សារព័ត៌មានពុទ្ធសាសនា

កូនកំព្រាទីទ័លក្រ ជាង៥០នាក់ បន្ដចូលមកកាន់វត្ដប្រាសាទនាងខ្មៅដើម្បីសាងអនាគតថ្មី

Image default
ពុទ្ធសាសនាយុវជនយុវជនការសិក្សា

រហូតមកដល់ពេលបច្ចុប្បន្ននេះ វត្ដប្រាសាទនាងខ្មៅនៅតែបន្ដទទួលយកក្មេងកំព្រីកំព្រាគ្មានទីពឹង ហើយកុមារទាំងនេះអាចនឹងក្លាយជាទំពាំងស្នងឫស្សី ក្រោយទទួលបានបណ្ដុះបណ្ដាលល្អ ហើយសង្ឃឹមថាពួកគេនឹងមានជីវិតភ្លឺស្វាងនាពេលអនាគត។

ព្រះអង្គ ជួន កក្កដា ព្រះវិន័យធរខេត្តតាកែវ និងជានាយកសាលាពុទ្ធិកបឋមសិក្សាវត្ដប្រាសាទនាងខ្មៅ បានសរសេរបង្ហោះនៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់ព្រះអង្គថា៖ កូនសិស្សកំព្រា និងទីទ័លក្រមកសុំស្នាក់នៅវត្ដប្រាសាទនាងខ្មៅរៀនធម៌ ដើម្បីត្រៀមបួស នាពេលបច្ចុប្បន្ននេះ មានចំនួន៥៧រូបហើយ។

ព្រះអង្គធ្លាប់មានថេរដីកាកាលពីពេលកន្លងមកនេះថា«នៅក្នុងរយៈពេល១២ឆ្នាំមកនេះ ដោយគិតចាប់ពីឆ្នាំ២០១២ រហូតមកដល់ឆ្នាំ២០២៤ ខ្ញុំព្រះករុណា អាត្មាភាព និងព្រះអង្គ ភិន វុទ្ធី ព្រះចៅអធិការវត្តប្រាសាទនាងខ្មៅ ទទួលបានកូនសិស្សសរុប ៤,៦៧៧អង្គនិងនាក់។ អ្វីៗក៏ដោយ គឺជាការធ្វើចេញពីបេះដូងនោះ យើងសប្បាយចិត្ត និងរីករាយជានិច្ច ដើម្បីជាតិយើង សាសនាយើង»។

ព្រះពុទ្ធសាសនាបានចាក់គ្រឹះនៅក្នុងសង្គមខ្មែរមានអាយុកាលពាន់ឆ្នាំកន្លងមកហើយ ហើយវត្ដអារាមតែងតែក្លាយជាឃ្លាំងថែរក្សា និងជាថ្នាលបណ្ដុះបណ្ដាលនូវគុណធម៌ សីលធម៌ វប្បធម៌ អរិយធម៌ និងចំណេះជំនាញផ្សេងៗទៀត។ រីឯអ្នកគ្មានទីពឹងស្នាក់អាស្រ័យរៀនសូត្រ ដូចជាកុមារកំព្រាជាដើម តែងតែរត់មករកវត្ដអារាមជួយ ដើម្បីកសាងអនាគតរបស់ពួកគេឱ្យភ្លឺស្វាងនាពេលខាងមុខ។ ជាការពិតណាស់ ថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជាជាច្រើននាក់ ក៏សុទ្ធតែធ្លាប់មកជ្រកកោនរៀនសូត្រនៅតាមវត្ដអារាមនានាផងដែរ។

ព្រះតេជគុណ ភិន វុទ្ធី ព្រះចៅអធិការវត្ដប្រាសាទនាងខ្មៅធ្លាប់មានថេរដីកាប្រាប់ដល់សារព័ត៌មាន Buddhist Cambodia News កាលពីខែសីហា ឆ្នាំ២០២៤កន្លងទៅថា វត្ដប្រាសាទនាងខ្មៅ បច្ចុប្បន្នមានព្រះសង្ឃគង់នៅចំនួន៣៩០អង្គ និងកូនសេក្ខ(អ្នកកំពុងសិក្សា, សិស្សលោក ឬកូនសិស្ស) ជាង៥០នាក់។ រីឯការចំណាយក្នុងមួយខែៗ ទាំងការចំណាយទៅលើប្រាក់ឧបត្ដម្ភដល់គ្រូបង្រៀន, ការចំណាយទៅលើទឹក, ភ្លើង និង ចង្ហាន់ប្រចាំថ្ងៃផង គឺក្នុង១ខែៗអស់ចន្លោះពី ១៥ ០០០ដុល្លារ-២០ ០០០ដុល្លារអាម៉េរិក។

សូមជម្រាបថា វត្ដប្រាសាទនាងខ្មៅមានទីតាំងនៅជាប់នឹងផ្លូវជាតិលេខ២ ស្ថិតក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ វត្ដប្រាសាទនាងខ្មៅ មានចម្ងាយប្រហែលជា៥០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ៕

អត្ថបទផ្សេងៗដែលលោកអ្នកគួរយល់ដឹង

ក្រសួងធម្មការ លើកទិសដៅ បន្ដការងារពុទ្ធិកសិក្សា សម្រាប់ឆ្នាំ២០២៤-២០២៥

BCNews02

ព្រះគ្រូមហា ចារ សំសារ៉ូន៖ ដើម្បីមិនឱ្យតម្លៃព្រះសង្ឃធ្លាក់ចុះ អ្នកបួសត្រូវខិតខំរៀន

BCNews02

នៅតែបន្លំយកទូរសព្ទចូលបាន និងមានឧបសគ្គអ្វីខ្លះទៀតកើតឡើងក្នុងពេលប្រលង ?

BCNews02