សារព័ត៌មានពុទ្ធសាសនា

ព្រះគ្រូមហា ចារ សំសារ៉ូន៖ ដើម្បីមិនឱ្យតម្លៃព្រះសង្ឃធ្លាក់ចុះ អ្នកបួសត្រូវខិតខំរៀន

Image default
យុវជនការសិក្សា

បច្ចុប្បន្នព្រះសង្ឃខ្មែរជាច្រើនមានសមត្ថភាពខ្ពង់ខ្ពស់និងបានសិក្សាពីលោកខាងលិចបានច្រើន ខណៈអ្នកបួសមួយចំនួននៅក្នុងប្រទេសកំពុងខិតខំប្រឹងប្រែងសិក្សា និងលើកស្ទួយតម្លៃសង្ឃឲ្យខ្ពង់ខ្ពស់ល្អប្រសើរ។ បើគេក្រឡេកទៅមើលទៅអតីតកាល ព្រះសង្ឃខ្មែរ មានចំនួនច្រើនណាស់ ជាអ្នកចេះដឹងខ្ពស់ខ្ពស់ ជាបណ្ឌិត ឬជាអ្នកប្រាជ្ញ។ ហើយព្រះអង្គបានលះបង់ព្រះកាយពល កម្លាំងប្រាជ្ញាស្មារតី ខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាង សម្រាប់ជាតិ សាសនា រហូតអស់ព្រះជន្ម។ ជាក់ស្ដែង អ្នកប្រាជ្ញសង្ឃខ្មែរជាច្រើនបានអនិច្ចធម៌ នៅក្នុងអំឡុងពេលព្យាយាមបកប្រែព្រះត្រៃបដិក។ ខណៈព្រះអង្គដែលនៅមានព្រះជន្មបានបន្ដតស៊ូពុះពារកិច្ចការដ៏ធំសម្បើមនេះ រហូតទទួលបានជោគជ័យ ហើយបានធ្វើឲ្យប្រទេសជាច្រើន មានការកោតសរសើរ និងបានយកគំរូព្រះត្រៃបិដកប្រែជាភាសាខ្មែរ។

ទន្ទឹមនឹងការខិតខំសិក្សារបស់ព្រះសង្ឃ ព្រះមហាចារ សំសារ៉ូន សន្ដិបាលភិក្ខុ បានសរសេរបង្ហោះ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ព្រះអង្គ «Preahmaha Jaa-Somsaroun_Santipalo» កាលពីថ្ងៃ២៥ ខែសីហា បានលើកឡើងពីកំហុសមួយចំនួនរបស់អ្នកបួស ដែលអាចបណ្តាលឱ្យគុណតម្លៃព្រះសង្ឃធ្លាក់ចុះ។ កំហុសទាំងនោះរួមមាន៖
១.ចូលចិត្តសុំបច្ច័យបួន ឬថវិកាគ្រហស្ថ។ ២.និមន្តបិណ្ឌបាតទៅកាន់ទីអគោចរនិងគ្មានការសង្រួម។ ៣.លើកដៃសំពះឬថ្វាយបង្គំគ្រហស្ថ។
៤.ប្រព្រឹត្តប្រាសចាកធម៌វិន័យ សុំឱ្យគ្រហស្ថគាំទ្រ។ ៥.យកចិត្តគ្រហស្ថ ដើម្បីលាភ យសស័ក្តិ សក្ការ: និងតំណែង។ ៦.រៃអង្គាសថវិកា ថា យកមកជាធ្វើប្រយោជន៍រួម តែកិបកេងយកមក ជាប្រយោជន៍ផ្ទាល់ខ្លួន។ ៧.ស្រលាញ់លុយ លាភ កិត្តិយស តំណែងខ្លាំងក្លា ឧស្សាហ៍ឈ្លោះដណ្តើមគ្នា។ ៨.មិនចូលរួមធ្វើប្រយោជន៍ ការពារ ថែរក្សា លើកតម្កើងដល់ពុទ្ធសាសនា។ ៩.គោរពជំនឿអរូបី ខុសវិន័យរបស់ពុទ្ធសាសនា។ ១០.ឧស្សាហ៍បង្កជម្លោះ ក្នុងសហគមន៍សង្ឃ។ ១១.ចង់ធ្វើជាអ្នកធំ ព្រោះប្រាថ្នាលាភយសសក្ការ:។ ១២.ពេលមានបញ្ហាចូលដៃខាងគ្រហស្ថ មកបំបែកសង្ឃ។ ១៣.ចាក់សាក់បែបអ្នកលេង មិនសមជាអ្នកបួស។ ១៤.ប្រព្រឹត្តអបាយមុខ (ស្រី ស្រា ល្បែងភ្នាល់)។

បើតាមការលើកឡើងរបស់ព្រះអង្គ គឺចង់ឱ្យព្រះសង្ឃត្រូវតែខិតខំប្រឹងប្រែងនិងលើកតម្លៃរបស់ខ្លួនឯង។ ជាការពិតណាស់ ព្រះសង្ឃសម័យមុន មិនមែនខ្លាំងពូកែខាងចំណេះដឹង រហូតមានសមត្ថភាពប្រែព្រះត្រៃបិដកពីភាសាបាលី មកជាភាសាជាតិរបស់ខ្លួន ដោយភាពចៃដន្យនោះទេ។ ព្រះសង្ឃទាំងនោះ បានព្យាយាមសិក្សានិងមានវីរភាពមោះមុតខ្លាំង រហូតបណ្តាលឱ្យប្រទេសផ្សេងៗ មកស្នើសុំគំរូនៃការបកប្រែព្រះត្រៃបិដករបស់ខ្មែរ ធ្វើជាគោលដើម្បីយកគំរូតាម។ ព្រះសង្ឃបច្ចុប្បន្នក៏មានការលះបង់ និងខិតខំសិក្សាខ្លាំងណាស់ដែរ។ ហើយអនាគតគេរំពឹងថា ខ្មែរនឹងមានព្រះសង្ឃខ្លាំងៗច្រើនដូចអតីតកាលជាក់ជាមិនខានដើម្បីជាគំរូដល់យុវជនជំនាន់ក្រោយ៕
អត្ថបទដោយ៖ លោក ណុប ស៊ីនួន

អត្ថបទផ្សេងៗដែលលោកអ្នកគួរយល់ដឹង

តើ “នាមធម៌”និង“ឋាមពល” ដូចគ្នាឬខុសគ្នា?

BCNews02

ពុទ្ធបរិស័ទរៀបចំចង្ហាន់ប្រគេនបេក្ខជនព្រះសង្ឃក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

BCNews02

បេក្ខជនប្រលងសញ្ញាបត្រទុតិយភូមិ ត្រូវប្រយ័ត្នពីអ្វីខ្លះ?

BCNews02