សារព័ត៌មានពុទ្ធសាសនា

វត្តមួយល្បីឈ្មោះតាមរយៈបទចម្រៀងលោក ស៊ីន ស៊ីសាមុត តែមហាជនមិនដឹងវត្តនេះមានប្រវត្តិបែបណាទេ ?

Image default
ប្រវត្តិទីអារាម

បទចម្រៀង «ម្លប់ដូងទី១០» របស់អធិរាជសំឡេងមាសស៊ីន ស៊ីសាមុត បានរំលេចឈ្មោះវត្តមួយ គឺវត្តពោធិ៍។ តាមរយៈចុងប៉ាកការបស់កវីគង្គ ប៊ុនឈឿន បានរាយទំនុកថា «មើលស្ទឹងសង្កែមើលខ្សែទឹកហូរ រគាំងវត្តពោធិ៍ លាយនឹងជំនោរថ្ងួចថ្ងូរផ្តាំទឹកជំនន់ រៃយំទ្រហឹងលាស្ទឹងកវីនិពន្ធ សូរិយាទោរទន់ពួនក្រោយផ្ទះស្រី»… ។

តើវត្តពោធិ៍ដែលមហាជនស្គាល់ឈ្មោះតាមរយៈបទចម្រៀងនេះ ស្ថិតនៅភូមិណា មានប្រវត្តិបែបណា ?
ប្រិយមិត្តអ្នកនិយមស្ដាប់បទចម្រៀងលោក ស៊ីន ស៊ីសាមុត ជាច្រើន កាលពីពេលថ្មីៗកន្លងមកនេះសុទ្ធតែថា ស្គាល់ឈ្មោះវត្តពោធិ៍ តាមរយៈបទចម្រៀងម្លប់ដូងទី១០នោះ តែថាមិនដឹងទីតាំងវត្តនៅភូមិណាទេ ក្រៅពីដឹងតែតាមរយៈបទចម្រៀងថានៅតាមដងស្ទឹងសង្កែនៃខេត្តបាត់ដំបង ហើយក៏មិនដែលឃើញរូបរាងវត្ត និងមិនដឹងប្រវត្តិនៃវត្តនោះបែបណាទេ ។

លោក ចាន់ ពី និយាយថាបទ «ម្លប់ដូងទី១០» ជាបទមួយក្នុងចំណោមបទជាច្រើនដែលខ្ញុំនិយមចូលចិត្តស្ដាប់ ហើយខ្ញុំចូលចិត្តទាំងច្រៀងលេងទៀតផង។ ដូច្នេះហើយខ្ញុំស្គាល់ឈ្មោះវត្ត «ពោធិ៍» តាមរយៈចម្រៀងនេះ តែខ្ញុំមិនដឹងវត្តនេះមានប្រវត្តិកកើតបែបណាទេ។

ក្នុងបទចម្រៀងអ្នកនិពន្ធហៅខ្លីត្រឹមតែ «វត្តពោធិ៍» តាមពិតឈ្មោះពេញគឺ «វត្តពោធិ៍វាល»។ ឯកសារចងក្រងដោយអតីតព្រះចៅអធិការវត្តព្រះនាម អ៊ីវ ទួត ពណ៌នាថា កាលពីមុនឆ្នាំ១៩៧៥ វត្តនេះស្ថិតក្នុងឃុំវត្តសង្កែ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានកសាងនៅខែពិសាខ ឆ្នាំខាល សំរឹទ្ធិស័ក ពុទ្ធសករាជ ២៣៦១ ត្រូវនឹងគ្រឹស្តសករាជ១៨១៨ ក្នុងរជ្ជកាលសម្តេចព្រះឧទ័យរាជាធិរាជម្ចាស់អង្គច័ន្ទ ហើយលោកអភ័យទីបេស រស់ ជាចៅហ្វាយស្រុក។

ទោះជាយ៉ាងណាក្ដីទីតាំងបច្ចុប្បន្ននៃវត្តពោធិ៍វាល បើតាមឯកសារ «កំណាព្យស្នេហ៍មាស» ចងក្រងដោយលោកគង្គ ប៊ុន ឈឿន សរសេរថាវត្តនេះស្ថិតនៅក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាត្រើយខាងកើតស្ទឹងសង្កែ ចំទល់មុខផ្សារធំបាត់ដំបង ឬផ្សារណាត់ ដែលពីមុនមកមានកំពង់ចម្លងទៅមក អ្នកស្រុកហៅថា កំពង់ចម្លងវត្តពោធិ៍វាល។

បើតាមឯកសារចងក្រងដោយអតីតព្រះចៅអធិការវត្តព្រះនាម អ៊ីវ ទួត ដដែលឱ្យដឹងថា ដើមហេតុនាំឱ្យគេដាក់ឈ្មោះថា «វត្តពោធិ៍វាល» ព្រោះបរិវេណវត្តជាទួលមានវាលស្រែជុំវិញ និងមានដើមពោធិ៍មួយដើមធំនៅខាងលិចទួល។ ដើមពោធិ៍នេះមានវ័យចំណាស់ ហើយក្នុងអំឡុងពេលនោះគ្មានអ្នកស្រុកណាកើតទាន់ទេ។

ដីស្រែទួលនោះជាកម្មសិទ្ធិរបស់ គុជ្ជស័ក្យសូរ ហើយលោកជាអ្នកផ្តួចផ្តើមគំនិតកសាងវត្ត ក្រោយពេលជីករកឃើញពុទ្ធបដិមា និងសន្លឹកសីមាពីក្នុងដី។ ការជីកឃើញនេះតាមការប្រាប់ហេតុភេទចម្លែកពីលោកភូវាំងកែ និងយាយពត ដែលធ្វើស្រែនៅជិតទួលនោះ។

ដោយឡែកសំណង់ព្រះវិហារដែលនៅមានរូបរាងមកទល់បច្ចុប្បន្ននេះ ចាប់ផ្តើមកសាងនៅព.ស.២៤៩២ គ.ស.១៩៥១ រហូតដល់ព.ស.២៥០២ ក្នុងរជ្ជកាលព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដែលមានព្រះមុនីកោសល អ៊ីវ ទួត ជារាជាគណៈមេគណខែត្រ និងអ្នកឧកញ៉ារាជប្រតិភូ ផូរ ព្រឿង កាន់កាប់ទីរួមខែត្របាត់ដំបង។ ព្រះមហាក្សត្របានព្រះរាជទានព្រះរាជទ្រព្យចំនួន៦០០០០រៀល ក្នុងចំនួនសរុបត្រូវចំណាយអស់៤.០០៧.០៨៤រៀល។ លោកតឹង រឿត ជាស្ថាបត្យករនៃសំណង់ព្រះវិហារនោះ។

នៅមុនឆ្នាំ១៩៧០ វត្តពោធិ៍វាល មានព្រះវិហារ២ គឺព្រះវិហារដែលកសាងថ្មីនៅឆ្នាំ១៩៥១នោះ និងមួយទៀតជាព្រះវិហារបុរាណកសាងអំឡុងចុងសតវត្សរ៍ទី១៩ ស្ថិតនៅខាងក្រោយព្រះវិហារថ្មី ដែលក្រោយមកបានប្រែក្លាយជាសារមន្ទីរ។ ព្រះវិហារបុរាណនោះប្រហែលជាវាយចោលនៅឆ្នាំ១៩៦៥ ដោយសារការពង្រីកទំហំសារមន្ទីរ។

ក្រៅពីព្រះវិហារកម្ពស់២ជាន់ដ៏ស្កឹមស្កៃ វត្តពោធិ៍វាលមានសំណង់អគារបេតិកភណ្ឌបន្សល់ទុកពីសម័យអាណានិគមបារាំងជាច្រើនផងដែរ៕ ដោយ ចន្ទ្រ អក្ខរា

អត្ថបទផ្សេងៗដែលលោកអ្នកគួរយល់ដឹង

វត្តរាប់រយនៅកម្ពុជាក្រោម វត្តខ្លះមានតាំងពីមុនសម័យអង្គរ ?

BCNews02

វត្តកែវក្នុងចម្រៀងលោកស៊ីន ស៊ីសាមុត នៅទីណា មានប្រវត្តិបែបណា ?

BCNews02

ខ្លោងទ្វារដ៏ប្រណីតនៃវត្តរាជបូព៌រចនាបញ្ចូលគ្នារវាងក្បាច់ចម្លាក់ប្រាសាទចំនួន៣

admin