សារព័ត៌មានពុទ្ធសាសនា

តើអត់ទ្រព្យធ្វើបុណ្យកើតដែរឬទេ?

Image default
ជំនឿប្រពៃណីពុទ្ធសាសនាសង្គម

មនុស្សមួយចំនួន តែងតែគិត ថា ការទៅធ្វើបុណ្យទាន លុះត្រាតែមានទ្រព្យសម្បត្ដិ ឬ លុយកាក់ច្រើន ទើបអាចធ្វើបាន។ ប៉ុន្ដែលោក ឆាត សុឆេត មន្រ្ដីជាន់ខ្ពស់មួយរូប នៃក្រសួងធម្មការ និង សាសនា ហើយក៏ជាអតីតបញ្ញវន្ដសង្ឃ បានអះអាង ផ្ទុយពីនេះ ថា ការធ្វើបុណ្យមិនចាំបាច់លុយកាក់នោះទេ។

លោក ឆាត សុឆេត បានមានប្រសាសន៍ ថា៖«ការធ្វើបុណ្យ មានប៉ុន្មានធ្វើប៉ុណ្ណឹង។ អត់លុយក៏ធ្វើបុណ្យបានដែរ។ កុំខ្ចីទ្រព្យគេ យកមកធ្វើបុណ្យ។ គាត់មិនលើទឹកចិត្តបែបនេះឡើយ គឺធ្វើបុណ្យតាមកម្លាំងទ្រព្យ លើសលប់មិនគាប់ដែលខ្លួនមាន កុំឱ្យខឹងក្រោយនាំខូចទាន ចំណាយធនធានឥតបានផល»។

លោក ឆាត សុឆេត បានបន្ដ ថា៖«រឿងថា អត់ធ្វើបុណ្យអត់កើត ចូលវត្ដអត់បាន គឺយើងជាអ្នកថាតើ។ ការធ្វើបុណ្យ កើតចេញពីទឹកចិត្តជ្រះថ្លា មានប៉ុន្មានធ្វើប៉ុណ្ណឹង។ អត់លុយក៏ធ្វើបុណ្យកើតដែរ ដូចជារឿងទេវធីតាមួយអង្គ កាលនៅជាមនុស្ស ជាអ្នកក្រីក្រខ្លាំងណាស់ អត់មានលុយកាក់ធ្វើបុណ្យទាននឹងគេ មានតែនៅយាមទ្រនាប់ជើងឲ្យគេ ខណៈមនុស្សម្នាកំពុងតែធ្វើបុណ្យទាន។ លុះពេលគាត់ស្លាប់ទៅបានទៅកើតនៅឯទេវលោក មានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ និង មានបរិវារយ៉ាងច្រើន។ ប៉ុន្ដែនៅពេលព្រះមហាមោគ្គលាននិមន្ដទៅឃើញ ហើយសួរតាមដំណើររឿងនេះ ទើបទេវធីតាអង្គនោះ បានប្រាប់ ថា«ខ្ញុំព្រះករុណា ធ្វើបុណ្យតិចណាស់ គឺយាមទ្រនាប់ជើងឲ្យគេ»។

លោក ឆាត សុឆេត បានបន្ថែម ថា៖« ការធ្វើបុណ្យ គឺកុំគិតថាទ្រព្យតិច គឺទី១-ថាតើផ្លូវចិត្តរបស់យើងជ្រះថ្លាដែរឬអត់? ទី២-កុំគិតថាទ្រព្យយើងតិច តើចូលវត្ដបានសមាទានសីលដែរឬអត់? ទី៣-កុំគិតថាទ្រព្យយើងតិច តើចូលដល់វត្ដយើងបានចម្រើនភាវនាដែរឬអត់? ទី៤-កុំគិតថាទ្រព្យតិច តើចូលដល់វត្ដ យើងបានថ្វាយបង្គំ និង ប្រគេនដល់ព្រះសង្ឃត្រឹមត្រូវដែរឬអត់? ការធ្វើបុណ្យ គឺសម្រេចឡើង ដោយចេតនាដ៏បរិសុទ្ធរបស់យើង»៕

អត្ថបទផ្សេងៗដែលលោកអ្នកគួរយល់ដឹង

ការចូលព្រះវស្សា នៅក្នុងព្រះពុទ្ធសាសនា

admin

តើនឹងទទួលបានផលបែបណាខ្លះ ពីការបរិច្ចាគទាន ?

BCNews02

ព្រះមេគណរាជធានី បន្ដដឹកនាំព្រះសង្ឃវត្ដបទុម ចែកបបរសម្រាលបន្ទុកការចំណាយ នៅមន្ទីរពេទ្យគន្ធបុប្ផាទី២

BCNews02