សារព័ត៌មានពុទ្ធសាសនា

តើការប្រើហិង្សាលើដើម្បីអប់រំសមណសិស្សត្រូវតាមពុទ្ធឱវាទឬទេ?

Image default
យុវជនការសិក្សា

ប្រជាពលរដ្ឋខ្មែរ បានគោរពប្រណិប័តន៍ព្រះពុទ្ធសាសនាអស់រយៈកាលរាប់សិបសតវត្សកន្លងមកហើយ។ ការប្រៀនប្រដៅរបស់ព្រះពុទ្ធ ផ្ដោតយ៉ាងសំខាន់ទៅលើការផ្ដល់ក្ដីមេត្ដា អាណិតអាសូរ មិនលម្អៀងនិងការផ្ដល់អភ័យដល់សព្វសត្វទាំងពួង។ វត្ដអារាមជាថ្នាលថែរក្សានិងបណ្ដុះបណ្ដាលនូវគុណធម៌ សីលធម៌ អរិយធម៌ វប្បធម៌សិល្បៈនិងចំណេះដឹងគ្រប់បែបយ៉ាង។ ប៉ុន្ដែក្រោយពេលមានវីដេអូខ្លីមួយបង្ហាញអំពីស្លាកស្នាមនៃអំពើហិង្សាលើព្រះសង្ឃតូចៗ ហើយបានគេបង្ហោះ នៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ ទើបមានការចោទជាសំណួរលើកឡើងថា តើនេះជារបៀបអប់រំ ឬជាការធ្វើទារុណកម្ម?

ព្រះអរិយមគ្គញ្ញាណ សូរ សារិទ្ធិ ព្រះចៅអធិការវត្តធុតង្គចំការដូងមានថេរដីកា ប្រាប់ដល់សារព័ត៌មាន Buddhist Cambodia News កាលពីថ្ងៃ២៩ សីហា ថា វិន័យរបស់ព្រះសង្ឃ អនុញ្ញាតឲ្យប្រើទណ្ឌកម្មដែរ តែមិនឱ្យធ្ងន់ធ្ងរពេកទេ។ បើអាណាចក្រវិញ កាលណាប្រើហិង្សាមានរបួសស្នាម អ៊ីចឹងខុសនឹងច្បាប់រដ្ឋហើយញោម(ឪពុកម្ដាយ) របស់ព្រះសង្ឃអង្គនោះអាចនឹងរងនូវប្តឹង។
ព្រះអរិយមគ្គញ្ញាណសូរ សារិទ្ធិ មានថេរដីកាបន្ដថា “សម្រាប់អាត្មាវិញយល់ថាជ្រុលពេកហើយ។ ការបង្ហាត់បង្រៀន ឬអប់រំមនុស្សឲ្យល្អ ពិតជាការពិបាក។ ប៉ុន្តែបើការដាក់ទណ្ឌ ត្រូវតែមានការបន្ធូរដៃជាងហ្នឹងកុំឲ្យមានស្លាកស្នាមទើបអាចជាការល្អ”។

ជុំវិញការប្រើទណ្ឌកម្មនេះដែរ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ អនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត កំពុងតែគង់ចាំព្រះវស្សានៅសហរដ្ឋអាម៉េរិក បានប្រាប់ដល់សារព័ត៌មាន Buddhist Cambodia News កាលពីថ្ងៃព្រហស្បតិ៍ទី២៩ ខែសីហាថា ជាការពិតណាស់ ការអប់រំមនុស្សឲ្យល្អ មិនងាយស្រួលនោះទេ។ បើទោះជាយ៉ាងណាក៏ដោយ ការវាយប្រដៅនៅក្នុងចេតនាល្អសម្រាប់ការអប់រំនិងទូន្មាន ក៏ត្រូវអាបត្តិដែរ។ បើវាយប្រដៅសាមណេរ ត្រូវទុក្កដ ខណៈវាយប្រដៅភិក្ខុ ត្រូវអាបត្ដិបាចិត្តិយមកដល់ខ្លួនឯង។

ទាក់ទិននឹងព្រះចៅអធិការមួយអង្គ បានប្រៀនប្រដៅព្រះសង្ឃ ដោយការវាយឱ្យមានស្នាមរបួសនោះ លោកឈិន សេង ជាអ្នកធ្លាប់ស្នាក់អាស្រ័យរៀនសូត្រនៅក្នុងវត្ដអារាម បានលើកឡើងថា ករណីនេះជារឿងបុគ្គលផ្ទាល់ខ្លួន។ ព្រោះតែការខឹងនៅក្នុងការពិបាកប្រៀនប្រដៅ ឬមិនព្រមស្ដាប់បង្គាប់របស់ខ្លួនតែប៉ុណ្ណោះ។ ផ្ទុយទៅវិញសម្រាប់ទ្រឹស្ដីអប់រំ និងការប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនា មិនមានកន្លែងណាមួយ បង្រៀនសិស្សគណហើយ ត្រូវវាយដំនោះទេ។

សម្រាប់ច្បាប់រដ្ឋវិញ កាលណាប្រើប្រាស់ហិង្សា បង្កឲ្យមានរបួសស្នាម នឹងក្លាយជាបទល្មើសព្រហ្មទណ្ឌ នាំឱ្យអ្នកប្រព្រឹត្ដ មានទោសទណ្ឌ។ សកម្មភាពហិង្សា គឺផ្ទុយស្រឡះពីការអប់រំ និងការប្រៀនប្រដៅរបស់ព្រះពុទ្ធព្រះបរមគ្រូទាំងស្រុង។ លោកបានឱ្យដឹងថា បើតាមពិតទៅ គ្រប់ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធតែងតែអប់រំមនុស្សសត្វដោយព្រហ្មវិហារធម៌ និងមិនមាននូវការប្រើប្រាស់អំពើហិង្សាណាមួយនោះឡើយ៕ អត្ថបទដោយ៖ លោក ណុប ស៊ីនួន

អត្ថបទផ្សេងៗដែលលោកអ្នកគួរយល់ដឹង

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ចាប់ផ្តើមបើកវគ្គសិក្សាថ្មី ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

BCNews02

ពិតជាគួរឲ្យសោកស្ដាយណាស់ ព្រះសង្ឃសៅលីនចិន ធ្លាប់មកបង្ហាញក្បាច់គុននៅកម្ពុជា សុគតទាំងជន្មាយុវ័យក្មេង

admin

នៅតែបន្លំយកទូរសព្ទចូលបាន និងមានឧបសគ្គអ្វីខ្លះទៀតកើតឡើងក្នុងពេលប្រលង ?

BCNews02