រាជធានីភ្នំពេញ៖ អ្នកខ្លះបានលើកឡើងថា ធ្វើជាព្រះសង្ឃទៅហើយ ហេតុអ្វីបែរជាមកប្រព្រឹត្ដ អំពើហិង្សាបែបនេះ ទៅលើស្រ្ដីភេទ? មតិខ្លះថា ការធ្វើអំពើបែបនេះ មានប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើព្រះសង្ឃទូទៅផ្សេងទៀត នៅក្នុងព្រះពុទ្ធសាសនា។ ការលើកឡើងជាមតិផ្សេងៗនេះ ក្រោយពេលមានសេចក្ដីរាយការណ៍ ចោទប្រកាន់ទៅលើភិក្ខុមួយអង្គ ជាសង្ឃទ្រុស្ដសីល បានចាក់ប្រហារទៅលើនារីវ័យក្មេងម្នាក់ កាលពីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅក្នុងវត្ដថាន់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមលោកសាស្រ្ដាចារ្យទុម ប៊ុនធារ សាស្រ្ដាចារ្យ នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បានមានប្រសាសន៍ ថា ក្រោយពេលមានសេចក្ដីរាយការណ៍បែបនេះ គាត់បានសាកសួរទៅកាន់សមណសិស្សជាច្រើនអង្គរបស់គាត់ដែរ ហើយព្រះអង្គជាសិស្សទាំងនោះ មានថេរដីកា ថា ភិក្ខុអង្គដែលបានប្រព្រឹត្ដខុសឆ្គង ចាក់ប្រហារទៅលើនារីរងគ្រោះនោះ មាននាម ខឹម វាសនា។ ភិក្ខុអង្គនេះ បានបួសហើយតែអត់បានរៀនសូត្រអ្វីទាំងអស់និងរស់នៅមិនសូវ ជាចេះចុះសម្រុងនឹងព្រះសង្ឃផ្សេងៗទៀតនោះឡើយ។ ករណីនេះ ជាបញ្ហារបស់បុគ្គល ក៏មិនមែនជាព្រះសង្ឃបួសហើយ ប្រតិបត្ដិដ៏ត្រឹមត្រូវតាមពុទ្ធោវាទនោះដែរ។ លោកសាស្រ្ដាចារ្យរូបនេះ បាននិយាយយ៉ាងខ្លីថា បុគ្គលនេះ ខ្វះការអប់រំឬមិនបានរៀនសូត្រ អំពីពុទ្ធសាសនាឲ្យបានជ្រៅជ្រះ គឺបួសតែកាយ ខណៈចិត្តនិងគំនិតមិនបានបួសនោះឡើយ។
ជុំវិញបញ្ហានេះ សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះមេគណរាជធានីភ្នំពេញ បានមានថេរដីកា នៅក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទ ជាមួយនឹងអ្នកសារព័ត៌មាន Buddhist Cambodia News ថា ជាការពិតណាស់ ព្រះពុទ្ធព្រះបរមគ្រូ តែងតែទូន្មាន អប់រំ ប្រៀនប្រដៅ ឬផ្ដល់ពុទ្ធោវាទទៅដល់ភិក្ខុ-សាមណេរនិងឧបាសក-ឧបាសិកាទាំងអស់ ត្រូវតែធ្វើ ឬ ប្រព្រឹត្ដនូវទង្វើល្អ។ ទោះជាតម្លៃប៉ុនណាក៏ដោយ ក៏ព្រះពុទ្ធនៅតែលើកទឹកចិត្តឲ្យមនុស្សធ្វើទង្វើល្អ ហើយមិនគាំទ្រដល់អំពើអាក្រក់នោះឡើយ។
ទាក់ទងនឹងការលើកឡើង អំពីសង្ឃទ្រុស្ដសីលមួយអង្គ នៅក្នុងវត្ដថាន់នោះ សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន មានថេរដីកាថា ករណីនេះ ជារឿងបុគ្គល ពោលគឺបុគ្គលនេះបានចូលមកបួស នៅក្នុងសំណាក់ព្រះពុទ្ធសាសនាហើយ តែបែរមិនប្រណិប័តន៍ទៅតាមវិន័យសិក្ខា ដែលព្រះពុទ្ធព្រះបរមគ្រូបានទ្រង់ពុទ្ធានុញ្ញាតនិងពុទ្ធប្បញ្ញត្ដិ។ សម្តេចមានថេរដីកាបន្តថា ការចូលមកបួសជាសង្ឃហើយ មិនបានរៀនសូត្រនិងក្រេបជញ្ជាក់នូវឱជារស នៃការអប់រំប្រៀនប្រដៅរបស់ព្រះពុទ្ធព្រះបរមគ្រូ ប្រៀបបី ដូចជាកង្កែបកំពុងតែរស់នៅក្រោមស្លឹកផ្កាឈូកហើយ តែបែរជាមិនដឹង អំពីរសជាតិនៃផ្កាឈូកថា មានរសជាតយ៉ាងដូចម្ដេចនោះឡើយ។
សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និង ជាព្រះមេគណរាជធានីភ្នំពេញ បានមានថេរដីកាបន្ថែមថា ជាការពិតណាស់ បើអ្នកបួសហើយបានរៀនសូត្រ និង ប្រតិបត្ដិទៅតាមវិន័យសិក្ខានៅក្នុងព្រះពុទ្ធសាសនា រមែងមិនបង្កជាបញ្ហានោះឡើយ។ ផ្ទុយទៅវិញ បើអ្នកបួសនោះ គ្រាន់តែលួចចូលមកសំងំជ្រក ក្រោមព្រះពុទ្ធសាសនាហើយ បែរជាអត់ខិតខំប្រឹងប្រែង រៀនសូត្រ ដើម្បីជាប្រយោជន៍ដល់ខ្លួនឯងនិងសង្គម រមែងបង្កជាបញ្ហា។ ព្រោះអត់ដឹងថា អ្វីខុសឬអ្វីត្រូវ និងអត់មានការអៀនខ្មាសចំពោះបាបកម្ម(អំពើអាក្រក់)និងអត់ខ្លាចបាប។
សូមជម្រាបថា កាលពីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ មានករណីសង្ឃទ្រុស្ដសីលមួយអង្គ បានចាក់ប្រហារទៅលើនារីវ័យក្មេងម្នាក់ នៅក្នុងវត្ដថាន់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ករណីហិង្សានេះ បានកើតឡើង ដោយសារតែការផ្ទុះរឿងប្រចណ្ឌ។ ប៉ុន្ដែក្រោយធ្វើសកម្មភាពរួចហើយ សង្ឃអង្គនេះ បានរត់គេចខ្លួនបាត់ ខណៈសមត្ថកិច្ចកំពុងតែតាមស្វែងរក។
បើតាមសេចក្ដីរាយការណ៍ចុងក្រោយភិក្ខុទ្រុស្ដសីលនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅចំណុចច្រកទ្វារព្រំដែនប៉ោយប៉ែត កម្ពុជា-ថៃ ស្ថិតនៅ ភូមិក្បាលស្ពាន១ ឃុំប៉ោយប៉ែត សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងតែចាត់ការតាមច្បាប់៕ ដោយ៖ លោក ណុប ស៊ីន