សារព័ត៌មានពុទ្ធសាសនា

តើបញ្ញវន្តសង្ឃអង្គណាដែលបាននិមន្តទៅបកប្រែគម្ពីរព្រះត្រៃបិដក នៅប្រទេសចិន ក្នុងសម័យហ្វូណន?

Image default
ឥស្សរសង្ឃ


បើយោងតាមឯកសារប្រវត្តិពុទ្ធសាសនានៅប្រទេសកម្ពុជា របស់ព្រះភិក្ខុ វីរិយបណ្ឌិតោ ប៉ាង ខាត់ ត្រង់ទំព័រ៤៦ បានសរសេរថា នៅសម័យហ្វូណន ឬអាណាចក្រភ្នំ ក្នុងរាជ្យ​ព្រះបាទ​កៅណ្ឌិន្យជ័យរវ្ម័ន​ ចន្លោះចុងគ.ស. ទី៥ និងដើមស.ត. ទី៦ មានព្រះសង្ឃពុទ្ធសាសនាពីរអង្គដែលបានរៀនសូត្រខ្ពង់ខ្ពស់ ចេះដឹងធម៌វិន័យ និងភាសា​បរទេសផ្សេងៗ​​​ យ៉ាងស្ទាត់ជំនាញ មានភាសាបាលី សំស្រ្កឹត និងចិន ជាដើម។ លោកទាំង​ពីរអង្គ​នោះ មាន​ព្រះនាម​ថា “សង្ឃវ្ម័ន ឬសង្ឃបាលោ” ហៅតាមសំនៀងចិនថា “សេង បោលោ” និង “មន្ទ្រត្ថេរ ឬមន្ទ្រសេនត្ថេរ” ហៅតាម​សំនៀងចិនថា “ម៉ាន់ ទោលោសេន” ។

បើយោងតាមឯកសារគម្ពីរវិមុត្តិមគ្គ របស់ធម្មបណ្ឌិត ហេង មណីចិន្តា ត្រង់ទំព័រ៣ធំ បានលើកឡើងថា នៅក្នុងសម័យនោះ ប្រជារាស្រ្តធម្មតាមិនអាចមានលិទ្ធភាពរៀនសូត្រភាសាសំស្រ្កឹត ឬចំណេះដឹងពុទ្ធ​សាសនា​​ដោយជ្រៅជ្រះទេ បើសិនជាមិនស្ថិតនៅក្នុងវណ្ណៈខ្ពស់ ឬជាប់ខ្សែស្រឡាយព្រះរាជវង្ស ទាំងដែលមានព្រះនាម​ល្បីល្បាញដោយមិនមានការបៀតបៀនពីបណ្តាពួកព្រហ្មណ៍ទាំងឡាយ។ ត្រង់ចំណុចនេះ លោកធម្មបណ្ឌិត ហេង មណីចិន្តា បានបញ្ជាក់ទៀតថា ព្រះចៅអធិរាជចិន ព្រះនាម វូ ​ទ្រង់ប្រាកដជាជ្រាបច្បាស់ពីភាពល្បីល្បាញ​នៃចំណេះ​ដឹងផ្នែកពុទ្ធសាសនា និងភាសាបរទេសរបស់ព្រះសង្ឃហ្វូណន​ និងជាពិសេសទៅទៀត នគរហ្វូណន​គឺប្រាកដជាមាន​ទំនាក់ទំនងនយោបាយការទូតល្អជាមួយនឹងនគរ​ចិន ទើបទ្រង់បានបញ្ជូនរាជទូតម្នាក់ មកកាន់​នគរ​​ហ្វូណន ដើម្បី​ឲ្យទៅជួយប្រែ​គម្ពីរព្រះត្រៃ​បិដក​ នៅប្រទេស​ចិន​។

បន្ទាប់ពីសង្ឃវ្ម័នបាននិម​ន្តទៅដល់ប្រទេសចិននាសម័យរាជវង្សលាង នៅឆ្នាំ ៥០៦ ព្រះចៅអធិរាជវូ ទ្រង់​បាន​គោរពលើកតម្កើងទុកជាព្រះរាជគ្រូ និងទ្រង់បានប្រទានទីស្នាក់ការចំនួន៥កន្លែង​ សម្រាប់ព្រះអង្គបកប្រែ​គម្ពីរ​ពុទ្ធសាសនាផ្សេងៗ ជាភាសាចិន។ ព្រះសង្ឃវ្ម័នត្ថេរ បានបំពេញការងារក្នុងការបកប្រែអស់រយៈពេល១៧ឆ្នាំ បើតាមឯកសាររបស់ធម្មបណ្ឌិត ហេង មណីចិន្តា (តាមអត្ថបទព្រះភិក្ខុប៉ាង ខាត់ថា១៦ឆ្នាំ)។ ស្នាដៃដែលព្រះអង្គ​បានបកប្រែមានចំនួន១១ប្រភេទ ឬ៤៨កណ្ឌ បើតាមភាសាចិន។ សមិទ្ធផលដែលកើតចេញពីការបកប្រែរបស់​ព្រះអង្គ មានភាពច្បាស់លាស់ និងត្រឹមត្រូវល្អណាស់។ ក្នុងចំណោមគម្ពីរដែលព្រះអង្គបកប្រែ មានភាពល្បី​ល្បាញ និងលិចធ្លោជាងគេបំផុត​ នោះគឺ“គម្ពីរវិមុត្តិមគ្គ” (បានបកប្រែជាភាសាខ្មែរ ដោយធម្មបណ្ឌិត ហេង មនី ចិន្តា បោះពុម្ភនៅឆ្នាំ២០១០ រចនាដើមដោយព្រះឧបតិស្សត្ថេរ មាន​អាយុ​កាល​ចាស់​ជាងគម្ពីរវិសុទ្ធិមគ្គរបស់​ព្រះ​ពុទ្ធឃោសាចារ្យ តែហាក់មានខ្លឹមសារស្រ​ដៀងគ្នា)។

ព្រះសង្ឃវ្ម័នបានទទួលអនិច្ចធម្ម ក្នុងព្រះជន ៦៥ឆ្នាំ នៅគ.ស. ៥២៤ លើទឹកដីប្រទេសចិន ហើយព្រះ​មន្ទ្រសេនត្ថេរ បានបន្តបកប្រែគម្ពីរមួយចំនួនទៀត តែព្រះអង្គមិនសូវមានជំនាញភាសាចិនគ្រប់គ្រាន់ ដូច្នេះ​ហើយ​ស្នាដៃរបស់​ព្រះអង្គទាំងប៉ុន្មានមិនសូវមានភាពល្បីល្បាញ និងទទួលការលើកតម្កើងដូចព្រះ​សង្ឃវ្ម័នត្ថេរ​ឡើយ។ បើយោង​តាមឯកសាររបស់ព្រះភិក្ខុប៉ាង ខាតដដែល ព្រះសង្ឃវ្ម័នត្ថេរ បានបូជាជីវិត​ចំពោះ​ព្រះ​ពុទ្ធសាសនានៅលើទឹកដី​នៃប្រទេសចិនដោយមិនមានការរារែក ព្រោះព្រះអង្គមានព្រះទ័យដក់ជាប់ នៅក្នុង​ការ​ផ្សព្វផ្សាយព្រះធម៌​របស់​ព្រះ​​ជិន​ស្រីដែលជាមាគ៌ាដ៏ប្រសើរនៃការរំដោះទុក្ខសត្វលោក​ នៅពេលដែល​ព្រះ​អង្គ​បានឮដំណឹងថា​ព្រះមហា​ក្សត្រ​ខ្មែរ​​នឹងបញ្ជូនព្រះអង្គទៅជួយបកប្រែគម្ពីរពុទ្ធ​​សាស​នានៅនគរចិន ព្រះអង្គបាន​យល់ព្រមនិមន្តទៅភ្លាម ដោយ​​មិនគិតពីគ្រោះថ្នាក់ដល់ជីវិតនៅលើផ្លូវសមុទ្រឡើយ។

ព្រះនាមរបស់ព្រះសង្ឃវ្ម័នត្ថេរ និងមន្ទ្រសេនត្ថេរដែលជាបុព្វសមណៈ​ខ្មែរ បានចារទុកនៅក្នុងគម្ពីរ​ព្រះត្រៃ​បិ​ដក​ចិន ទាំងទីស្នាក់ការបកប្រែរបស់ព្រះអង្គ ក៏ត្រូវបានថ្នាក់ដឹកនាំចិនថែរក្សាទុករហូតមកទល់នឹងសព្វថ្ងៃនេះ ។ នៅ​ក្នុងអត្ថបទរបស់ព្រះភិក្ខុប៉ាង ខាត់ដដែល បានសេរសេរទៀតថា “កាលសម្តេចព្រះឧបយុវរាជសីហនុវ្ម័ន ស្តេចយាងទៅ​ប្រទេសចិនក្នុងគ.ស. ១៩៥៦ អំឡុងសម័យសសង្គមរាស្រ្តនិយម កាលនោះអធិបតី​សមាគម​ពុទ្ធសាសនាចិន​បានយកសេចក្តី​បក​ប្រែ​ជាស្នាព្រះ​ហស្ថនៃព្រះមហាថេរៈទាំងពីរអង្គ មកថ្វាយសម្តេចទុក​ជា​សក្ខី​ភាពនៃមិត្តភាពខ្មែរ-ចិន ដែលមាន​អាយុ​កាលជាង១៥០០ឆ្នាំហើយ” ។

ជាការពិតណាស់ សង្ឃវ្ម័នត្ថេរ និងមន្ទ្រសេនត្ថេរ គឺជាបុព្វវីរសមណៈខ្មែរ ជាវីរបញ្ញវន្តគំរូ និង​ជាពហូសូតចេះចាំចំណាំនូវពុទ្ធវចនៈ​ច្បាស់​ប្រាកដ ក្នុងសម័យហ្វូណន ឬអាណាចក្រភ្នំ បានលើកមុខមាត់ជាតិ និងពុទ្ធសាសនាឲ្យរីកចម្រើនខ្ពង់ខ្ពស់។ អ្វីដែលអស្ចារ្យបំផុតនោះគឺ ធ្វើឲ្យជាតិសាសន៍ដទៃទទួលស្គាល់ មានប្រទេសចិនជាដើម តាមរយៈសមត្ថភាព និងចំណេះដឹងដ៏ជ្រៅជ្រះរបស់លោក ។ ដូច្នេះក្នុងនាម​ជាកុល​បុត្រខ្មែរជំនាន់ក្រោយ ទាំងព្រះសង្ឃក្តីទាំងគ្រហស្ថក្តី គួរខិតខំរៀនសូត្រឲ្យបានខ្ពង់ខ្ពង់ ទើបធ្វើឲ្យជាតិ​យើង​ចម្រើនរុងរឿង ដូចមានសង្ឃវ្ម័នត្ថេរ និងមន្ទ្រសេនត្ថេរជាទឡ្ហីករណ៍ស្រាប់ ៕ លោកម្ចាស់​ សឿន​ សុភា

អត្ថបទផ្សេងៗដែលលោកអ្នកគួរយល់ដឹង

តើធ្លាប់ដឹងទេ រូបសំណាកព្រះពុទ្ធមួយអង្គត្រូវគេកែពីរូបព្រះបាទជ័យវរ្ម័នទី៧?

BCNews02

កិច្ចសម្ភាសន៍ពិសេសស្ដីពី “ទោសនៃការទទួលទានស្រា”

admin

កិច្ចសម្ភាសន៍ពិសេសស្តីពី “ព្រះសង្ឃនិងការពង្រឹងចំណេះដឹងហិរញ្ញវត្ថុ” | ភាគ២

admin