បុព្វបុរសខ្មែរបានបង្កើតស្នាដៃដ៏មហិមាយ៉ាងល្បីរន្ទឺសម្រាប់កូនចៅជំនាន់ក្រោយ រហូតធ្វើឱ្យពិភពលោកទាំងមូល កោតសរសើរយ៉ាងខ្លាំងបំផុត ប៉ុន្ដែអ្នកដែលត្រូវថែរក្សាទឹកដី អរិយធម៌ វប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននេះ មានតែកូនខ្មែរគ្រប់ជំនាន់ ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ និងការពារថែរក្សា។
ព្រះអង្គ ជួន កក្កដា ព្រះវិន័យធរខេត្តតាកែវ និងជានាយកសាលាពុទ្ធិកបឋមសិក្សាវត្ដប្រាសាទនាងខ្មៅ មានថេរដីកាថា «ទឹកដីរបស់ខ្មែរយើងដែលបុព្វបុរសបានមកតាំងទីនៅលើជ្រោយសុវណ្ណភូមិនេះ គឺពួកគាត់បានកសាងទ្រព្យសម្បត្ដិសិល្បៈ អរិយធម៌ និង វប្បធម៌ មានតម្លៃមហាសាល មិនអាចកាត់ថ្លៃបាននោះឡើយ។ ជាក់ស្ដែងដូចជា ប្រាង្គប្រាសាទនានា មានស្ទើរតែពាសពេញផ្ទៃប្រទេស បង្កប់ទៅដោយក្បូរក្បាច់រចនាដ៏ល្អឯក រហូតដល់ពិភពលោកកើតសរសើរមិនដាច់ពីមាត់»។
ព្រះអង្គមានថេរដីកាបន្ដថា «ប្រសិនបើកូនខ្មែរ មិនខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ តើធ្វើដូចម្ដេចនឹងការពារទឹកដីនេះឱ្យគង់វង្សទៅបាន? កាលណាបាត់បង់ទឹកដីហើយ ទ្រព្យសម្បត្ដិសិល្បៈ អរិយធម៌ និង វប្បធម៌ដ៏មានតម្លៃមិនមានអាចគណនាបាន ក៏នឹងបាត់បង់ទៅតាមនោះដែរ។ ជាការពិតណាស់ គ្មានបរទេសណាមួយគេមកជួយការពារថែរក្សាឱ្យគង់វង្ស ជាងកូនខ្មែរបន្ដពីជំនាន់មួយទៅជំនាន់មួយនោះឡើយ»។
ព្រះអង្គ មានថេរដីការម្លឹកថា «ដើម្បីការពារថែរក្សាទឹកដី ទ្រព្យសម្បត្ដិសិល្បៈ អរិយធម៌ និង វប្បធម៌របស់ខ្មែរឱ្យគង់វង្ស មានតែកូនខ្មែរគ្រប់រូបត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ។ ប្រទេសជាតិ រីកចម្រើនខ្លាំងក្លាទៅបាន លុះត្រាតែប្រជាពលរដ្ឋរបស់ប្រទេសនោះ សម្បូណ៌ទៅដោយធនធានមនុស្ស និងសម្បូណ៌ទៅដោយអ្នកចេះដឹងច្រើន»៕
អត្ថបទដោយលោក ណុប ស៊ីនួន