សារព័ត៌មានពុទ្ធសាសនា

តើធ្លាប់ដឹងទេ រូបសំណាកព្រះពុទ្ធមួយអង្គត្រូវគេកែពីរូបព្រះបាទជ័យវរ្ម័នទី៧?

Image default
ឥស្សរសង្ឃ

ចាត់ទុកថាជារឿងមិនគួរធ្វើបែបនោះទាល់តែសោះ តែវាបានកើតឡើងរួចទៅហើយ ហើយទំនងជាគ្មានករណីផ្សេងទៀតផង គឺការកែប្រែរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ទៅជាព្រះពុទ្ធរូបវិញ។ តើរូបសំណាកនោះស្ថិតនៅទីណា និងមានប្រវត្តិបែបណា?

នៅក្នុងបរិវេណនៃវត្តថាតហ្លួង(វត្តធាតុស្តេច) នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវបច្ចុប្បន្ន ចម្លាក់ថ្មមួយឆ្លាក់ជាក្បាច់ក្រឡោត តំណាងព្រះបាទជ័យវរ្ម័នទី៧ (គ.ស.១១៨១-១២១៨ ?) ស្ថិតក្នុងឥរិយាបទសមាធិ ដោយមានព្រះហស្តទាំង២លា ហើយដាក់គងលើគ្នាលើភ្លៅ ពោលគឺមិនមែនជាកាយវិការកំពុងប្រណម្យ ឬអញ្ជលីទេ។ នេះបើតាមឯកសារលោកបណ្ឌិត មីសែល ត្រាណេ។

ប្រភពដដែលពណ៌នាថា បើគេពិនិត្យព្រះរូបនេះឱ្យបានម៉ត់ចត់បន្តិច គេនឹងឃើញថា ព្រះកេសរបស់ចម្លាក់ត្រូវបានជួសជុលឡើងវិញ ដោយហេតុថា ឆ្នូតដើមនៃព្រះកេសាត្រូវវិចិត្រករឡាវ នៅស.វទី១៤ ឈូស ហើយជំនួសដោយក្បាច់កួចត្របាញ់ ដុំៗ។ រីឯផ្នួងសក់នៅលើព្រះកេស ជំនួសដោយកន្តុប ឬពក របស់ព្រះពុទ្ធអង្គវិញ ដែលតំណាងឱ្យឥទ្ធិពលពិសិដ្ឋ និងភាពឈ្លាសវៃគ្មានព្រំដែនរបស់ព្រះសម្មាសម្ពុទ្ធ។ ក្រៅពីនេះចម្លាក់ថែមទាំងលាបម្រ័ក្សណ៍ខ្មៅរលោងថែមទៀតផង ក្នុងពេលដែលព្រះបាទផាងុំ ស្តេចឡាវ(លាវ) ដំបូងបង្អស់បានកាន់កាប់ភូមិភាគនេះ។

ឯកសារលោកបណ្ឌិត មីសែល ត្រាណេ បញ្ជាក់ថា ដោយឥតសង្ស័យ គេអាចនិយាយបានថា ការកែប្រែ ឬការច្នៃរូបសំណាករបស់ព្រះបាទជ័យវរ្ម័នទី៧បែបនេះ គឺដើម្បីធ្វើឱ្យព្រះរូបរបស់ទ្រង់ក្លាយទៅជាព្រះពុទ្ធអង្គ ជាទីគោរពសក្ការៈ ដើម្បីមូលហេតុសាសនា។ ក៏ប៉ុន្តែទោះជាយ៉ាងនេះក្តីក៏ព្រះបដិមាដ៏សំខាន់សម្រាប់ប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជាបុរាណ បានរក្សានៅឡើយនូវលក្ខណៈមួយចំនួន ដែលបង្ហាញអំពីមនុស្សភាពនៃចម្លាក់ ដូចជា សំពត់ខ្មែរ និងផ្នួងសក់ជាដើម ដូចដែលមាននៅលើចម្លាក់មួយនៅសារមន្ទីរជាតិ ភ្នំពេញ ។

នៅមានឧទាហរណ៍សំខាន់មួយទៀត ដែលអាចសន្និដ្ឋានថា ព្រះរូបនៅវត្តថាតហ្លួង គឺពិតជារូបសំណាករបស់ព្រះបាទជ័យវរ្ម័នទី៧ គឺភាពរឹងមាំនៃដងខ្លួនដែលបង្ហាញតាមរយៈព្រះហស្ត និងព្រះបាតដែលប្រកបដោយកម្លាំងមាំមួន ដូចករណីនៃចម្លាក់មកពីប្រាសាទព្រះខ័នកំពង់ស្វាយ នៅខេត្តព្រះវិហារ ។

ដោយយោងលើលក្ខណសម្បត្តិទាំងប៉ុន្មាននេះ អាចសន្និដ្ឋានបានថា រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ដ៏ខ្លាំងពូកែ ពិតជាស្ថិតក្នុងឥរិយាបទសមាធិ ដូចករណីចម្លាក់មួយដែលបានរកឃើញនៅប្រាសាទព្រះខ័នកំពង់ស្វាយ ក្នុងខេត្តព្រះវិហារកន្លងមក ហើយដែលសព្វថ្ងៃរក្សាទុកក្នុងសារមន្ទីរជាតិភ្នំពេញ៕ ដោយ ចន្ទ្រ អក្ខរា

អត្ថបទផ្សេងៗដែលលោកអ្នកគួរយល់ដឹង

សម្ដេចពិន សែម បូជាជីវិតក្នុងពុទ្ធសាសនា ទោះបីជួបរឿងសោកនាដកម្មយ៉ាងក៏ដោយ

BCNews02

ព្រះពុទ្ធហីនយានចូលនិព្វានទៅហើយ នៅឡើយតែព្រះពុទ្ធមហាយានដែលរង់ចាំជួយស្រោចស្រង់មនុស្សលោក

BCNews02

ព្រះសង្ឃដើមកំណើតនៅខេត្តតាកែវ ពីរព្រះអង្គឡើងឋានៈសម្ដេចព្រះសង្ឃរាជ

BCNews02