ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ព្រះពុទ្ធសាសនាលទ្ធិមហាយាន គឺជាសាសនារបស់រដ្ឋដែលក្នុងនោះព្រះពោធិសត្វលោកកេស្វរៈបានបំពេញតួនាទីយ៉ាងសំខាន់ ថែមទាំងមានការគោរព និងមានជំនឿយ៉ាងលើសលប់នៅក្នុងសង្គមខ្មែរទៀតផង។ នៅគ្រប់មជ្ឈដ្ឋានសង្គមខ្មែរនាពេលនោះ មានរួមទាំងមេទ័ព និងព្រះមហាក្សត្រ តែងតែគោរពបូជាដល់ព្រះពុទ្ធអង្គលោកកេស្វរៈពុំដែលអាក់ខានឡើយ។
តាមឯកសារបានតំណាលឱ្យដឹងថា ព្រះពុទ្ធសាសនាហីនយានដែលព្រះអង្គបានចូលនិព្វានរួចទៅហើយនោះ ឯព្រះពុទ្ធនិកាយមហាយានទ្រង់កំពុងត្រៀមព្រះកាយចូលព្រះនិព្វាននៅឡើយ។ ការរង់ចាំមិនទាន់ចូលនិព្វានរបស់ព្រះពោធិសត្វលោកកេស្វរៈ ដោយសារតែព្រះអង្គទុកពេលវេលាចង់ជួយមនុស្សលោកឱ្យរួចផុតពីគ្រោះថ្នាក់។
ព្រះពោធិសត្វលោកេស្វរៈសព្វព្រះទ័យមិនទាន់ចង់ចូលនិព្វាន ព្រោះព្រះអង្គនៅមានការអាណិតអាសូរដល់ពុទ្ធបរិស័ទក្នុងការស្រោចស្រង់មនុស្សលោកឱ្យបានច្រើន។ គេមានជំនឿថា ព្រះពោធិសត្វអង្គនេះមិនត្រឹមតែជួយមនុស្សលោកទេ តែថែមទាំងអាចជួយរំដោះគ្រោះចង្រៃនានារបស់មនុស្សលោកថែមទៀតផង។
បើតាមឯកសារលោកបណ្ឌិតមីសែល ត្រាណេ បន្តថា ដោយសារតែមានជំនឿលើមូលហេតុខាងលើនេះហើយ ទើបនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ គេមានការតាំងឈ្មោះព្រះពុទ្ធអង្គនេះថា «ព្រះពោធិសត្វលោកេស្វរៈ»។ ពាក្យនេះមានន័យថា ព្រះអាទិទេពនៃពិភពលោកដែលមានទាំងឋានមនុស្ស ឋាននរក និងឋានសួគ៌។ ព្រះពោធិសត្វអង្គនេះក៏មានព្រះនាមមួយទៀតដែរគឺ ព្រះអវលោកេស្វរៈ មានន័យថា ព្រះអាទិទេពមើលពីលើ ដោយព្រះករុណាធម៌ដល់សត្វលោក។
ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ គេឃើញមានការគោរពបូជា និងរៀបចំតង្វាយជាច្រើនដល់ព្រះពោធិសត្វអង្គនេះ។ គ្រឿងតង្វាយទាំងនេះមានដូចជា អង្ករ សណ្តែក ល្ង ទឹកដោះគោ ទឹកឃ្មុំ ស្ករ និងប្រេង ជាដើម។ បើយើងពិនិត្យលើគ្រឿងតង្វាយនេះ គឺជាលក្ខណៈពិសេសលើសព្រះពោធិសត្វដទៃទៀត។ លើសពីនេះទៀត ឋានៈនៃបុព្វការីជនខ្មែរ ជាពិសេសសមាជិកនៃព្រះរាជវង្សានុវង្សនាសម័យបាយ័ន ត្រូវគេលើកតម្កើងស្មើទៅនឹងព្រះពោធិសត្វលោកកេស្វរៈផងដែរ ដែលគេគោរពបូជាក្រោមរូបភាពនៃរូបសំណាកថ្ម និងសំរឹទ្ធិ៕
ដោយ ចន្ទ្រ អក្ខរា