សារព័ត៌មានពុទ្ធសាសនា

ព្រះមេគណរាជធានី បន្ដដឹកនាំព្រះសង្ឃវត្ដបទុម ចែកបបរសម្រាលបន្ទុកការចំណាយ នៅមន្ទីរពេទ្យគន្ធបុប្ផាទី២

Image default
ជំនឿប្រពៃណីពុទ្ធសាសនាសង្គម

ព្រះសង្ឃខ្មែរតែងតែដឹងសុខទុក្ខរបស់ពុទ្ធបរិស័ទយ៉ាងច្បាស់ជាងអ្នកណាទាំងអស់ ព្រោះតែព្រះអង្គរមែងនិមន្ដត្រាច់ចរបណិ្ឌបាតគ្រប់ច្រកល្ហក ហើយបានឈ្វេងយល់អំពីជីវភាពរស់នៅរបស់ពួកគាត់។ ស្របគ្នាជាមួយនឹងពិធីបុណ្យភ្ជុំបិណ្ឌនេះដែរ ព្រះសង្ឃវត្ដបទុមវតី បានចែកបបរ(យាគូ) ដល់ប្រជាពលរដ្ឋដែលបាននាំកូនចៅ ឬកុមារ មកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាទី២ កាលពីព្រឹកថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះគ្រូសូធ្យស្តាំវត្តបទុមវតីរាជវរារាម បានចាត់ចែងព្រះសង្ឃវត្ដបទុមវតីឱ្យនាំយកបបរ(យាគូ) ទៅចែកជូនដល់បុគ្គល និង ប្រជាពលរដ្ឋប្រុសស្រី ដែលបាននាំកូន(កុមារ) មកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាទី២ ក្នុងវេនបិណ្ឌទី៨។ សកម្មភាពទាំងនេះក៏បានរួមចំណែកពីសទ្ធាជ្រះថ្លារបស់អស់លោក លោកស្រី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ព្រមទាំងកូនចៅនៃគណ:កម្មការទ្រទ្រង់បណ្ណាល័យអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ទាំងអស់ ព្រមទាំងញាតិព្រះធម៌ផងដែរ។

ទន្ទឹមគ្នានេះ ព្រះសង្ឃ បានជូនពរដល់កុមារទាំងអស់ដែលកំពុងតែសម្រាកព្យាបាល សូមឱ្យឆាប់ជាសះស្បើយពីរោគាទាំងឡាយទាំងពួង ហើយសមប្រកបដោយពុទ្ធពរ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សកម្មភាពរបស់ព្រះសង្ឃវត្ដបទុមវតី ក៏ដូចជាទំនៀមទម្លាប់របស់ព្រះសង្ឃនៅតាមបណ្ដាវត្ដអារាមផ្សេងៗទៀតទូទាំងប្រទេសកម្ពុជាដែលតែងតែទៅសួរសុខទុក្ខដល់ពុទ្ធបរិស័ទចំណុះជើងវត្ដ ខណៈមានជំងឺ ឬជួបនឹងគ្រោះអាសន្ន។ បើតាមតំបន់ខ្លះ ដូចជាអ្នកនៅខេត្តកំពត ជាដើម គេច្រើននិយមហៅថា «សង្គហៈ»។ កាលណាអ្នកភូមិ ឬពុទ្ធបរិស័ទចំណុះជើងវត្ដណាម្នាក់មានជំងឺឈឺធ្ងន់ធ្ងរ គឺព្រះសង្ឃតែងតែដឹកនាំអាចារ្យ គណៈកម្មការវត្ដ ប្រកូកប្រកាសដល់ពុទ្ធបរិស័ទចំណុះជើងវត្ដទាំងមូលនាំគ្នាទៅសួរសុខទុក្ខដល់អ្នកជំងឺនោះ។ ការណ៍ទៅសួរសុខទុក្ខនេះ ក៏មានការភ្ជាប់ទៅជាមួយរបស់របរ ឬរៃអង្គាសលុយកាក់គ្នាតាមកម្លាំងសទ្ធាសម្រាប់នាំយកទៅឧបត្ថម្ភដល់អ្នកជំងឺ អាចយកលុកកាក់ទាំងនោះទៅដោះស្រាយបន្ទុកផ្សេងៗមួយចំណែកដែលកំពុងតែប្រឈមមុខផងដែរ៕

អត្ថបទដោយលោក ណុប ស៊ីនួន

អត្ថបទផ្សេងៗដែលលោកអ្នកគួរយល់ដឹង

រលក​​រិះគន់ខ្លាំង វាយប្រហារលើព្រះចៅអធិការវត្ដអូរត្រេះ

BCNews02

កូនៗគួរដោះបំណុលឪពុកម្ដាយបែបណា ហើយគួរធ្វើឱ្យពួកគាត់សប្បាយចិត្តបែបណា ?

BCNews02

តើសុរាឬស្រា មានដើមកំណើតតាំងពីពេលណា និងមានគុណវិបត្ដិអ្វីខ្លះដល់នគរ?

BCNews02