របបកម្ពុជាប្រជាធិបតេយ្យបានបំផ្លិចបំផ្លាញព្រះពុទ្ធសាសនាដូចជាផ្សឹកមិនឱ្យមានព្រះសង្ឃ បំផ្លាញវត្តអារាមជាដើម។ ក្រោយរបបនេះដួលរលំនៅដើមឆ្នាំ១៩៧៩ ព្រះភិក្ខុសង្ឃចំនួន៧អង្គបានបំពេញឧបសម្បទាជាភិក្ខុឡើងវិញសាជាថ្មី។ នេះចាត់ទុកជាការចាប់ផ្ដើមព្រះពុទ្ធសាសនាជាថ្មីឡើងវិញនៅកម្ពុជា ហើយមកដល់បច្ចុប្បន្នក្នុងចំណោមភិក្ខុសង្ឃទាំង៧អង្គនោះ នៅមានព្រះជន្មតែមួយអង្គប៉ុណ្ណោះ គឺសម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទីនៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃទី១៩ ខែកញ្ញា ១៩៧៩ ជាកាលបរិច្ឆេទប្រវត្តិសាស្ត្រមួយដែលព្រះភិក្ខុទាំង៧អង្គនោះបានបំពេញឧបសម្បទាជាភិក្ខុឡើងវិញ ហើយបើគិតមកដល់ឆ្នាំ២០២៤ ខែកញ្ញា ថ្ងៃទី១៩ ដែលទើបរំលងមកថ្មីៗនេះ មានរយៈពេល៤៥ឆ្នាំហើយ។ បើតាមឯកសារបង្ហាញដោយក្រសួងធម្មការ និងសាសនា រៀបរៀងដោយតេជគុណឈុន តាំងគា គឺភិក្ខុសង្ឃទាំង៧ព្រះរួមមាន៖ ១. ភិក្ខុកើត វ៉ាយ មកពីខេត្តកំពង់ធំ(សុគត)។ ២. ភិក្ខុប្រាក់ ឌិត មកពីខេត្តតាកែវ(សុគត)។ ៣. ភិក្ខុឌិន សារុន មកពីខេត្តកណ្តាល(សុគត)។ ៤. ភិក្ខុអ៊ិត ស៊ុម មកពីខេត្តតាកែវ(សុគត) ។ ៥. ភិក្ខុនន្ទ ង៉ែត មកពីខេត្តតាកែវ(នៅមានព្រះជន្ម)។ ៦. ភិក្ខុកែន វង្ស មកពីខេត្តព្រៃវែង(សុគត)។ ៧. ភិក្ខុ ទេព វង្ស មកពីខេត្តសៀមរាប(សុគត)។
មកដល់បច្ចុប្បន្ននៅសល់តែសម្ដេចព្រះមហាសុមេធាធិបតីន្ទន ង៉ែត សម្ដេចព្រះមហាសង្ឃរាជស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាមួយអង្គប៉ុណ្ណោះនៅមានព្រះជន្ម ក្នុងចំណោមភិក្ខុសង្ឃប្រវត្តិសាស្ត្រទាំង៧អង្គនោះ។ សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ដែលគង់នៅជាព្រះចៅអធិការវត្តបទុមវតីរាជវរារាមក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៤នេះមានព្រះជន្មគម្រប់១០០ឈានចូល១០១ព្រះវស្សា។
សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ប្រសូតនៅថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំជូត ឆស័ក ព.ស.២៤៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩២៤ នៅភូមិត្រពាំងវែង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ក្នុងត្រកូលកសិករ។ ព្រះអង្គជាបុត្រទី២ របស់ឧបាសក នន្ទ នុត និងឧបាសិកាម៉ឹង យឹម។
ដោយឡែកសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាទើបតែយាងសោយព្រះទិវង្គតនៅវេលាម៉ោង៥ និង៤០នាទីល្ងាច នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ក្នុងព្រះជន្ម៩៤វស្សា ដោយព្រះជរាពាធនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ៕
ដោយ ចន្ទ្រ អក្ខរា