ទឹកដីខេត្តតាកែវបានផ្ដល់កំណើតដល់ព្រះសង្ឃល្បីៗជាច្រើនអង្គ ក្នុងនោះមានពីរព្រះអង្គបានឡើងឋានៈកំពូលជាសម្ដេចព្រះសង្ឃរាជ និងសម្ដេចមហាសង្ឃរាជស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា។
ព្រះសង្ឃឋានៈកំពូលទាំងពីរអង្គនោះ គឺសម្ដេចព្រះសុធម្មាធិបតីព្រះសង្ឃរាជ ទេព លឿង គណៈធម្មយុត្តិកនិកាយ ពីឆ្នាំ១៩៦៦ ដល់ឆ្នាំ១៩៧៥(ព.ស ២៥០៩~២៥១៩ គ.ស)។
សម្ដេចព្រះសុធម្មាធិបតីព្រះសង្ឃរាជ ទេព លឿង ប្រសូតនៅថ្ងៃទី២ ខែកុម្ភៈ១៨៨៣ ឆ្នាំមមែ ព.ស២៤២៧ នៅភូមិរានាមត្នោត ឃុំអង្គប្រាសាទ ស្រុកគិរីវង្ស ខេត្តតាកែវ។ ដំបូងបួសរៀននៅវត្តទេពប្រមាណម្យ ឃុំអង្គប្រាសាទ ស្រុកគិរីវង្ស ខេត្តតាកែវ ហើយក្រោយមកសម្ដេចព្រះសុធម្មាធិបតីព្រះសង្ឃរាជ ទេព លឿង បានចាកចេញពីវត្តនៅស្រុកកំណើតនោះទៅរៀនបាលីនៅវត្តនួនមុនីរាម ហៅវត្តថាន់ នៅរាជធានីភ្នំពេញ។ ក្នុងបុព្វហេតុសិក្សាសម្ដេចព្រះសុធម្មាធិបតីព្រះសង្ឃរាជ ទេព លឿង បានទៅរៀននៅប្រទេសថៃរយៈពេល២០ឆ្នាំ ទើបវិលត្រឡប់មកគង់នៅវត្តនួនមុនីរាម វិញ។
នាឆ្នាំ១៩៦៦ ព្រះអង្គ ទេព លឿង បានឡើងឋានៈជាព្រះសង្ឃនាយកស្ដីទីគណៈធម្មយុត្តិកនិកាយ រួចហើយបានឡើងជាសម្ដេចព្រះសង្ឃនាយក។ ខណៈគង់នៅវត្តបទុមវតីរាជវរារាម សម្ដេចព្រះសុធម្មាធិបតីព្រះសង្ឃរាជ ទេព លឿង បានទទួលឋានន្តរសក្តិជាសម្ដេចព្រះសង្ឃរាជនាឆ្នាំ១៩៧០។ ព្រះអង្គសម្ដេចព្រះសុធម្មាធិបតីព្រះសង្ឃរាជ ទេព លឿង សោយព្រះទិវង្គត នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៧៥ ក្នុងព្រះជន្ម៩៣ព្រះវស្សា នៅវត្តបទុមវតី។
ចំណែកមួយព្រះអង្គទៀត គឺសម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ព្រះចៅអធិការវត្តបទុមវតី រាជធានីភ្នំពេញ។ លោកចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នាថ្ងៃទី២៦ ខែកុម្ភៈ ២០២៤បានចេញសេចក្តីសម្រេចប្រគល់ភារកិច្ចថ្វាយសម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ជា «សម្តេចមហាសង្ឃរាជស្តីទីនៃព្រះរាជាណាចក្រកម្ពុជា»។
សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ប្រសូតនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ១៩២៥ ត្រូវនឹងថ្ងៃ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ព.ស.២៤៦៨ នៅភូមិត្រពាំងវែង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ក្នុងវង្សត្រកូលកសិករ៕ ដោយ ចន្ទ្រ អក្ខរា