ហាយគូជាទីក្រុងទេសចរណ៍ដ៏ធំមួយនៃខេត្តហាយណាន។ នៅហាយគូមានផលិតក្នុងតំបន់ជាច្រើនណាស់ត្រូវលើកយកមកពិភាក្សាគ្នា ប៉ុន្តែថ្ងៃពេលនេះ សូមលើកយកផលិតផលមួយគឺការផលិតថូផ្កាពីដីស្អតិនិងបណ្តុះផ្កាអូគីដេនៅភូមិលឺម៉ី នៃតំបន់តុងហ្វឹង(Dongfang)មកដាក់លើតុពិភាក្សាចែករំលែក។ នៅភូមិមួយដែលមានឈ្មោះថា “លឺម៉ី” នៃក្រុងតុងហ្វឹង មានផលិតក្អមឆ្នាំង ថូផ្កាពីដីស្អិតយ៉ាងល្អប្រណិតបែបអ្នកស្រុកជនបទដើម្បីផ្គត់ផ្គង់ចូលទីផ្សារ ដូចនៅខេត្តកំពង់ឆ្នាំង។
ថូផ្កាដីនីមួយៗ មានរូបរាងផ្សេងៗគ្នាដោយមានតួនាទីផ្សេងគ្នា។ ក្អមនិងថូផ្កានៅទីនេះ គឺផលិតចេញពីដីស្អិតដែលមានគុណភាពក្រោមការដុតកម្តៅក្តៅខ្លាំងដើម្បីឱ្យឆ្អិនស្វិតល្មួតចូលគ្នាជាប់បានយូរទើបប្រើបាននិងមានគុណភាពល្អ។
ថូផ្កានិងក្អម ខ្លះសម្រាប់ដាក់ផ្កាលម្អគេហដ្ឋាន ខ្លះដាក់សម្រាប់ទឹកញាំ និងខ្លះតាំងទុកលម្អនៅការិយាល័យបែបវត្ថុរាណដើម្បីរំលឹកអនុស្សាវរីយ៍នាទីជនបទ។ ថូផ្កាដីមានឆ្លាក់រូបប្លែកៗជាច្រើនដែលទាក់ទាញដូចជារូបកង្កែប រូបនាគ រូបឥន្ទ្រី និងចម្លាក់រចនាបែបជនដើមភាគតិច ដែលយើងមើលទៅពិតជាទាក់ទាញខ្លាំងមែន។
បើយើងប្រៀបធៀបទំនៀបទម្លាប់និងផលិតផលទាំងនេះជាមួយខ្មែរ គឺស្រដៀងគ្នាមែនទែននៅខេត្តកំពង់ឆ្នាំង។ កំពង់ឆ្នាំងដែលល្បាញល្បីខ្លាំងខាងផលិតក្អម ថូផ្កា និងសម្ភារៈប្រើប្រាស់ផ្សេងទៀតសម្រាប់ដាក់លម្អលំនៅដ្ឋាន ការិយាល័យ និងសម្រាប់លក់ជាដើម។
ភាពស្រដៀងគ្នានេះ អាចនិយាយបានថា កម្ពុជា-ចិន មិនត្រឹមតែមានភាពល្អប្រសើរផ្នែកការទូតនិងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានភាពល្អប្រសើរផ្នែកវប្បធម៌និងសិប្បកម្មអាជីវកម្ម ដែលផលិតពីដីស្អិតផងដែរ។ សក្ខីកម្មនេះ អាចបញ្ជាក់ថា កម្ពុជា-ចិនមហាមិត្តម៉ឺនឆ្នាំ៕