សារព័ត៌មានពុទ្ធសាសនា

តើក្សត្រខ្មែរអង្គរណាដែលជ្រះថ្លាក្នុងពុទ្ធសាសនាមុនគេ?

Image default
ឥស្សរសង្ឃ

យោងតាមឯកសារប្រវត្តិសាស្ត្រខ្មែរ ភាគទី១ របស់សាស្រ្តាចារ្យ រស់ ចន្រ្តាបុត្រ ទំព័រ ១៦៧ បានសរសេរថា ព្រះបាទហ្វាន់ ចេម៉ាន់ ហៅតាមសំនៀងចិន ឬព្រះនាមជាខ្មែរថា ស្រីមារៈ ឬស្រីមារញ គឺជាស្តេចចម្បាំងដ៏អង់អាចក្លាហានអស្ចារ្យទាំងផ្លូវទឹកផ្លូវគោក ដែលបានកសាងសំពៅចម្បាំងធំៗអាចផ្ទុកមនុស្សបានប្រហែល ៧០០នាក់ និងបានវាយពង្រីកទឹកដីយ៉ាងធំល្វឹងល្វើយក្នុងសម័យអាណាចក្រហ្វូណន ឬនគរភ្នំ។ បន្ទាប់ពីព្រះបាទហ៊ុន ប៉ានប៉ាន សោយរាជ្យបានត្រឹមតែ ៣ឆ្នាំ ទ្រង់បានប្រឈួនធ្ងន់ និងចូលទិវង្គតទៅ ជាហេតុបណ្តាលឱ្យមានអសន្តិសុខ និងចលាចលក្នុងប្រទេសជាតិ។ នៅពេលនោះ ព្រះបាទហ្វាន់ ចេម៉ាន់ ត្រូវបានពួកមន្រ្តីតូចធំ ព្រមទាំងប្រជារាស្រ្តជ្រើសរើសឱ្យឡើងសោយរាជ្យបន្ត ដោយឃើញពីសមត្ថភាព អង្គអាចក្លាហាន និងភាពប៉ិនប្រសប់ក្នុងការដឹកនាំរបស់ទ្រង់នៅដើមសតវត្សរ៍ទី៣ នៃគ.ស. ដែលព្រះអង្គគ្មានជាប់សែស្រឡាយរាជវង្សសោះឡើយ។

បើតាមឯកសារប្រវត្តិសាស្រ្តខ្មែរ ភាគ១ និង២ រៀបរៀងដោយ សាស្រ្តាចារ្យ ត្រឹង ងា ទំព័រ ៣០ បានបញ្ជាក់ទៀតថា ព្រះបាទហ្វាន់ ចេម៉ាន់ គឺជាក្សត្រដំបូងគេ ដែលបានជ្រះថ្លាចំពោះពុទ្ធសាសនាខុសប្លែកពីព្រះរាជាមុនៗ ដែលគោរពបូជាចំពោះព្រហ្មញសាសនា។ ព្រះអង្គជាក្សត្រមានទសពិទរាជធម៌ បានដឹកនាំប្រទេសជាតិឱ្យរីកចម្រើនគ្រប់វិស័យ មានវិស័យអប់រំ នយោបាយ យោធា និងសេដ្ឋកិច្ច បើយោងតាមឯកសារខាងលើដដែល។

ជាពិសេសទៅទៀតនោះ បើយោងតាមសិលាចារឹកឈ្មោះ វ៉ូកាញ់ “Ka.74” ដែលបានរកឃើញនៅក្នុងខេត្តញ៉ាត្រាង ប្រទេសវៀតណាមសព្វថ្ងៃ ជាសិលាចារឹកមានអាយុកាលចាស់ជាងគេបំផុត បកប្រែដោយព្រះភិក្ខុប៉ាង់ ខាត់។ អត្ថន័យនៃសិលាមានខ្លឹមសារដូច្នេះថា ព្រះបាទហ្វាន់ ចេម៉ាន់ ទ្រង់បានត្រាស់បង្គាប់ឱ្យចារឹកទុក នៅដើម ស.ត.ទី៣ ព្រះរាជានគរភ្នំ ព្រះនាមស្រីមារ: ជាអគ្គពុទ្ធសាសនូបត្ថម្ភក៏ដ៏មហិមាមួយអង្គ។ ព្រះរាជត្រកូល គឺបឋមវង្សជ្រះថ្លាចំពោះព្រះពុទ្ធសាសនា យល់ច្បាស់ពីដំណើរអន្ទោលកើតស្លាប់ នៃសត្វលោកក្នុងវាលវដ្តសង្សារ ទ្រង់ប្រកបដោយមហាករុណាចំពោះសត្វលោក ហើយទ្រង់បង្គាប់ឱ្យបរិច្ចាគព្រះរាជទ្រព្យ ធ្វើទានទុកជាប្រយោជន៍ដល់សាធារណជនទូទៅ។ ជាទីបំផុត ទ្រង់បានផ្តាំទុកថា សូមឱ្យព្រះរាជាដោយសោយរាជ្យជាតំណទៅមុខទៀត គោរពប្រតិបត្តិតាមព្រះរាជប្រកាសនោះ ដើម្បីជាប្រយោជន៍ធំដល់សត្វលោក។

ទឡ្ហីករណ៍នៃឯកសារប្រវត្តិសាស្ត្រទាំងនេះអាចបញ្ជាក់បានថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានមនោសញ្ចេនាជ្រាលជ្រៅខ្លាំងចំពោះពុទ្ធសសានាដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងដួងចិត្តពលរដ្ឋខ្មែរ។ កាន់តែពិសេសជាងនេះទៅទៀត ក្នុងឯកសារប្រវត្តិសាស្រ្តខ្មែរ រៀបរៀងដោយលោក ដេវីឌ ឆាណ្ឌល័រ ទំព័រ ៩៥ ថានៅក្នុងស.ត.ទី១៥ មានអ្នកបួសកាតូលិកបរទេស ជាជនជាតិព័រទុយហ្គាល់ម្នាក់ ឈ្មោះប៉ាទ្រីដាគ្រុសបានមកទស្សនារាជធានីលង្វែក ក្នុងរាជ្យព្រះបាទ ច័ន្ទ រាជា បានសាកល្បងបញ្ចុះបញ្ចូលពលរដ្ឋខ្មែរឱ្យផ្លាស់ប្តូរជំនឿពីពុទ្ធសាសនាមកគោរពគ្រិស្តសាសនាវិញ។ តែអ្វីដែលគេរំពឹងទុកនោះ បែរជាខកចិត្តយ៉ាងខ្លាំង ព្រោះគ្មានខ្មែរណាម្នាក់យល់ព្រមតាមឡើយ ក្នុងកាលនោះប្រជាជនខ្មែរមានការគោរពព្រះសង្ឃពុទ្ធសាសនាយ៉ាងខ្លាំង ដែលធ្វើឱ្យពួកបរទេសទាំងនោះ កោតសរសើរទឹកចិត្តខ្មែរចំពោះព្រះពុទ្ធសាសនា។

ជាការពិតណាស់ ព្រះបាទហ្វាន់ ចេម៉ាន់ ទ្រង់បានគោរពប្រតិបត្តិចំពោះព្រះពុទ្ធសាសនាដែលជាសាសនាផ្អែកលើកម្ម និងផល គឺធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ហើយជាពិសេសទ្រង់បានទំនុកបម្រុងព្រះពុទ្ធសាសនាឱ្យរីកចម្រើន រហូតថែមទាំងមានព្រះរាជបណ្តាំទុកឱ្យព្រះរាជាសោយរាជ្យក្រោយៗ គោរពនិងប្រតិបត្តិតាមដូចទ្រង់ដែរ៕ ដោយគុណម្ចាស់៖ សឿន សុភា

អត្ថបទផ្សេងៗដែលលោកអ្នកគួរយល់ដឹង

ក្នុងចំណោមភិក្ខុសង្ឃប្រវត្តិសាស្ត្រ ៧អង្គនៅឆ្នាំ១៩៧៩ ព្រះសង្ឃនៅមានព្រះជន្ម មានតែសម្ដេចនន្ទ ង៉ែត១អង្គប៉ុណ្ណោះ

BCNews02

សម្ដេចពិន សែម បូជាជីវិតក្នុងពុទ្ធសាសនា ទោះបីជួបរឿងសោកនាដកម្មយ៉ាងក៏ដោយ

BCNews02

សម្ដេចព្រះសង្ឃរាជ ជួន ណាត ធ្លាប់យាងទៅដែនដីកម្ពុជាក្រោមធ្វើអ្វីខ្លះ?

BCNews02