៅជំរំជនភៀសខ្លួនរួមមាតុភូមិរបស់ព្រះអង្គ ហើយប្រែក្លាយភាពស្រងេះស្រងោចក្នុងជំរំទាំងមូលឱ្យទៅជាក្តីរំភើប រំជើបរំជួល ។ ពួកគេបាននាំគ្នាស្ទុះរត់ទៅរកព្រះអង្គ ទួញយំសោក ដោយពួកគេខានបានឃើញព្រះសង្ឃជាយូរមកហើយ ។ ភិក្ខុវ៉ា យ៉ាវ បានបង្រៀនពួកគេនូវព្រះពុទ្ធោវាទថា៖ «ទោសៈមិនដែលបញ្ចប់ដោយទោសៈឡើយ ។ ទោសៈរមែងរំលត់ទៅបានដោយមេត្តា ព្រហ្មវិហារធម៌…»។
ដើមឆ្នាំ១៩៧៩ របបខ្មែរក្រហមដួលរលំ កងទ័ពពួកគេបានរត់ឆ្លងដែនចូលប្រទេសថៃ។ ព្រះភិក្ខុវ៉ា យ៉ាវ បាននិមន្តទៅជួបសំណេះសំណាលជាមួយពួកទាហានខ្មែរក្រហមទាំងនោះ ។ សៀវភៅ«សម្តេចព្រះមហាឃោសនន្ទ ក្នុងសមរភូមិ» សរសេរថា ព្រះអង្គបានសម្តែងព្រះពុទ្ធោវាទប្រាប់ពួកគេ ធ្វើឱ្យពួកគេមានក្តីសង្វេគ រហូតអ្នកខ្លះដុតសម្លាប់ខ្លួន ហើយយំយែកថា ពួកគេចង់បាន«សន្តិភាព» ។ នៅពេលសួរថា ព្រះអង្គមានអារម្មណ៍យ៉ាងណាចំពោះពួកទាហានខ្មែរក្រហម ព្រះមហាឃោសនន្ទមានព្រះថេរដីកាថា «យើងមានមេត្តាធម៌យ៉ាងធំធេងចំពោះពួកគេ ដ្បិតពួកគេមិនស្គាល់អំពីសច្ចធម៌ ពួកគេបំផ្លាញព្រះពុទ្ធសាសនា ពួកគេបំផ្លាញខ្លួនឯង»។
ឆ្នាំ១៩៧៩ ព្រះមហាឃោសនន្ទបានកសាងវត្តនៅក្នុងជំរំជនភៀសខ្លួន ហើយព្រះអង្គបានបំបួសព្រះសង្ឃ ថ្មីៗ បើទោះជាមានការហាមឃាត់ពីយោធាថៃក៏ដោយ ។ ពេលនោះពួកខ្មែរក្រហមបានចាប់បង្ខំជនភៀសខ្លួនឱ្យធ្វើកងទ័ព ហើយយោធាថៃបានគាំទ្រពួកគេដោយលួចលាក់ ដូច្នេះហើយពួកគេមិនពេញចិត្តនឹងអំពើរបស់ព្រះអង្គវ៉ា យ៉ាវ ឡើយ ។
មានយុទ្ធជនខ្មែរក្រហមរាប់ពាន់នាក់បានទម្លាក់អាវុធនៅមុខខ្លោងទ្វារវត្តរបស់ព្រះអង្គវ៉ា យ៉ាវ ហើយបានចូលខ្លួនថ្វាយជីវិតដល់ព្រះអង្គ ។ ប្រការនេះនាំឱ្យពួកយោធាថៃហាមប្រាមព្រះអង្គវ៉ា យ៉ាវ ដាច់ខាតមិនឱ្យនិមន្តចេញចូលក្នុងជំរំជនភៀសខ្លួនខ្មែរទៀតឡើយ ។ ដូច្នេះព្រះអង្គត្រូវបង្ខំចិត្តដកព្រះកាយចេញពីការងារទាំងនោះ។
លុះដល់ឆ្នាំ១៩៨០ ព្រះអង្គវ៉ា យ៉ាវ ទទួលបានការតែងតាំងពិសេសពីអង្គការសហប្រជាជាតិក្នុងឋានៈជាទីប្រឹក្សាសង្គម និងសេដ្ឋកិច្ច តំណាងខ្មែរនិរទេសខ្លួន ។ តាមរយៈឋានៈនេះផ្តល់លទ្ធភាពឱ្យព្រះអង្គ ឡើងវិញដើម្បីធ្វើការជាមួយជនភៀសខ្លួនខ្មែរ។
មានគ្រាមួយនោះពួកទាហានខ្មែរក្រហមបះបោរស្ទើរតែផ្ទុះអាវុធដាក់គ្នាឯង ប៉ុន្តែភិក្ខុវ៉ា យ៉ាវ បានចំណាយពេលពេញមួយថ្ងៃក្នុងការរម្ងាប់កំហឹងរបស់ពួកគេ ។ សម្តេចព្រះមហាឃោសនន្ទវ៉ា យ៉ាវ ប្រសូតនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩១៣ នៅភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកដូនកែវ ខេត្តតាកែវ ។ ព្រះអង្គបានសុគតនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០០៧ ៕ ដោយចន្ទ្រ អក្ខរា