សារព័ត៌មានពុទ្ធសាសនា

ឈ្វេងយល់ពីបុណ្យភ្ជុំបិណ្ឌ ជាប្រពៃណីដ៏ចម្បងមួយ របស់ប្រជាជាតិខ្មែរ

Image default
ជំនឿប្រពៃណីព័ត៌មានថ្មីៗពុទ្ធសាសនាសង្គម

ពិធីបុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីមួយរបស់ប្រជាជាតិខ្មែរ ហើយការប្រារព្ធពិធីបុណ្យនេះឡើង គឺមានគោលបំណងដ៏សំខាន់បំផុត ជាការរម្លឹកនឹកដល់គុណូបការៈរបស់អ្នកមានគុណរបស់ខ្លួនរូមមាន៖ មាតាបិតា បុព្វការីជននិងបុព្វបុរស និងញាតកាដែលបានលាចាកលោកនេះទៅ ហើយក៏ជាផ្នត់គំនិតរបស់ប្រជាជាតិមួយនេះមិនចេះបំភ្លេចគ្នាចោល បើទោះជាអ្នកនោះបានស្លាប់បាត់បង់ទៅយូរហើយក្ដី។

បើតាមទស្សនាវដ្ដីកម្ពុជសុរិយាលេខ២ ឆ្នាំ១៩៩៤ ចេញផ្សាយអំពីពិធីបុណ្យភ្ជុំបិណ្ឌ ដែលរៀបរៀងដោយលោក ម៉ែន ប្រាង្គ និង អាំ ឆន បានសរសេរថា៖ បុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីចម្បងមួយក្នុងចំណោមបុណ្យប្រពៃណីផ្សេងៗទៀតរបស់ប្រជាជនកម្ពុជា។ បុណ្យនេះមានលក្ខណៈជាបុណ្យគោរពវិញ្ញាណក្ខន្ធរបស់បុព្វបុរស ញាតិសន្តានដែលបានធ្វើមរណកាលទៅហើយ។

១.របៀបភ្ជុំបិណ្ឌរបស់ខ្មែរ៖ ប្រជាជនកម្ពុជាប្រារព្ធធ្វើបុណ្យភ្ជុំបិណ្ឌពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ រៀងរាល់ឆ្នាំ។ ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ហៅថា «ថ្ងៃកាន់បិណ្ឌ» ហើយថ្ងៃ១៥រោច ហៅថា «ថ្ងៃភ្ជុំបិណ្ឌ»។

ក្នុងឱកាសកាន់បិណ្ឌនេះ ចាស់ព្រឹទ្ធាចារ្យ យាយតាដែលមានសទ្ធាមុតមាំក្នុងព្រះពុទ្ធសាសនា បានលះបង់ផ្ទះសម្បែង កូនចៅ ទៅនៅឯវត្ត សមាទានសីល៥ សីល៨ ឬ អតិរេកសីល ចម្រើនមេត្តាភាវនា បម្រើព្រះសង្ឃ និងសម្អាតទីវត្ដអារាមជាដើម។ ពុទ្ធបរិស័ទចំណុះជើងវត្តនីមួយៗបានបែងចែកគ្នាជាវេនចំនួន១៤ថ្ងៃ ឬ ១៤បិណ្ឌ។ ក្នុងបិណ្ឌនីមួយៗ នៅពេលយប់គេជួបជុំគ្នាប្រគេន និងជូនភេសជ្ជៈចំពោះព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ នមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្ដែងធម៌ទេសនា។ ព្រឹកឡើងប្រគេនយាគូភត្តាហារដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធរបស់ក្រុមគ្រួសារ ញាតិមិត្តរបស់គេដែលបានធ្វើមរណកាលហើយនោះ។ នៅយប់ថ្ងៃ១៤រោច គេប្រារព្ធធ្វើពិធីដូចយប់ថ្ងៃកាន់បិណ្ឌពីមុនមកដែរ ប៉ុន្តែមានលក្ខណៈឱឡារិកជាង។ រីឯប្រជាជននិយមធ្វើនំផ្សេងៗ មានដូចជា នំអន្សម នំគម…ជាដើម សម្រាប់ប្រគេនព្រះសង្ឃ សែនព្រេន និងជួនឪពុកម្តាយ ចាស់ទុំ ញាតិមិត្តរបស់គេក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌ។ លុះព្រឹកឡើងថ្ងៃ១៥រោច ដែលជាថ្ងៃភ្ជុំបិណ្ឌនេះ ពុទ្ធបរិស័ទវេនបិណ្ឌអញ្ជើញមកចូលរួមយ៉ាងកុះករប្រគេនចង្ហាន់ព្រះសង្ឃ និងបង្សុកូល ដូចថ្ងៃកាន់បិណ្ឌដែរ ប៉ុន្តែថ្ងៃនេះមានលក្ខណៈអធិកអធមជាងថ្ងៃកាន់បិណ្ឌកន្លងមក។ នៅតំបន់ខ្លះ ពេលល្ងាចថ្ងៃ១៥រោច គ្រួសារនីមួយៗ រៀបចំពិធីសែនព្រេនជូនជីដូនជីតាតាមទម្លាប់។ លុះព្រលឹមស្រាង១ថ្ងៃ១កើត ខែអស្សុជ គេរៀបចំនំ ចំណី ផ្លែឈើ…អុជទៀន ធូប ដាក់ក្នុងទឹក ដែលធ្វើពីស្រទាបចេកបណ្តែតតាមទឹកដើម្បីជាកិច្ចជូនដំណើរជូនដូនតាវិលត្រឡប់ទៅវិញ។

២. ប្រភពនៃការកាន់បិណ្ឌ៖
ក.គម្ពីរធម្មបទដ្ឋកថា មានសេចក្តីថា៖ មុនភទ្រកប្បនេះ ព្រះពុទ្ធព្រះនាម ផុស្សៈ បានត្រាស់ដឹងក្នុងលោក។ ពេលនោះមានព្រះរាជបុត្រ៣ព្រះអង្គរបស់របស់ស្តេច មហិន្ទរាជ ទ្រង់មានព្រះទ័យចង់ដាក់ទាន។ ព្រះរាជបុត្រនោះបានស្នើសុំព្រះរាជទ្រព្យពីព្រះបិតា។ ព្រះបាទមហិន្ទរាជ ពុំអនុញ្ញាតតាមសំណូមពររបស់ព្រះរាជបុត្រឡើយ។ សម័យនោះមានពួកសត្រូវបង្កអសន្តិសុខនៅស្រុកជាយដែន។ ព្រះបិតាបានបញ្ជូនបុត្រទាំង៣អង្គឱ្យចេញទៅបង្ក្រាប។ លុះបានជ័យជម្នះហើយ ព្រះរាជបុត្រទាំងនោះក៏ត្រឡប់មកកាន់ព្រះបរមរាជវាំងវិញ។ ព្រះបិតាទ្រង់មានព្រះទ័យសោមនស្សក្រៃលែង ហើយត្រាស់សួរថា«ម្នាលបុត្រ! តើអ្នកត្រូវការអ្វី?» ព្រះរាជបុត្រក្រាបទូលថា«បពិត្រព្រះបិតា! ខ្ញុំព្រះអង្គមានចំណងតែមួយគត់ គឺសុំព្រះរាជទ្រព្យដើម្បីដាក់ទាន»។ ដំបូងព្រះរាជបុត្រសុំដាក់ទានជានិច្ចកាល ប៉ុន្តែព្រះបិតាមិនយល់ព្រម។ តមក ព្រះរាជបុត្រក៏សុំត្រឹមតែ៧ឆ្នាំ, ៦ឆ្នាំ, ៥ឆ្នាំ, ៤ឆ្នាំ, ៣ឆ្នាំ, ២ឆ្នាំ, ១ឆ្នាំ, ៧ខែ, ៦ខែ, ៥ខែ, ៤ខែ ក៏នៅតែព្រះបិតាពុំព្រម។ លុះដល់ទីបំផុត ព្រះរាជបុត្រស្នើសុំត្រឹម៣ខែ ដោយម្នាក់ៗដាក់ទាន១ខែ។ បន្ទាប់ពីបានទទួលព្រះរាជានុញ្ញាតហើយ ព្រះរាជបុត្រទាំង៣អង្គ ក៏ទ្រង់ប្រគល់ភារកិច្ចនេះទៅឱ្យនាយស្មៀន និងនាយឃ្លាំងដើម្បីចាត់ចែងទាន។ ព្រះរាជបុត្រទាំង៣អង្គ ព្រមទាំងបរិវារ ក៏ចូលបួសនៅនៅក្នុងសំណាក់របស់ព្រះពុទ្ធព្រះនាម ផុស្សៈ នោះទៅ។

ចំណែកពួកកម្មករដែលនាយស្មៀន បានចាត់តាំងឱ្យធ្វើចង្ហាន់ថ្វាយព្រះពុទ្ធ និងភិក្ខុសង្ឃតាមលំដាប់វេនរបស់ព្រះរាជបុត្រនោះ កើតមានសេចក្តីប្រមាទក្នុងទាន ដោយបរិភោគចង្ហាន់មុនព្រះសង្ឃ និងបរិភោគចង្ហាន់ណាដែលមានរសជាតិឆ្ងាញ់ពិសាមុនព្រះសង្ឃជារៀងរាល់ថ្ងៃ។ ដោយសេចក្តីប្រមាទនេះ ពួកកម្មករទាំងនោះលុះធ្វើមរណកាលទៅ ក៏បានទៅបដិសន្ធិក្នុងឋានប្រេត សោយទុក្ខទេវនាលំបាកស្រេកឃ្លានក្រៃលែង។ ពេលផែនដីដុះបានកម្រាស់មួយយោជន៍ មានព្រះពុទ្ធមួយព្រះអង្គព្រះនាមកក្កុសន្ធៈ បានត្រាស់ដឹងឡើងក្នុងលោក។ ពួកប្រេតទាំងនោះក៏នាំគ្នាចូលទៅទូលសួរថា ពេលណាខ្ញុំព្រះអង្គបានអាហារបរិភោគ? ព្រះពុទ្ធអង្គនេះត្រាស់ថា«ចាំសួរព្រះពុទ្ធកោនាគមនៈចុះ»។ លុះដល់ព្រះពុទ្ធកោនាគមនៈបានត្រាស់ដឹង ពួកប្រេតទាំងនោះក៏បានចូលសួរដូចមុនទៀត។ ព្រះពុទ្ធកោនាគមនៈប្រាប់ថា«ចាំសួរព្រះពុទ្ធកស្សបៈចុះ»។ លុះដល់ព្រះពុទ្ធកស្សបៈបានត្រាសដឹង ពួកប្រេតទាំងនោះក៏ចូលទៅសួរដូចមុនទៀត។ ព្រះពុទ្ធកស្សបៈទ្រង់ត្រាស់ថា «ពួកឯងនឹងបានអាហារបរិភោគ ក្នុងសាសនាព្រះពុទ្ធសមណគោតម ព្រោះញាតិរបស់ឯង ព្រះនាមពិម្ពិសារនឹងថ្វាយទានចំពោះព្រះពុទ្ធ និងភិក្ខុសង្ឃ»។

លុះដល់ព្រះសម្មាសម្ពុទ្ធសមណគោតមត្រាស់ដឹងក្នុងលោក នាយស្មៀនដែលជាញាតិរបស់ប្រេតនោះ ក៏បានកើតជាព្រះបាទពិម្ពិសារ សោយរាជ្យនៅនគររាជគ្រឹះដែរ។ ក្នុងថ្ងៃមួយ ព្រះបាទពិម្ពិសារថ្វាយទានចំពោះព្រះពុទ្ធ ព្រមទាំងភិក្ខុសង្ឃ។ ពួកប្រេតទាំងអស់បានទៅរង់ចាំទទួលផលទាន ប៉ុន្តែពុំបានចំណែកទានសោះ ហើយក៏នាំគ្នាទៅបង្ហាញខ្លួនឱ្យព្រះបាទពិម្ពិសារឃើញ ព្រមទាំងបញ្ចេញនូវសម្រែកដ៏ខ្លាំង លាន់ខ្ទរខ្ទារពេញផ្ទៃព្រះរាជវាំងក្នុងពេលរាត្រី។ ព្រឹកឡើង ព្រះបាទពិម្ពិសារក៏យាងទៅទូលសួរព្រះពុទ្ធព្រះសមណគោតមអំពីព្រឹត្តិការណ៍ដ៏ចម្លែកនេះ។ ព្រះពុទ្ធត្រាស់ថា សម្រែកពីយប់មិញនោះជាសម្រែករបស់ពួកប្រេតដែលជាញាតិរបស់ព្រះអង្គ ព្រោះពួកគេពុំបានអាហារបរិភោគអស់រយៈពេលព្រះពុទ្ធ៤ព្រះអង្គមកហើយ។ រីឯទានដែលព្រះអង្គបានថ្វាយហើយ ចំពោះតថាគត និងភិក្ខុសង្ឃក្នុងថ្ងៃម្សិលមិញនោះ ពួកប្រេតមិនបានទទួលផលទេ ព្រោះព្រះអង្គពុំបានឧទ្ទិសទៅឱ្យ។ ព្រះរាជាទូលតទៅទៀតថា«តើធ្វើដូចម្តេចទើបពួកប្រេតទាំងនោះបានអាហារបរិភោគ»? ព្រះពុទ្ធត្រាស់ថា «ស្អែកឡើង មហារាជត្រូវថ្វាយទានចំពោះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយឧទ្ទិសថា៖ ភន្តេ ឥតោ តេសំ បេតានំ ទិព្វន្នបានំ សម្បជ្ជតុ គឺ បពិត្រព្រះអង្គដ៏ចម្រើន ដោយអំណាចផលទាននេះ សូមបាយនិងទឹកដ៏ជាទិព្វនេះ សម្រេចដល់ប្រេតទាំងឡាយនោះចុះ»។ ព្រឹកឡើងព្រះរាជាទ្រង់ធ្វើតាមព្រះពុទ្ធដីកានេះ។ ពួកប្រេតទាំងនោះក៏បានអាហារទិព្វបរិភោគស្គាប់ស្គាល់ភ្លាម លែងរងទុក្ខវេទនាដូចពេលមុនៗទៀត។

បន្ទាប់មក ពួកប្រេតទាំងនោះក៏បង្ហាញកាយអាក្រាតននលឱ្យព្រះរាជាទតឃើញ។ ព្រះបាទពិម្ពិសារទ្រង់មានចម្ងល់យ៉ាងខ្លាំង ក៏យាងទៅទួលសួរព្រះពុទ្ធទៀតថា«ក្នុងថ្ងៃនេះប្រេតទាំងនោះបានទៅបង្ហាញកាយអាក្រាតឱ្យចូលព្រះបង្គំឃើញ»។ ព្រះពុទ្ធទ្រង់ត្រាស់ថា«មហារាជ ពីម្សិលមិញទ្រង់បានធ្វើទានតែចង្ហាន់ប៉ុណ្ណោះ ហើយមិនបានធ្វើទានសំពត់ទេ។ ដូច្នេះបានជាពួកប្រេតគ្មានសំពត់ស្លៀក អាក្រាតកាយយ៉ាងនេះ»។ លុះថ្ងៃស្អែកឡើងព្រះបាទពិម្ពិសារក៏បានធ្វើចីវរថ្វាយចំពោះព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយឧទ្ទិសផលទានឱ្យទៅប្រេតទាំងនោះថា«ឥតោ នេសំ ទិព្វវត្ថានី ហោន្តុ គឺ សូមសំពត់ទិព្វទាំងឡាយកើតមានដល់ប្រេតទាំងឡាយនោះដោយផលទាននេះចុះ»។ គ្រាន់តែឧទ្ទិសចប់ សំពត់ទិព្វក៏កើតមានដល់ពួកប្រេតទាំងនោះភ្លាម មិនតែបុណ្ណោះ ប្រេតទាំងនោះក៏បានក្លាយខ្លួនពីអត្តភាពជាប្រេត ទៅជាអត្តភាពទិព្វក្នុងខណៈនោះឯង។ ព្រះសាស្តាទ្រង់ធ្វើអនុមោទនានៅពេលនោះ ដោយតិរោកុឌ្ឌសូត្រ មានបទថា« តិរោកុឌ្ឌេសុ តិដ្ឋន្តិ គឺ ពួកប្រេតទាំងឡាយស្ថិតនៅក្រៅជញ្ជាំងទាំងឡាយ…ជាដើម ។ ដូច្នេះហើយបានជាព្រះសង្ឃនិយមសូត្រតិរោកុឌ្ឌសូត្រនេះនៅក្នុងពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ឬក្នុងពិធីទក្ខិណានុប្បទានផ្សេងៗរហូតមកដល់សព្វថ្ងៃ។

ខ.គម្ពីរបេតវត្ថុ៖ មានសេចក្តីថា«ក្នុងកាលកន្លងទៅហើយ មានព្រានម្នាក់នៅក្នុងពារាណសីតែងទៅបាញ់សត្វក្នុងព្រៃចិញ្ចឹមជីវិតរាល់ថ្ងៃ។ វេលាព្រលប់មកផ្ទះវិញ ពួកក្មេងៗតែងចោមរោមសុំសាច់រាល់ដង។ ថ្ងៃមួយ ព្រាននោះទៅបាញ់មិនបានសត្វ ក៏បេះផ្កាត្របែកព្រៃប្រដាប់ខ្លួន និងរែកយកមកផ្ទះជាច្រើន។ លុះដល់ទ្វារភូមិ ពួកក្មេងៗមកសុំសាច់ដូចសព្វដងទៀត។ ព្រានក៏ចែកផ្កាត្របែកព្រៃឱ្យម្នាក់មួយស្នែង១។

លុះព្រាននោះស្លាប់ទៅបានកើតជាប្រេតអាក្រាតកាយ មានផ្កាត្របែកព្រៃប្រដាប់ក្បាលដើរទៅក្នុងទឹក សំដៅទៅផ្ទះញាតិរបស់ខ្លួន ដើម្បីរកអាហារបរិភោគ។ វេលានោះ កោលិយអាមាត្យជាអាមាត្យព្រះបាទពិម្ពិសារ ជិះទូកទៅបង្ក្រាបការបះបោរនៅស្រុកបច្ចន្តគ្រាម ហើយបានសួរប្រេតនោះដឹងសព្វគ្រប់ប្រការ ក៏មានចិត្តអាណិត ទើបនិយាយថា«សដូវ(អាហារធ្វើដោយប្រមួលផង់ម្សៅស្ងួតសម្រាប់បរិភោគបានយូរ, ប្រើជាស្បៀងក្នុងវេលាដើរផ្លូវឆ្ងាយដាច់ស្រយាល…) របស់យើងមាន ធ្វើម្តេចអ្នកនឹងបរិភោគបាន? ប្រេតឆ្លើយថា«ក្នុងទឹកនេះ បើមានឧបាសកអ្នកតម្កល់ខ្លួននៅក្នុងត្រៃសរណគមន៍ សូមលោកឱ្យសដូវដល់ឧបាសកនោះ ហើយឧទ្ទិសចំណែកកុសលឱ្យខ្ញុំចុះ»។ កោលិយអាមាត្យក៏ធ្វើតាម ហើយប្រេតនោះក៏បានទទួលអនុមោទនា បានសុខសាន្ត ឆ្អែតស្កប់ស្កល់ លែងរងទុក្ខលំបាកដោយការស្រេកឃ្លានទៀត ទើបផ្តាំថា«សូមលោកមេត្តាដល់ប្រេតងទៀត១ផង បើលោកធ្វើកុសលឯណានីមួយហើយ សូមឧទ្ទិសចំណែកកុសលនោះឱ្យដល់ប្រេតខ្លះផង»។

គ-សាស្ត្រាអានិសង្ឃបិណ្ឌ៖ មានសេចក្តីថា«ព្រះដ៏មានបុណ្យទ្រង់ត្រាស់ចំពោះអនាថបិណ្ឌិកសេដ្ឋីថា«អស់ម្តាយឪពុក ញាតកា វង្សា បងប្អូន កូនចៅរបស់ជនទាំងឡាយដែលស្លាប់ទៅអំពីពេលមុន១នោះ ទោះទៅកើតទឹកន្លែងណា១ក្តី តែដល់រនោចខែភទ្របទដែលគេរៀបកាន់បិណ្ឌ តែងតែមកជួបជុំនៅពេលនោះ។ ហេតុតែតេជះអានិសង្ឃនៃបុណ្យ ដែលអស់ញាតិសន្តានបានធ្វើបាយបិណ្ឌ បាយបិតបូរ(បិត្បូរ) នាខែភទ្របទ ហើយឧទ្ទិសផលជូនទៅនោះ ក៏បានរំដោះរួចចេញអំពីនរកប្រេតនោះហោង»។

រីឯសត្វនរកប្រេតផងទាំងឡាយដែលមកកាន់មនុស្សលោកក្នុងខែភទ្របទនេះ ប្រេតខ្លះមកកើតជាកណ្តូបខ្មោចទំយំនៅដំបូលផ្ទះ ខ្លះទំយំនៅចុងកាត់ផ្ទះ ធ្នឹមផ្ទះ មាត់ទ្វារផ្ទះ ជើងជណ្តើរផ្ទះ ដើមឈើក្បែរផ្ទះ ប្រេតខ្លះមកដល់ពាក់កណ្តាលផ្លូវ ខ្លះមកចំអើតមើលទៅមក ខ្លះបាំងដៃមើលមកពីចម្ងាយ ហើយគិតអាណិតអនិច្ចាខ្លួនថា«ឱរូបអញអើយ! អភព្វអ្វីម៉្លេះ មកកើតជាប្រេតនរករងទុក្ខវេទនា ទុរាទុរន់ពន់ប្រមាណយូរឆ្នាំហើយ មានការស្រេកឃ្លានក្រៃពេក»។

សត្វនរកប្រេតទាំងនោះ កាលដល់ខែភទ្របទហើយ តែងតែបានរួចរដោះចាកទុក្ខ ដោយជនជាញាតិសន្តានបានរៀបចំរណ្តាប់បាយបិណ្ឌ បាយបិតបូរ ឧទ្ទិសផលានិសង្ឃ បញ្ជូនទៅនោះ។ ព្រះដ៏មានបុណ្យទ្រង់ត្រាស់ថា«ហៃអនាថបិណ្ឌិក, នៅថ្ងៃភ្ជុំបិណ្ឌនោះ ត្រូវចងរំយោល ចងទង់ពិតានដាសពាសនូវរនាំង វាំងនន ជាដើម ហើយរៀបចំរណ្តាប់គ្រឿងបណ្ណាការគឺ ទៀន ធូប ផ្កាភ្ញី ស្លា ធ្នូ និង គ្រឿងគន្ធពិដោរ ព្រមទាំងផ្លែឈើតូចធំ នំ ចំណី ភោជនាហារ ផងទាំងឡាយបូជាព្រះសង្ឃ, ផលានិសង្សនៃបុណ្យនោះ ក៏ជូនទៅដល់ជីដូនជីតា ម្តាយឪពុក បងប្អូន កូនចៅ ញាតិផៅទាំង៧សន្តានដែលបានស្លាប់ទៅកើតជាប្រេតនរករងទុក្ខវេទនានោះឱ្យបានសម្បត្តិសួគ៌ សម្បត្តិនិព្វាន ជាស្ថានបរមសុខប្រសើរហោង។

ឃ.សាស្ត្រាវិជ្ជាធរៈ៖ មានសេចក្តីថា មានព្រះមហាថេរមួយអង្គឈ្មោះ ព្រះឧបគុត្តត្ថេរ បានហោះជ្រែកក្រឡាមហាប្រឹថពីទៅកាន់ស្ថាននរក ដោយអំណាចឫទ្ធីរបស់លោក មានផ្កាឈូកមាសប៉ុនកងរាជរថផុះឡើងទទួលព្រះបាទលោក។ លោកក៏គង់ពែនលើផ្កាឈូកនោះ អណ្តែតស្អាតលើពពួកនរក។ ហេតុតែអានុភាពព្រះថេរៈ ពួកសត្វនរកបានដកដង្ហើមចេញស្រូល ចូលស្រួល ពេលនោះទើបនាំគ្នាសំពះព្រះថេរៈ។ ព្រះថេរៈមានព្រះទ័យករុណា ក៏សម្ដែងធម៌ឱ្យពួកនរកនោះស្ដាប់។ លុះបានស្តាប់ធម៌ហើយ ក៏បានផ្តាំនឹងព្រះថេរៈថា«បពិត្រព្រះមហាថេរ! បើព្រះករុណានិមន្តត្រឡប់ទៅកាន់មនុស្សលោកវិញ សូមមេត្តាប្រាប់ឪពុកម្តាយ បងប្អូន កូនចៅ ញាតិផៅសន្តានរបស់យើងខ្ញុំ មានឈ្មោះដូច្នេះ១ នៅស្រុកឈ្មោះនេះ១ សូមឱ្យករុណាដល់យើងខ្ញុំ ធ្វើបុណ្យឧទ្ទិសទៅឱ្យយើងខ្ញុំផង»។

កាលព្រះឧបគុត្តត្ថេរទទួលបណ្ដាំពីពួកនរកហើយ ក៏ហោះមកកាន់មនុស្សលោកវិញ ហើយបានចូលទៅថ្វាយព្រះពរព្រះមហាក្សត្រមួយអង្គ។ ព្រះមហាក្សត្រទ្រទ្រង់នាំនាម៉ឺនសព្វមុខមន្ត្រី សេដ្ឋី គហបតី និងអ្នកនគរជាច្រើននាក់ចូលទៅក្រាបបង្គំទូលព្រះពុទ្ធដ៏មានបុណ្យថា«បពិត្រព្រះដ៏មានបុណ្យប្រសើរអើយ បើគ្រូបាធ្យាយ ម្តាយឪពុក បងប្អូន កូនចៅ ញាតិមិត្តរបស់យើងខ្ញុំ អ្នកខ្លះមិនបានធ្វើបុណ្យឱ្យទានរក្សាសីលឡើយ, ធ្វើតែអំពើបាប, លុះអស់អាយុ ទៅកើតក្នុងនរករងទុក្ខវេទនា, អស់យើងខ្ញុំជាបងប្អូន កូនចៅ នៅឯក្រោយ តើនឹងត្រូវធ្វើអំពើបុណ្យដូចម្តេច ទើបឧទ្ទិសផលជូនទៅសត្វនរកទាំងនោះឱ្យរំដោះចាកទុក្ខបាន?»។

ព្រះដ៏មានបុណ្យទ្រង់ត្រាស់តបថា បើមហារាជចង់ធ្វើអំពើបុណ្យ កុសលឧទ្ទិសផលជូនទៅសត្វនរកទាំងនោះឱ្យរំដោះរួចមក ត្រូវធ្វើដូច្នេះ គឺចាប់ផ្តើមពីថ្ងៃ១រោច ខែភទ្របទទៅ ត្រូវធ្វើបាយបិណ្ឌ បាយបិតបូររាល់ថ្ងៃ ហើយត្រូវធ្វើអង្គព្រះពុទ្ធរូប ១អង្គ១ថ្ងៃ ដរាបដល់ថ្ងៃ១៥រោច ខែភទ្របទនោះឯង ត្រូវចងពិតានពាសរនាំង វាំងនន ក្រាលកម្រាល ត្រូវសមាទានសីលឱ្យបរិសុទ្ធប្រាកដ ត្រូវបោសសម្អាតវត្តអារាម ព្រះវិហារ ត្រូវរៀបរណ្តាប់គ្រឿងបណ្ណាការ មានផ្កា ភ្លឺ គន្ធពិដោរ ជាដើម ហើយនិមន្តព្រះគម្តែងសង្ឃដ៏ទ្រង់សីលបរិសុទ្ធ សូត្រធម៌មហាសម័យ ត្រូវប្រកាសបួងសួងអញ្ជើញគ្រូបាធ្យាយ ម្តាយឪពុក បងប្អូន ញាតកា ដែលចែកស្ថានទៅហើយទាំងប៉ុន្មាន មួយអន្លើដោយទេវតា ហើយត្រូវនិមន្តលោកទេសនាសាស្ត្រាវិជ្ជាធរជាតកក្នុងយប់នោះ។

លុះព្រឹកឡើង ត្រូវធ្វើបាយបិណ្ឌ បាយបិត្បូរ មានទាំងចង្ហាន់ ផ្លែឈើ និងសរពើភោជនាអាហារផង ផ្គូផ្គងរណ្តាប់ អង្គាសដាក់បាត្រព្រះសង្ឃ ឧទ្ទិសផលជូនទៅដល់ពួកអស់សត្វប្រេតនរកទាំងនោះ»។

ដោយអានុភាពនៃអំពើកុសលផលបុណ្យនោះ សត្វនរកផងទាំងឡាយនឹងបានរំដោះចេញពីទុក្ខភ័យព្ធដ៏កាលនោះ បានទៅកើតព្ធដ៏ស្ថានសួគ៌ទេវលោកនាយ ហើយសឹងឱ្យពរសព្ទសាធុការមកញាតិសន្តានដែលបានធ្វើបុណ្យឱ្យទាន ឧទ្ទិសស្មោះចំពោះជូនទៅនោះឱ្យកើតសុខសួស្តី ទីឃាយុយឺនយូរ ទីទៃមួយព្ធដ៏កាលនោះហោង»។

សេចក្តីសង្កេត៖ គម្ពីរធម្មបទ និងគម្ពីរបេតវត្ថុ ពុំបានបញ្ជាក់កាលបរិច្ឆេទនៃបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌខ្មែរទេ។ រីឯសាស្ត្រាអានិសង្ឃបិណ្ឌ និងសាស្ត្រាវិជ្ជាធរ បានកំណត់កាលបរិច្ឆេទច្បាស់លាស់ គឺពីថ្ងៃ១រោច ខែភទ្របទ ដល់ថ្ងៃ១៥រោច ខែភទ្របទ

គម្ពីរមិលិន្ទប្បញ្ហា បញ្ជាក់ថាប្រេតមាន ៤ពួកគឺ ១. ឧតូបជីវីៈ ពួកប្រេតដែលចិញ្ចឹមជីវិតដោយខ្ទុះឈាម, ២. ខុប្បបាសិកៈ ពួកប្រេតដែលស្គាល់តែទុក្ខវេទនាដោយការស្រេកឃ្លានជានិច្ច, ៣. និជ្ឈាតណ្ហិកៈ ពួកប្រេតដែលភ្លើងឆេះជានិច្ច, ៤.បរទត្តូបជីវិៈ ពួកប្រេតដែលចិញ្ចឹមជីវិតដោយផលទានដែលគេឧ្ទិសឱ្យ។

បណ្តាពួកប្រេតទាំង៤ពួកនេះ មានតែពួកប្រេតទី៤ទេដែលគេឧទ្ទិសជូនទៅហើយអាចទទួលយកបាន ដូចជាពួកប្រេតជាញាតិរបស់ព្រះបាទពិម្ពិសារនោះជាដើម។ គម្ពីរធម្មបទ ជាអដ្ឋកថាភាសាបាលី សរសេរឡើងដោយព្រះពុទ្ធឃោសាចារ្យ និងគម្ពីរបេតវត្ថុ ជាអដ្ឋកថាភាសាបាលី សរសេរឡើងដោយព្រះធម្មបាល។ សាស្ត្រាវិជ្ជាធរ និងសាស្ត្រាអានិសង្ឃបិណ្ឌ គ្មានឈ្មោះអ្នកនិពន្ធ ហើយមិនដឹងជាសរសេរក្នុងពុទ្ធសតវត្សទីប៉ុន្មានឡើយ។

ការកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ ក៏ពុំដឹងជាគេផ្តើមឡើងនៅក្នុងរជ្ជកាលស្តេចអង្គណា? ក្នុងពុទ្ធសករាជ ឬគ្រិស្តសករាជប៉ុន្មានដែរ ប៉ុន្តែក្នុងព្រះរាជពង្សាវតារក្រុងកម្ពុជា រជ្ជកាលព្រះបាទអង្គដួង គ.ស.១៨៤៨-១៨៥៩ មានបញ្ជាក់សេចក្តីបន្តិចថា«ថ្ងៃ១រោច ខែភទ្របទ កាន់បិណ្ឌក្នុងព្រះបរមរាជវាំង ថ្ងៃ១៤រោច ខែភទ្របទ ព្រះរាជាចេញថ្វាយព្រះបិតរ, ថ្ងៃ១៥រោច ខែភទ្របទ ទេសនាគាថាពាន់ប៉ុណ្ណោះ។

អ្នកប្រាជ្ញពុទ្ធសាសនាខ្លះយល់ថា បុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌរបស់ខ្មែរនេះ មានប្រភពចេញពីគម្ពីរពុទ្ធសាសនា មានគម្ពីរធម្មបទដ្ឋកថា និងគម្ពីរបេតវត្ថុនេះជាដើម។ រីឯសាស្ត្រាវិជ្ជាធរក្តី សាស្ត្រាអានិសង្សបិណ្ឌក្តី ក៏មានប្រភពចេញពីគម្ពីរពុទ្ធសាសនាដែរ គ្រាន់តែអ្នកប្រាជ្ញខ្មែរយើងយកមកច្នៃប្រតិដ្ឋសម្របសម្រួលទៅតាមលក្ខណៈពិសេសរបស់ទឹកដី និងប្រជាជនខ្មែរតែប៉ុណ្ណោះ។ ទោះបីយ៉ាងណាក៏ដោយ ក៏គម្ពីរសាស្ត្រាដែលលើកយកមកបង្ហាញខាងលើនេះ មានគោលបំណងដូចគ្នាគឺ បង្ហាញពីទស្សនៈពុទ្ធសាសនាស្តីពីទក្ខិណានុប្បទាន ដែលធ្វើឡើងសម្រាប់អ្នកស្លាប់ទៅហើយ។ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ព្រះសង្ឃ ក្នុងការស្វែងរកបិណ្ឌបាត ព្រោះរយៈពេលនេះ អាកាសធាតុអាប់អួរ ផ្ទៃមេឃក្រាស់ដោយពពក ភ្លៀងធ្លាក់រលឹមជាប់។ បង្ហាញពីមនោសញ្ចេតនារបស់គ្រួសារខ្មែរដែលតែងតែមានផ្នត់សម្ពន្ធភាពយ៉ាងស្អិតល្មួតរវាងគ្នានឹងគ្នា ទោះបីជាអ្នកណាមួយក្នុងគ្រួសារត្រូវបាត់បង់ជីវិតទៅហើយក៏ដោយ ក៏ពុំអាចរលុបឬបំភ្លេចចោលនោះឡើយ៕

អត្ថបទផ្សេងៗដែលលោកអ្នកគួរយល់ដឹង

ព្រះសង្ឃមិនអាចប៉ះពាល់ស្រ្ដីបាន ចុះបើឃើញមានករណីនារីលង់ទឹក តើព្រះអង្គអាចជួយសង្គ្រោះនាងបានដែរឬទេ?

admin

កូនៗគួរដោះបំណុលឪពុកម្ដាយបែបណា ហើយគួរធ្វើឱ្យពួកគាត់សប្បាយចិត្តបែបណា ?

BCNews02

សម្ដេចព្រះបណ្ឌិត យ៉ន សេងយៀត៖ អាក្រក់បំផុតពុទ្ធបរិស័ទសម្លាប់សម្ដេចសង្ឃ ជាអ្នកប្រាជ្ញដ៏ល្បីល្បាញនៅទូទាំងអាស៊ាន

BCNews02