សម្ដេចព្រះសុធម្មាធិបតីព្រះសង្ឃរាជ ទេព លឿង គណៈធម្មយុត្តិកនិកាយបានឡើងឋានៈសង្ឃកំពូលនេះ នៅចំពេលប្រទេសជាតិមានសង្គ្រាម។ ក្រោយមកព្រះអង្គបានសោយទិវង្គត ខណៈប្រទេសជាតិហៀបតែធ្លាក់ទៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺនៅមុនតែ២ថ្ងៃប៉ុណ្ណោះ។ ដោយសារស្ថានភាពស្រុកទេសបែបនេះ មិនមានការប្រារព្ធព្រះរាជពិធីបុណ្យព្រះសពថ្វាយព្រះអង្គទេ ហើយគួរឱ្យសង្វេគថែមទៀត គឺបាត់ព្រះសពរកមិនឃើញទៀតផង។
អំឡុងពេលភ្លើងសង្គ្រាមកំពុងតែឆាបឆេះនៅប្រទេសកម្ពុជារវាងរបបសាធារណរដ្ឋខ្មែរដឹកនាំដោយលោក លន់ នល់ ជាមួយនឹងពួកខ្មែរក្រហម សម្ដេចព្រះសុធម្មាធិបតីព្រះសង្ឃរាជ ទេព លឿង បានសោយព្រះទិវង្គតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៧៥ ត្រូវនឹងឆ្នាំថោះ ព.ស២៥១៤ ក្នុងព្រះជន្ម ៩៣ឆ្នាំ នៅវត្តបទុមវតី។ ក្នុងស្ថានភាពបែបនោះពុទ្ធបរិស័ទ និងសាច់ញាតិរបស់សម្ដេចព្រះសង្ឃរាជបានចេញទៅក្រៅក្រុងអស់។
ព្រះបរមសពសម្ដេចព្រះសុធម្មាធិបតីព្រះសង្ឃរាជ ទេព លឿង ត្រូវគេតម្កល់ក្នុងព្រះកោដ្ឋធំ តែមិនទាន់បានថ្វាយព្រះភ្លើងផង ពេលនោះពួកខ្មែរក្រហមបានទទួលជ័យជម្នះលើរបបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ ហើយប្រទេសជាតិក៏ធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍អស់រយៈកាល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ។
ក្រោយថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ ពេលទៅរកមើលបាត់ទាំងព្រះកោដ្ឋ បាត់ទាំងព្រះបរមសពរបស់សម្ដេចព្រះសុធម្មាធិបតី ព្រះសង្ឃរាជ ទេព លឿង ដោយមិនដឹងថាបាត់ទៅដោយមូលហេតុអ្វី ក្នុងស្ថានភាពបែបណា និងពេលណាទេ។
សម្ដេចព្រះសុធម្មាធិបតី ព្រះសង្ឃរាជ ទេព លឿង ប្រសូតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៨៨៣ ត្រូវនឹងឆ្នាំមមែ ព.ស. ២៤២៧ នៅភូមិរានាមត្នោត ឃុំអង្គប្រាសាទ ស្រុកគិរីវង្ស ខេត្តតាកែវ។ បិតានាមទេព ង៉ែត និងមាតានាមទួត អុង។
សម្ដេចព្រះសុធម្មាធិបតីព្រះសង្ឃរាជ ទេព លឿង ពីដំបូងបានបួសរៀននៅវត្តទេពប្រណម្យ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ហើយបន្ទាប់មក ព្រះអង្គបានចាកចេញពីវត្តនោះទៅស្នាក់នៅវត្តនួនមុនីរាម ហៅវត្តថាន់ ក្រុងភ្នំពេញដើម្បីរៀនបាលី។
ខណៈគង់នៅភ្នំពេញ សម្ដេចព្រះសុធម្មាធិបតី ព្រះសង្ឃរាជ ទេព លឿង មានឱកាសបានទៅរៀននៅប្រទេសថៃអស់រយៈពេល២០ឆ្នាំឯណោះ។ ពេលត្រលប់មកពីប្រទេសថៃ ព្រះអង្គបានគង់នៅវត្តនួនមុនីរាម ក្រុងភ្នំពេញវិញ។
នៅព.ស២៥១០ គ.ស១៩៦៦ ព្រះតេជគុណ ទេព លឿង បានឡើងជាព្រះសង្ឃនាយកស្ដីទីគណៈធម្មយុត្តិកនិកាយ រួចបន្ទាប់មកព្រះអង្គបានឡើងជាសម្ដេចព្រះសង្ឃនាយក ក្រោយពីសម្តេចព្រះសង្ឃរាជភុល ទេស សោយព្រះទិវង្គត។
គ្រងតំណែងជាសម្ដេចព្រះសង្ឃនាយកបានពេលរយៈជាង១ឆ្នាំ ព្រះតេជគុណ ទេព លឿង បានផ្លាស់ចេញពីវត្តនួនមុនីរាម ទៅគង់នៅវត្តបទុមវតីរាជវរារាម ។
នៅព.ស. ២៥១៤ គ.ស. ១៩៧០ ព្រះតេជគុណទេព លឿង បានឡើងឋានៈជាសម្ដេចព្រះសង្ឃរាជគណៈធម្មយុត្តិកនិកាយ៕ ដោយ ចន្ទ្រ អក្ខរា