សារព័ត៌មានពុទ្ធសាសនា

នរជន​មានសីល​ដូចម្តេច គប្បីជា​បុគ្គល​ប្រតិស្ឋាន​មាំល្អ ក្នុងសាសនា

ជំនឿប្រពៃណីព័ត៌មានថ្មីៗពុទ្ធសាសនាសង្គម
កឹសីលសូត្រ ទី៩
(ព្រះសារីបុត្តដ៏មានអាយុ ក្រាបទូលសួរថា) នរជន​មានសីល​ដូចម្តេច មាន​មារយាទ​ដូចម្តេច ចំរើន​នូវអំពើ​ទាំងឡាយ​ដូចម្តេច គប្បីជា​បុគ្គល​ប្រតិស្ឋាន​មាំល្អ (ក្នុងសាសនា) ផង ដល់នូវ​ប្រយោជន៍​ខ្ពង់ខ្ពស់ គឺ​អរហត្តផល​ផង។(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) បុគ្គលត្រូវប្រព្រឹត្ត​កោតក្រែង​ចំពោះ​បុគ្គល​ដែល​ចំរើន ជាអ្នក​មិនមាន​សេចក្តី​ច្រណែន ស្គាល់កាល​គួរចួបនឹងគ្រូ ស្គាល់ខណៈ​ស្តាប់​ធម្មីកថា ដែល​លោកពោល គប្បីស្តាប់​សុភាសិត​ឯទៀត​ដោយគោរព។

បុគ្គលគួរធ្វើការរឹងត្អឹង ឲ្យជ្រះស្រឡះ ប្រព្រឹត្ត​បន្ទាបខ្លួន ហើយ​ចូលទៅ​កាន់សំណាក់គ្រូ តាមកាលគួរ គប្បីរលឹក​រឿយ ៗ ទាំងប្រព្រឹត្ត​ដោយ​ប្រពៃនូវ​អត្ថនៃ (ភាសិត) ធម៌ សីល និងព្រហ្មចារ្យ (ដ៏សេស​ ដែលគ្រូសំដែង​ហើយ)។

បុគ្គលគួរជាអ្នកមានធម៌ជាទីត្រេកអរ ត្រេកអរ​ក្នុងធម៌ ឋិតនៅ​ក្នុងធម៌ ចេះ​វិនិច្ឆ័យ​នូវធម៌ មិនគួរ​ប្រព្រឹត្តនូវ​ពាក្យ ដែល​ប្រទូស្តចំពោះ​ធម៌ គប្បីញុំាង​កាលឲ្យ​អស់ទៅ ដោយ​សុភាសិត​ទាំងឡាយ​ដែលពិត ៗ។

បុគ្គលគួរលះបង់នូវការសើច រីករាយ ការចរចា​ឥត​ប្រយោជន៍ ការ​ខ្សឹកខ្សួល ការ​ប្រទុស្ត ការធ្វើ​នូវមាយា ការកុហក ការជាប់​ចិត្ត ការប្រកាន់ ការប្រណាំង​ប្រជែង សំដី​អាក្រក់ ទឹកអម្ចត់ គឺ​រាគាទិក្កិលេស និងការជ្រប់​នៅដោយ​តណ្ហា គប្បីជា​បុគ្គល​ប្រាសចាក​សេចក្តី​ស្រវឹង មានចិត្ត​ឋិតនៅ​មាំ។

សុភាសិតទាំងឡាយ (ដែលប្រកប​ដោយ​សមថវិបស្សនា) គឺអ្នកប្រាជ្ញដឹងច្បាស់ ថាមាន​សារៈ ឯញាណ​សំរេចអំពីសុតៈ គឺអ្នកប្រាជ្ញដឹងច្បាស់​ថា មាន​សមាធិជា​សារៈ បញ្ញា និងសុតៈ រមែងមិន​ចំរើនដល់​នរជន ដែលជា​អ្នកមាន​ចិត្តរហ័ស ជាអ្នក​ធ្វេស​ប្រហែស ។
មួយទៀត ជនពួកណា ត្រេកអរក្នុងធម៌ ដែលអរិយបុគ្គល​សំដែង​ហើយ ជនពួកនោះ រមែង​ប្រសើរ​ដោយ​វចីកម្ម មនោកម្ម និង​កាយកម្ម ជនពួក​នោះ រមែង​ឋិតនៅ​ក្នុងសេចក្តី​ស្ងប់ស្ងាត់ ស្ងប់ស្ងៀម និង​សមាធិ ហើយបាន​ដល់នូវខ្លឹម​នៃការ​ស្តាប់ផង នៃប្រាជ្ញា​ផង។

ចប់ កឹសីលសូត្រ ទី៩។
(ខុទ្ទកនិកាយ សុត្តនិបាត តតិយភាគ ព្រះត្រៃបិដកលេខ ៥៤)

…………………….ព្រះពុទ្ធដីកា
សេដ្ឋីពេាធិសត្វជាបិតាពេាលថា៖ បុគ្គលគប្បីប្រាថ្នាលាភដ៏ឧត្តម គឺការមិនមានរេាគ១, សីល (គឺមារយាទ) ១, ការយល់ឃេីញតាមបណ្ឌិតអ្នកដឹង ១, ការឧស្សាហ៍ស្តាប់ ១, ការអនុវត្តន៍នូវសុចរិតធម៌ ១, ការមិនរុញរានៃចិត្ត ១, ធម៌ទាំង ៦ នេះ ជាទ្វារ ទាំងជាប្រធាននៃសេចក្តីចម្រេីន ។ (អត្ថស្សទ្វារជាតកទី ៤)

អត្ថបទផ្សេងៗដែលលោកអ្នកគួរយល់ដឹង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. យល់ព្រម អានបន្ថែម