រាជធានីភ្នំពេញ៖ វត្តឧណ្ណាលោម បានយកឈ្មោះតាម«ចេតិយឧណ្ណាលោម» ដែលត្រូវបានកសាងឡើង តាំងពីមុនការចាប់កកើតវត្តនេះមកម្ល៉េះ ប៉ុន្ដែបើគិតត្រឹមពុទ្ធសករាជ ២៥៦៨ គ្រឹស្ដសករាជ ២០២៤ វត្ដដ៏ចំណាស់មួយនេះ មានអាយុកាល៥៨២ឆ្នាំ (បើតាមឯកសារខ្លះ) ហើយបច្ចុប្បន្នវត្ដដ៏ចំណាស់មួយនេះ នៅតែដើរតួយ៉ាងសំខាន់ នៅក្នុងព្រះពុទ្ធសាសនា ជាទីស្នាក់ការរបស់ព្រឹទ្ធាចារ្យរបស់ពុទ្ធសាសនិកជនកម្ពុជា និង ជាទីស្នាក់អាស្រ័យរបស់ព្រះសង្ឃ ប្រមាណជាជាង៣០០អង្គ និង និស្សិតជាង៦០០នាក់ ដែលកំពុងតែស្នាក់អាស្រ័យនៅ សម្រាប់ការស្វែងចំណេះដឹង និង បន្ដការសិក្សារៀនសូត្រ នៅតាមសាកលវិទ្យាល័យ ឬ មហាវិទ្យាល័យនានា នៅរាជធានីភ្នំពេញ។
វត្ដឧណ្ណាលោម ត្រូវបានកសាងឡើង ដំណាលគ្នា ជាមួយនឹងវត្ដខ្ពបតាយ៉ង ដែលក្រោយមកត្រូវបានប្ដូរឈ្មោះ មកជា«វត្ដបទុមវតីរាជវរារាម» ហៅកាត់«វត្ដបទុម ឬ វត្ដបទុមវតី» ដោយមានទីតាំងនៅខាងត្បូង ចម្ងាយប្រហែលជាង៣០០ម៉ែត្រ ពីព្រះបរមរាជវាំង ខណៈវត្តឧណ្ណាលោម មានទីតាំងនៅភាគខាងជើង ព្រះបរមរាជវាំង តាមមហាវិថីសុធារស ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ វត្តទាំង២នេះ ក្លាយជាវត្ដដ៏ចំណាស់បំផុតមួយដូចគ្នា ហើយក៏ជាមជ្ឈមណ្ឌល សម្រាប់ការស្នាក់អាស្រ័យនៅរបស់ព្រះសង្ឃ និង សិស្ស-និស្សិត មានចំនួនជាង១០០០អង្គ-នាក់ដូចគ្នា។
វត្ដឧណ្ណាលោម ត្រូវបានគេស្គាល់ ថា ជាវត្ដរបស់សម្ដេចសង្ឃរាជ នៃគណៈមហានិកាយរបស់ប្រទេសកម្ពុជា ហើយក៏ជាវត្តដ៏សំខាន់បំផុតមួយ នៅក្នុងរាជធានីភ្នំពេញ និង ជាមជ្ឈមណ្ឌល នៃព្រះពុទ្ធសាសនាកម្ពុជា។ ប៉ុន្ដែជាអកុសល វត្តឧណ្ណាលោមនេះ ត្រូវបានបំផ្លិចបំផ្លាញ ដូចជា
វត្ដផ្សេងៗដទៃទៀត នៅទូទាំងប្រទេសកម្ពុជា ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ (សម័យខ្មែរក្រហម) មហាលោតផ្លោះ មហាស្ចារ្យ។ ប៉ុន្តែវត្ដនេះ ត្រូវបានស្ដារឡើងវិញ ស្របពេលប្រទេសជាតិ មានសុខសន្តិភាព។ នៅក្នុងវត្តឧណ្ណាលោមនេះ មានចេតិយមួយ ដាក់ព្រះឧណ្ណាលោមរបស់ព្រះថេរមួយព្រះអង្គ ហើយក៏មានការពាក់ព័ន្ធ នៅក្នុងប្រវត្តិសាស្ត្រ កាលពីជំនាន់ចម្បាំង រវាងស្ដេចកន និង ចៅពញាចន្ទរាជា ផងដែរ។
តើអ្វីទៅដែលកើតមានដំបូងគេ នៅក្នុងរាជធានីភ្នំពេញ? ប្រហែលជាវត្តភ្នំដូនពេញ ហើយមើលទៅ។ ប៉ុន្តែតាមពិត គឺមិនមែនទេ ព្រោះចេតិយបុរាណមួយ នៅខាងក្រោយព្រះវិហារវត្តឧណ្ណាលោម ប្រហែលជាមានអាយុកាល មុនវត្តភ្នំដូនពេញ ទៅទៀត ហើយមនុស្សម្នា ហៅចេតិយនេះ ថា «ចេតិយឧណ្ណាលោម»។
ព្រះវិន័យធម៌ សំ ចាន់ ព្រះជន្ម៥០ព្រះវស្សា បានមានថេរដីកា ថា ចេតិយនេះ មាននៅក្នុងវត្តឧណ្ណាលោម ជាយូរយារណាស់មកហើយ។ នេះបើយោងតាមការស្រាវជ្រាវរបស់ព្រះអង្គ គឺផ្អែកតាមរយឯកសារចាស់ៗជាច្រើន ដែលបានបន្សល់ទុក ពីព្រះសង្ឃមុនៗ ជាពិសេស សម្តេចសង្ឃរាជ ជួន ណាត ដែលជាស្ថាបនិកវចនានុក្រមខ្មែរ។
ព្រះវិន័យធម៌ សំ ចាន់ មានថេរដីកា ថា៖ «ចេតិយឧណ្ណាលោម មាននៅទីនេះ នៅមុនពេលវត្តនេះ ត្រូវបានកសាងឡើងមកម្ល៉េះ។ សម្តេចសង្ឃរាជ ជួន ណាត មិនបានបញ្ជាក់ឲ្យពិស្តារ ថាតើចេតិយនេះ មានតាំងសតវត្សរ៍ណាមកនោះដែរ ប៉ុន្តែសម្ដេចសង្ឃរាជ គ្រាន់តែបានសន្និដ្ឋាន ថា ចេតិយនេះ អាចមានអាយុកាល តាំងពីព្រះពុទ្ធសាសនា ចូលមកដល់ប្រទេសកម្ពុជា ជាលើកដំបូងមកម្ល៉េះ»។ សៀវភៅដែលជាស្នាព្រះហស្ដរបស់សម្តេចសង្ឃរាជ ជួន ណាត ដែលត្រូវបានគេចែក ជូនដល់ពុទ្ធសាសនិកជន ខណៈវិហារថ្មីមួយន ត្រូវបានសម្ពោធ នៅក្នុងវត្តឧណ្ណាលោម នៅក្នុងឆ្នាំ១៩៣៦ ដោយបានពិពណ៌នា ថា ស្តេចព្រះបរមរាជាពញាយ៉ាត បានផ្លាស់ប្តូរទីតាំងព្រះរាជវាំង ពីទួលបាសាណ ស្ថិតក្នុងខេត្តកំពង់ចាម (បច្ចុប្បន្ន) មកទីក្រុងភ្នំពេញ នៅក្នុងឆ្នាំ១៤៣៤ ហើយព្រះអង្គ បានសាងសង់វិហារព្រះពុទ្ធសាសនា ចំនួន៧ ហើយក្នុងនោះមានវត្តឧណ្ណាលោម ផងដែរ ខណៈអារាមទាំងអស់ ត្រូវបានបញ្ចុះសីមាទាំងអស់ នៅក្នុងឆ្នាំ១៤៤២ ក្រោមស្នាព្រះហស្តរបស់ព្រះបាទសម្តេចពញាយ៉ាត នៅក្នុងទីក្រុងថ្មីនេះ។
ព្រះវិន័យធម៌ សំ ចាន់ មានសង្ឃដីកាបន្ដ ថា៖ ឈ្មោះ«វត្តឧណ្ណាលោម»នេះ គឺយកតាមឈ្មោះចេតិយឧណ្ណាលោម ដែលមាន មុននឹងចាប់ផ្ដើមកកើតវត្តនេះ មកម្ល៉េះ។ ចេតិយនេះ ខុសគ្នាពីចេតិយទាំងអស់ នៅក្នុងប្រទេសកម្ពុជា ពីព្រោះវាមានកំពូលប្រាំ។ ក្រោយមកទៀត ព្រះសង្ឃបានកសាងជញ្ជាំង ដោយលាបពណ៌មាស តែក៏បានបន្សល់ទុក នៅចន្លោះក្បែរជ្រុងនីមួយៗ ដែលយើងរាល់គ្នា អាចនៅមើលថ្មបុរាណនេះឃើញ។ ផ្នែកខាងក្នុងចេតិយឧណ្ណាលោម នេះវិញ មានព្រះពុទ្ធរូបចំនួន៤ព្រះអង្គ ដាក់តម្កល់ នៅតាមជ្រុងនីមួយៗ និង មានព្រះពុទ្ធរូបអង្គធំមួយព្រះអង្គទៀត តម្កល់នៅចំកណ្តាល ដែលទម្រង់ព្រះភ័ក្ត្រនីមួយៗ មានលក្ខណៈស្រដៀងគ្នានឹងព្រះពុទ្ធរូប នៅប្រាសាទអង្គរវត្ត ផងដែរ។
ព្រះវិន័យធម៌ អង្គនេះ បានពន្យល់ ថា ពាក្យថា «ឧណ្ណាលោម» គឺជាពាក្យបាលី មានន័យ ថា «រោមប្រជុំចិញ្ចើម» គឺរោមដែលដុះពីគល់ចិញ្ចើមទាំងពីរ ស្ថិតត្រង់នៅលើក្តោងច្រមុះ។ មនុស្សគ្រប់គ្នា ហៅចេតិយនេះ ថា «ចេតិយឧណ្ណាលោម» ពីព្រោះក្នុងចេតិយនេះ មានបញ្ចុះឧណ្ណាលោម ឬ រោមប្រជុំចិញ្ចើម។
ព្រះវិន័យធម៌ សំ ចាន់ មានថេរដីកាបន្ដ ថា៖ «នៅខាងក្នុងចេតិយ មានតម្កល់រោមប្រជុំចិញ្ចើមរបស់ព្រះសង្ឃមួយអង្គ។ ប៉ុន្តែគេមិនមានឯកសារណាមួយ បញ្ជាក់ពីអត្តសញ្ញាណរបស់ព្រះសង្ឃអង្គនោះឲ្យបានច្បាស់លាស់ឡើយ។ រោមប្រជុំចិញ្ចើមទាំងនោះ លាក់នៅខាងក្នុងចេតិយនោះ តែមិនងាយ រកឃើញនោះឡើយ»។
ព្រះវិន័យធម៌ សំ ចាន់ មានថេរដីកាបន្ត ថា ពុទ្ធបរិស័ទ មានការគោរពបូជាដល់ចេតិយ ដែលបច្ចុប្បន្ននេះបានរុំព័ទ្ធទៅដោយកុដិជាច្រើនដេរដាស។ ប៉ុន្ដែនៅពេលពុទ្ធបរិស័ទ ចង់ប្រារព្ធពិធីបុណ្យអ្វីមួយ នៅក្នុងវត្ត ពួកគាត់ប្រាកដជានឹងត្រូវរៀបចំលេងភ្លេងពិណពាទ្យ ដើម្បីថ្វាយដល់ព្រះចេតិយនេះ ជាមិនខាន។ ជួនពេលខ្លះ ក៏មានពុទ្ធបរិស័ទមួយចំនួន បានមកបន់ស្រន់ នៅទីនេះផងដែរ។
(ព្រះចៅអធិការវត្តឲណ្ណាលោមបច្ចុប្បន្ន)
ព្រះវិន័យធម៌ អង្គនេះ មានថេរដីកាបន្ដ ថា ៖ «គេជឿថា នៅច្រកចូលចេតិយនេះ មានបារមីដែលអាចនាំព្រះសង្ឃ ទៅកាន់ភ្នំនានាបាន។ នៅពេលព្រះសង្ឃ ចង់ធ្វើសម្មាធិ ព្រះតេជគុណទាំងនោះ គ្រាន់តែនិមន្តចូលក្នុងចេតិយនេះ នឹងផុះចេញនៅព្រៃស្ងាត់ ឬ ក៏ភ្នំនានា»។ វត្តឧណ្ណាលោម គឺជាវត្តដែលគណៈសង្ឃព្រឹទ្ធាចារ្យ ក្នុងប្រទេសកម្ពុជា និយមគង់អាស្រ័យនៅ តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ននេះ។
ព្រះវិន័យធម៌ មានថេរដីកា បន្ដ ថា ព្រះអង្គបាននិមន្តមកគង់ នៅក្នុងវត្តឧណ្ណាលោមនេះ នៅក្នុងឆ្នាំ១៩៩៣ ហើយបានឮ ថា មានកុដិមួយចំនួន ត្រូវបានប្រើប្រាស់ សម្រាប់ទុកដាក់អំបិល នាអំឡុងរបបខ្មែរក្រហម។ ចំណែកសៀវភៅ ឬ សាស្រ្ដាក្បួនច្បាប់នានា ត្រូវបានរាយប៉ាយ នៅគ្រប់ទីកន្លែង នៅលើដី ប៉ុន្តែចេតិយឧណ្ណាលោមនេះ មិនត្រូវបាននរណាម្នាក់ ចូលមកប៉ះពាល់ ដូចកុដិដទៃៗនោះឡើយ។ បន្ទាប់ពីវត្តអារាមមួយនេះ ត្រូវបានគេធ្វើឲ្យរស់រានមានជីវិតមកវិញ ក្រោយសង្គ្រាម វត្តនេះនៅតែដើរតួយ៉ាងសំខាន់ នៅក្នុងព្រះពុទ្ធសាសនាដដែល ហើយក៏ជាទីស្នាក់ការរបស់ព្រឹទ្ធាចារ្យរបស់ពុទ្ធសាសនិកជនកម្ពុជាផង និង ជាទីស្នាក់អាស្រ័យរបស់ព្រះសង្ឃប្រមាណជាជាង៣០០អង្គ និង សិស្ស-និស្សិតជាង៦០០នាក់ផង។ ព្រះសង្ឃ និង និស្សិតទាំងនោះ សុទ្ធតែកំពុងស្វះស្វែងរកចំណេះដឹង និង រៀនសូត្រ នៅតាមសាកលវិទ្យាល័យនានា នៅក្នុងរាជធានីភ្នំពេញ។
(ព្រះចៅអធិការវត្តឲណ្ណាលោមកន្លងមកដែលសុទ្ធតែមានងារជាសម្ដេច)
វត្ដឧណ្ណាលោម មានព្រះចៅអធិការ ភាគច្រើនបំផុត មានគោរមងារជាសម្ដេច សម្រាប់ដឹកនាំ រួមមាន៖ សម្ដេចព្រះមហាសង្ឃរាជ និល ទៀង, សម្ដេចព្រះសង្ឃរាជ ជួន ណាត, សម្ដេចព្រះសង្ឃរាជ ហួត តាត ជាដើម។ ប៉ុន្ដែអ្វីដែលអភ័ព្វជាងសម្ដេចសង្ឃរាជផ្សេងៗបំផុត គឺសម្ដេចសង្ឃរាជ ហួត តាត ត្រូវបានរបបអាវខ្មៅ នាំទៅធ្វើគុត។ ប៉ុន្ដែក្រោយពេលប្រទេសជាតិ ត្រូវបានរំដោះ ងើបចាកផុតពីរបបប្រល័យពូជសាសន៍នោះមក សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស បាននិមន្ដចូលមកបន្ដដឹកនាំ និង រៀបចំវត្ដឧណ្ណាលោម រហូតដល់សម្ដេចសុគត នៅក្នុងឆ្នាំ២០២៤។ បន្ទាប់មក សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ដែលបានទទួលបណ្ឌិត ពីសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក បានក្លាយជាព្រះចៅអធិការ ដឹកនាំវត្ដឧណ្ណាលោម បន្ដទៀត៕
ដោយ៖ ណុប ស៊ីន