សារព័ត៌មានពុទ្ធសាសនា

ព្រះមហាវិរិយបណ្ឌិតោ ប៉ាង-ខាត់ ៖ ជនបរទេសចាត់ទុកបឹងទន្លេសាប ដូចជាទឹកដោះម្ដាយរបស់ពួកគេ

Image default
ព័ត៌មានថ្មីៗ

កម្ពុជា ជាប្រទេសមួយ នៅតំបន់អាស៊ី-អាគ្នេយ៍ សម្បូណ៌ទៅដោយទ្រព្យសម្បត្ដិដ៏កម្រគ្រប់បែបយ៉ាង ហើយបុព្វបុរសជាដូនតាខ្មែរ បានខិតខំប្រឹងប្រែង តស៊ូ ថែរក្សា ការពាររក្សា ទុក រហូតមកដល់សព្វថ្ងៃនេះ ខណៈជនបរទេស តែងតែជញ្ជក់មាត់ចង់បាន ព្រោះពួកគេចាត់ទុកបឹងទន្លេសាប ប្រៀបបីដូចជាទឹកដោះម្ដាយរបស់ពួកគេ។

បើធម្មទេសនារបស់ព្រះមហាវិរិយបណ្ឌិតោ ប៉ាង-ខាត់ ដែលត្រូវគេបានថតទុក តាំងពីសម័យមុនមក មានថេរដីកា ថា «ប្រទេសកម្ពុជា ជាប្រទេសមួយសម្បូណ៌ទៅដោយទ្រព្យសម្បត្ដិគ្រប់បែបយ៉ាងទាំងអស់ ទាំងទ្រព្យសម្បត្ដិវប្បធម៌ អរិយធម៌ និង សម្បត្ដិធម្មជាតិផ្សេងៗទៀតយ៉ាងច្រើនឥតគណនា។ ដូច្នេះហើយ ជនបរទេស កាលណាពួកគេ មកដល់ប្រទេសកម្ពុជា ពួកគេតែងតែសម្លឹងមើលបឹងទន្លេសាប ប្រៀបបីដូចជាទឹកដោះម្ដាយរបស់ពួកគេ។ អ៊ីចឹង ពួកគេតែងតែជញ្ជក់មាត់ ចង់បានជាប់ជានិច្ច»។

ព្រះមហាវិរិយបណ្ឌិតោ ប៉ាង-ខាត់ មានថេរដីកាបន្ដ ថា «មនុស្សយើង កាលណាកើតមក រមែងត្រូវការទឹកដោះម្ដាយ ទើបអាចរស់បាន។ ដូច្នេះ ជនបរទេស តែងតែចាត់ទុកបឹងទន្លេសាប ប្រៀបបីដូចជាទឹកដោះម្ដាយរបស់ពួកគេអ៊ីចឹងដែរ។ ពួកគេចូលមកដល់ប្រទេសកម្ពុជា គឺពួកគេមិនចាំបាច់ នាំយកអ្វីមកជាមួយនោះឡើយ ហើយពួកគេក៏អាចរស់នៅបានដែរ  ដោយសារតែការចាប់ត្រី នៅក្នុងបឹងទន្លេសាបរបស់យើង យកទៅលក់ដូរ សម្រាប់ទិញបាយទឹក នំ ចំណី យកមកបរិភោគ និង ធ្វើមានបាន។ ដោយសារបឹងទន្លេសាបនេះ ជាកន្លែងសម្បូណ៌ធនធានបែបនេះ ទើបជនបរទេស ចាត់ទុកបឹងនេះ ប្រៀបបីដូចជាទឹកដោះម្ដាយរបស់ពួកគេ ហើយពួកគេតែងតែចង់បាន រហូតមកដល់សព្វថ្ងៃនេះ»។

ព្រះមហាវិរិយបណ្ឌិតោ ប៉ាង-ខាត់ មានថេរដីកាបន្ដ ថា «ទឹកដីនេះ មានសុខដុមរមនា ក៏ដោយសារតែមានអ្នកលះបង់ជីវិត ដើម្បីការពារ។ អ៊ីចឹងយើងត្រូវតែបន្ដការពារទឹកដីមួយនេះឲ្យបានគង់វង្ស។ ជីវិតមនុស្ស តែងតែត្រូវស្លាប់ទៅវិញ ជារឿងធម្មតា តែការស្លាប់មានលក្ខណៈផ្សេងពីគ្នា អ្នកខ្លះសុខចិត្តលះបង់ជីវិត ដើម្បីការពារទឹកដី ការពារជាតិសាសន៍ ការពារសាសនា ការពារឪពុកម្ដាយ និង គ្រួសារ។ ប្រសិនបើបុព្វបុរស មិនបានលះបង់ដូច្នេះទេ ប្រាកដណាស់ យើងពិតជារស់នៅមិនមានសេចក្ដីសុខ ដកដង្ហើមក៏មិនសុខស្រណុកស្រួល  ហូបបាយក៏មិនបានសុខដែរ។ បើអ្នកសុំសីលវិញ ក៏មិនអាចនៅអង្គុយសូត្រធម៌ ឬ សមាទានសីល៥ រួមមាន៖  បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ…ជាដើម ហើយក៏មិនអាចអង្គុយស្ដាប់ធម៌ទេសនាបាននោះដែរ។ ដោយសារតែមានអ្នកលះបង់ជីវិត ការពារទឹកដី ទើបអ្នកក្រោយមានសេចក្ដីសុខ។ ដូច្នេះយើងត្រូវតែការពារទឹកដីរបស់យើង»។

សូមជម្រាប ថា ព្រះវិរិយបណ្ឌិតោ ប៉ាង ខាត់ ជាក្រុមជំនុំព្រះត្រៃបិដក ហើយព្រះអង្គ ក៏ជាអ្នកបកប្រែហិតោបទេស ជាភាសាសំស្ក្រឹតរបស់បណ្ឌិតនារាយណៈ មកជាភាសាខ្មែរ។ ភិក្ខុ ប៉ាង ខាត់ ឥតមានងារ នៅក្នុងរាជាគណៈសង្ឃ នោះទេ ព្រោះព្រះអង្គ មិនមែនជាសង្ឃ ដែលស្វះស្វែងបុណ្យស័ក្តិយសនោះឡើយ។

ភិក្ខុ ប៉ាង ខាត់ ធ្វើជាសាស្ត្រាចារ្យភាសាសំស្រ្កឹត និង ភាសាបាលី នៅសាកលវិទ្យាល័យព្រះសីហនុរាជភ្នំពេញ។ ទន្ទឹមនឹងភារកិច្ច នៅសាកលវិទ្យាល័យព្រះសីហនុរាជ នោះ ភិក្ខុ ប៉ាង ខាត់ ក៏បានទៅបង្រៀន «ការសិក្សាអក្សរថ្ម និង ខ្មែរបុរាណ» និង «ប្រវត្តិសាសនាឥណ្ឌា និង ខ្មែរ» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផងដែរ។

ភិក្ខុ ប៉ាង ខាត់ បានបង្រៀនភាសាបាលី អស់រយៈពេលជាច្រើនឆ្នាំ នៅសាលាបាលីជាន់ខ្ពស់នៅទីក្រុងភ្នំពេញ ដោយមានព្រះពោធិវ័ង្ស ហួត តាត ជាចាងហ្វាងសាលាបាលីជាន់ខ្ពស់ និង  ជាអធិបតីក្រុមជំនុំព្រះត្រៃបិដក គឺជាអតីតគ្រូអាចារ្យរបស់លោក។ បន្ទាប់មក ភិក្ខុ ប៉ាង ខាត់ បានបង្រៀនភាសាសំស្រ្កឹត នៅសាកលវិទ្យាល័យព្រះសីហនុរាជ នាក្រុងភ្នំពេញ រហូតដល់ ឆ្នាំ១៩៧៥។ ភិក្ខុ ប៉ាង ខាត់ បានបង្រៀន នៅមហាវិទ្យាល័យអក្សរសាស្រ្ដ និង មនុស្សសាស្ត្រភ្នំពេញ រហូតដល់ឆ្នាំ១៩៧៥។

ភិក្ខុ ប៉ាង ខាត់ ជាអ្នកស្រាវជ្រាវដ៏ល្បីល្បាញ នៅក្នុងចំណោមអ្នកស្រាវជ្រាវជាតិ និង អន្តរជាតិ។ សាលាបារាំងចុងបូព៌ាប្រទេស បានតែងតាំងព្រះអង្គ ជាសមាជិកឆ្លើយឆ្លង នៅឆ្នាំ១៩៤៨ និង ឆ្នាំ១៩៥៤។ ភិក្ខុ ប៉ាង ខាត់ ជាអ្នកប្រាជ្ញជាតិម្នាក់ ដែលប្រជាជាតិខ្មែរ មិនអាចបំភ្លេចបាន។ ព្រះអង្គ បានបន្សល់ទុកស្នាដៃយ៉ាងច្រើន សម្រាប់ខ្មែរជំនាន់ក្រោយ ហើយព្រះអង្គបានបង្ហាត់បង្រៀនព្រះសង្ឃ និង និស្សិត នៅសាកលវិទ្យាល័យព្រះសីហនុរាជ និង សាកលវិទ្យាល័យភូមិន្ទ ជាច្រើនជំនាន់។ សិស្ស និង និស្សិតចាស់ៗរបស់ព្រះអង្គ ក្រោយមកខ្លះបានក្លាយខ្លួន ជាគ្រូ ខ្លះជាសាស្ត្រាចារ្យ និង ជាអ្នកស្រាវជ្រាវផ្នែកភាសា អក្សរសាស្ត្រ និង វប្បធម៌៕ ដោយលោក ណុប ស៊ីន

អត្ថបទផ្សេងៗដែលលោកអ្នកគួរយល់ដឹង

តើការចុះមូលដ្ឋានរបស់សម្តេចធិបតី ជាការសម្តែង ឬជាការគិតគូពីពលរដ្ឋនិងប្រទេសជាតិ?

BCNews02

ប្រសាសន៍របស់លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល​ ទាក់ទងនឹងអនុក្រឹត្យស្តីពីទិវាពុទ្ធសាសនាអន្តរជាតិ ដោយស្របទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជា បានចែង​ថា “ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ”

BCAdmin

វត្តភ្នំខ្លែងដ៏សក្ដិសិទ្ធិ សម្ដេចតេជោ ហ៊ុន សែន ក៏មានជំនឿគោរពបូជា

BCNews02