សារព័ត៌មានពុទ្ធសាសនា

តើគួរឱ្យមានកម្មវិធីអប់រំសិស្សតាមរយៈព្រះពុទ្ធសាសនាទេ ?

Image default
ពុទ្ធសាសនាយុវជនយុវជនការសិក្សា

តើសីលធម៌របស់សិស្សបច្ចុប្បន្នយ៉ាងណាដែរ ? តើគួរមាន និងគាំទ្រកម្មវិធីអប់រំសិស្សតាមផ្លូវព្រះពុទ្ធសាសនាទេ ? បើមានកម្មវិធីអប់រំបែបនេះ តើមានគុណប្រយោជន៍យ៉ាងណាខ្លះ ? បព្វជិត គ្រូបង្រៀន អាណាព្យាបាលសិស្ស និងសិស្សជាច្រើនបានផ្ដល់ចម្លើយចំពោះសំណួរទាំងនេះ ដូចខាងក្រោម ។

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ តេជគុណសុ ផាត គង់នៅវត្តភ្នំជីសូរ ស្រុកសំរោង ខេត្តតាកែវ មានថិរដីកាថាតើគួរមានកម្មវិធីអប់រំតាមបែបព្រះពុទ្ធសាសានាឬអត់ ? ចំណុចនេះអាត្មាគាំទ្រមែនទែន គឺគួរធ្វើនៅគ្រប់សាលាទាំងអស់ទាំងនៅបឋមសិក្សា ទាំងអនុវិទ្យាល័យ និងវិទ្យាល័យ ។ ប្រសិនបើសាលាទាំងនោះរៀបចំអប់រំសិស្សតាមបែបព្រះពុទ្ធសាសនា មិនទាមទារអ្វីច្រើនទេ គឺមួយសប្ដាហ៍តែមួយថ្ងៃក៏បានដែរ ដើម្បីបព្វជិតបានអប់រំសីលធម៌ ព្រោះនៅក្នុចតុស្ដម្ភអប់រំនៃប្រទេសកម្ពុជាយើងមានរៀនដើម្បីចេះដឹង ដើម្បីចេះធ្វើ រៀនដើម្បីមានសីលធម៌ល្អ ជាដើម ។ ចំណែកការអប់រំតាមបែបព្រះពុទ្ធសាសនាគឺបង្រៀនមនុស្សឱ្យដឹងខុសដឹងត្រូវ ជាពិសេសគឺបានបង្ហាញពីសីលធម៌ ដើម្បីអប់រំ ។ មិនថាតែព្រះពុទ្ធសាសានាទេ សាសនាផ្សេងទៀតក្ដីបើអាចជួយតម្រង់ទំពាំងរបស់យើងឱ្យមានសីលធម៌ល្អគួរតែចូលរួម ។

ភាគវិជ្ចមានគឺជួយឱ្យសិស្សមានសីលធម៌ល្អ ចេះគោរពចាស់ទុំ ប្រឹងប្រែងរៀនសូត្រ ឱ្យក្លាយខ្លួនទៅជាទំពាំងស្នងឫស្សី» ។
បើតាមតេជគុណសុ ផាត ថាមានសាលារៀនខ្លះបានរៀបចំកម្មវិធីអប់រំសិស្សតាមបែបព្រះពុទ្ធសាសនានេះដែរ តាមការសង្កេតរបស់ព្រះអង្គកន្លងមក ។

ទាក់ទិននឹងបញ្ហាសិស្សមានសីលធម៌មិនល្អនេះតេជគុណសុ ផាត យល់ថា តាមពិតទៅវាមាននៅតាមកន្លែង តាមតំបន់ តាមបុគ្គលសិស្ស វាមិនទាំងអស់ទេ ហើយមានកត្ដាច្រើននាំឱ្យសិស្សខ្វះសីលធម៌បែបនេះ ដូចជាកត្តាគ្រួសារមិនបានយកចិត្ទុកដាក់អប់រំតាំងពីតូច និងសិស្សខ្លះមានចរិតពិបាកអប់រំ ឬមានចរិតមិនល្អពីកំណើត ។

ចំណែកលោកអេង ស៊ីណាត ជាគ្រូបង្រៀននៅសាលាបឋមសិក្សាអង្គរកា ស្រុកត្រាំកក់ ខេត្តតាកែវ បានលើកឡើងថា «ផ្នែកសីលធម៌ ឬឥរិយាបទរបស់សិស្សទាំងបឋមសិក្សា និងមធ្យមសិក្សា មួយចំនួនធំមានកាកែប្រែ បានល្អសមរម្យ ។ បើនៅតាមវិទ្យាល័យមានលោកគ្រូ អ្នកគ្រូផ្នែកវិន័យ សីលធម៌ខំប្រឹងប្រែងអប់រំពួកគេ ធ្វើឱ្យមានការកែប្រែច្រើនផ្នែកសីលធម៌នេះ ។ ការគោរពដឹងគុណដល់លោកគ្រូអ្នកគ្រូឃើញថាពួកគាត់មានការយល់ដឹង ។
ចំណែកនៅថ្នាក់បឋមសិក្សា មានការផ្លាស់ប្ដូរច្រើនដែរផ្នែកសីលធម៌នេះតាមរយៈការខំអប់រំពីលោកគ្រូអ្នកគ្រូ គឺពួកគេមានការយល់ដឹងពីគុណរបស់លោកគ្រូ អ្នកគ្រូ គុណឪពុកម្ដាយ» ។

ទោះជាយ៉ាងណាក្ដីលោកគ្រូអេង ស៊ីណាត យល់ថា មិនទាន់បានល្អគ្រប់គ្នាអស់ទេ គឺនៅមានមួយចំនួនតូចមិនទាន់ផ្លាស់ប្ដូរបាន មិនទាន់យល់ដឹងពីតម្លៃថ្លៃថ្នូរនៃផ្នែកសីលធម៌ ។ ខ្លះមិនស្ដាប់បង្គាប់ឪពុក ម្ដាយ មានចរិតមិនល្អដាក់គ្រូ ចូលចិត្តបង្កជម្លោះវាយតប់គ្នាក្នុងសាលា ឬនៅក្រៅសាលា និងគេចសាលាទៅសម្ងំជជែកគ្នាលេងនៅហាងកាហ្វេជាដើម ជាដើម ។
លោកអេង ស៊ីណាត យល់ថា«បើតាមសាលាបង្កើតការអប់រំសីលធម៌តាមរយៈបែបព្រះពុទ្ធសាសនា ដោយឱ្យព្រះសង្ឃផ្ដល់ជាឱវាទសម្រាប់ទូន្មាន ប្រៀនប្រដៅដល់សិស្សរឹតតែប្រសើរ ព្រោះយើងអប់រំផ្នែកអាណាចក្រ យើងផ្សំជាមួយពុទ្ធចក្រទើបមានភាពជោគជ័យក្នុងការអប់រំ ។ ព្រោះតាមរយៈព្រះធម៌ ឬព្រះពុទ្ធសាសនា ពួកគាត់យល់ពីបុណ្យបាប ។ ដូច្នេះបើឱវាទរបស់ព្រះសង្ឃទេសនាប្រៀនប្រដៅទៅ ពួកគេនឹងបានយល់ដឹងមួយកម្រិតទៀត នាំឱ្យមានការកែប្រែឥរិយាបថរបស់ពួកគាត់ឱ្យក្លាយជាបុគ្គលល្អ សិស្សល្អ អ្នកមានសីលធម៌ល្អរបស់សង្គមជាតិយើង គឺអាចកែប្រែបានលឿនរហ័ស» ។

ដោយឡែកលោកស៊ុម សោម ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញ និងជាអាណាព្យាបាលសិស្ស២នាក់រៀននៅសាលាឯកជនយល់ឃើញថា «បើនិយាយពីសីលធម៌ ក្មេងៗឥឡូវ តែមិនទាំងអស់ទេ ខ្ញុំយល់ថាវាធ្លាក់ចុះជាងមុនឆ្ងាយ ។ ពីមុនជំនាន់ខ្ញុំនៅក្មេង ឃើញ ចាស់ៗមិនចាំបាច់អ្នកស្គាល់ទេ ឬត្រឹមតែអ្នកអាយុច្រើនជាង បើសិនកំពុងពាក់មួក គឺដោះមួក បើអត់ពាក់មួកទេដើរឱនលំទោន ។ ចំណែកឥឡូវខ្ញុំសង្កេតឃើញនៅសាលាឯកជនខ្លះ ជាក់ស្ដែងសាលាដែលខ្ញុំទៅទទួលកូន ឃើញពួកក្មេងៗចេញពីរៀន មួលហ្គាម៉ូតុ ង៉ោងៗមុខយើង ខណៈទីធ្លាសាលាតូចគួរតែអូស បើក យឺតៗ ។ ចំណែកសាលារដ្ឋខ្ញុំមិនបានទៅសង្កេតផ្ទាល់ តែឮព័ត៌មាន ក្រៅៗពីជាងកាត់សក់ក្បែរសាលាថា ក្មេងខ្លះពិបាកមែនទែន តែងតែឮលោកគ្រូអ្នកគ្រូរអ៊ូរទាំពីឥរិយាបថមិនសមរម្យរបស់ពួកគេ ហើយបើគ្រូអប់រំណែនាំ ភ្លាមៗខ្លាចពួកគេគុំកួន ។ ជួនកាលមានសិស្សខ្លះអាចធ្វើអំពើមិនល្អនៅក្នុងថ្នាក់ ក្នុងធ្លាសាលា ដូចជាជក់បារី ឬវាយតប់គ្នាជាដើម ។

បើសិនជាមានកម្មវិធីអប់រំតាមបែបព្រះពុទ្ធសាសនាដល់សិស្ស លោកស៊ុម សោម ថ្លែងថា«ពីមុនមានរួចហើយដូចជានៅសាលាបឋមសិក្សាជ័យជម្នះ ដែលកូនខ្ញុំធ្លាប់រៀនក្នុងមួយអាទិត្យមានកម្មវិធីសម្រាប់ព្រះសង្ឃចូលទៅអប់រំធម៌ម្ដង ។ ខ្ញុំយល់ថាបើសិនមានបែបនេះបន្តទៀត ហើយមានគ្រប់សាលាចាប់តាំងពីបឋមដល់វិទ្យាល័យ ឬឧត្តមសិក្សារឹងរឹតតែល្អប្រសើរណាស់ » ។

ការអប់រំតាមបែបព្រះពុទ្ធសាសនាលោកស៊ុម សោម យល់ថា«គឺដឹកនាំមនុស្សឱ្យទៅរកផ្លូវល្អខ្លាំងមែនទែន ។ មិនបាច់លើកចំណុចអីច្រើនទេ បើមនុស្សម្នាក់ៗប្រកាន់ខ្ជាប់ តែត្រឹមសីល៥ មិនចេះមានគំនុំ ចង់មានចង់បាន ចង់កិបកេងប្រវញ្ចគេ ឬមិនសេពគ្រឿងស្រវឹង គ្រឿងញៀន… ដឹងតែល្អបំផុតហើយ ។ ដូច្នេះបើសិនបញ្ជ្រាបព្រះធម៌ ឬត្រឹមតែធម៌៥ ខ្ញុំជឿថាទៅថ្ងៃមុខប្រជាជាពលរដ្ឋខ្មែរទាំងអស់សុទ្ធតែអ្នកមានសីលធម៌ល្អមិនខាន»។

លោកណុប ស៊ីនួន ជាអ្នកសារព័ត៌មាន គាំទ្រការបង្កើតកម្មវិធីអប់រំតាមបែបព្រះពុទ្ធសាសនានេះដែរ ។ លោកថានឹងជួយឱ្យសិស្សមានសីលធម៌កាន់តែល្អ បន្ថែមពីលើការអប់នៅនៅសាលាដែលមានការខ្វះចន្លោះ ។ ម្យ៉ាងការអប់រំទូន្មានពីបព្វជិតគឺយកធម៌ព្រះមកអប់រំ ពិតជាធ្វើឱ្យពួកគេបានយល់ដឹងពីព្រះធម៌ជាមាគ៌ានាំទៅរកការប្រព្រឹត្តល្អ ឬមានសីលធម៌ ។ លោកថា«មនុស្សចាំបាច់ណាស់ត្រូវមានសីលធម៌ គឺសីលធម៌ជាអលង្ការនៃជីវិត»។

កាលពីពេល ថ្មីៗកន្លងមកនេះ គណៈគ្រប់គ្រង និងគណៈកម្មការគ្រប់គ្រងវិទ្យាល័យហ៊ុនសែនបូរី១០០ខ្នង រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអប់រំចរិយាធម៌ សីលធម៌ តាមមាគ៌ាព្រះពុទ្ធសាសនា តាមរយៈព្រះសង្ឃ និងព្រឹទ្ធាចារ្យដល់សិស្ស ។ កម្មវិធីនេះក្រោមប្រធានបទ«ការលើកកម្ពស់សីលធម៌ ជាភារកិច្ចយើងទាំងអស់គ្នា»។
ព្រះធម្មកោវីទីខន ម៉េងគ្រី សមណនិស្សិត និងជាព្រះសង្ឃគង់នៅវត្តវង្កដបុរី ដែលនៅមិនឆ្ងាយប៉ុន្មានពីសាលាត្រូវបាននិមន្តឱ្យចូលរួមក្នុងការផ្ដល់ឱវាទដល់សិស្សជាច្រើននាពេលនោះ ។

ប្រភពជាច្រើនទៀតទាំងបព្វជិត ទាំងគ្រស្ថ និងសិស្ស សុទ្ធតែគាំទ្រចំពោះកម្មវិធីអប់រំសិស្សតាមបែបព្រះពុទ្ធសាសនា ហើយយល់ឃើញពីគុណប្រយោជន៍ដ៏ល្អសម្រាប់តម្រង់សីលធម៌របស់សិស្ស ៕ ចន្ទ្រ អក្ខរា

អត្ថបទផ្សេងៗដែលលោកអ្នកគួរយល់ដឹង

នៅថ្ងៃទី១បេក្ខជនប្រលងជាច្រើន មានបញ្ហាសុខភាព

BCNews02

ពុទ្ធបរិស័ទរៀបចំចង្ហាន់ប្រគេនបេក្ខជនព្រះសង្ឃក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

BCNews02

តើការប្រើហិង្សាលើដើម្បីអប់រំសមណសិស្សត្រូវតាមពុទ្ធឱវាទឬទេ?

BCNews02