វត្តពុទ្ធគិរីកម្ពុជា គឺជាអារាមស្ថានពុទ្ធសាសនាមួយដ៏ល្បី និងជាទីពេញនិយមក្នុងការទៅគោរពបូជា និងទស្សនាកម្សាន្ត។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌបែបប្រពៃណី ទំនៀមទម្លាប់ និងបែបព្រះពុទ្ធសាសាសនាជាតិខ្មែរយើងនេះ វត្តពុទ្ធគិរីកម្ពុជា ជាទីដ៏សមគួរមួយក្នុងការទាក់ទាញដំណើរកម្សាន្ត និងធ្វើបុណ្យទានចូលគ្នា។
វត្តពុទ្ធគិរី ស្ថិតក្នុងភូមិត្រពាំងស្គា ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ នៅមិនឆ្ងាយប៉ុន្មានពីរមណីដ្ឋានដ៏ល្បីមួយទៀត គឺរមណីយដ្ឋានអន្លង់ភ្ញៀវ។ បើគេចង់ធ្វើដំណើរទៅវត្តពុទ្ធគិរីកម្ពុជា អាចចេញពីភ្នំពេញតាមផ្លូវជាតិលេខ២ដ៏ធំទូលាយ ក្នុងចម្ងាយប្រមាណ៧៦គីឡូម៉ែត្រ ដល់ទីរួមស្រុកត្រាំកក់ ឬផ្សារអង្គតាសោម បត់ស្ដាំតាមដងផ្លូវលេខ១៣២ ទៅទិសខាងលិចត្រង់ ចម្ងាយប្រមាណ៣០គីឡូម៉ែត្រទៀតនឹងដល់ហើយ។
វត្តពុទ្ធគិរីកម្ពុជា ជាវត្តបានកសាងព្រះពុទ្ធរូបមុនដំបូងគេបង្អស់ និងច្រើនជាងគេបំផុតនៅលើសាកលលោករហូតដល់ទៅ ៨៤០០០ ព្រះអង្គដាក់តម្កល់នៅតាមជម្រាលកូនភ្នំដ៏តូចច្រឡឹងមួយ។
ការកសាងព្រះពុទ្ធរូបរាប់ម៉ឺនអង្គបែបនេះទុកជាតំណាងឱ្យព្រះត្រៃបិដកទាំង៣៖ ១-តំណាងឱ្យព្រះវិន័យមាន(២១០០០) ព្រះធម្មខន្ធ។ ២-តំណាងឱ្យព្រះសូត្រមាន(២១០០០) ព្រះធម្មខន្ធ។ ៣-តំណាងឱ្យព្រះអភិធម្មមាន (៤២០០០) ព្រះធម្មខន្ធ។
វត្តពុទ្ធគិរីកម្ពុជាចាប់ផ្តើមកសាងឡើងនៅថ្ងៃចន្ទ ៩រោច ខែអាសាឍ ឆ្នាំរកា ព.ស. ២៥៦១ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧។ ការកសាងក្រោមគំនិតផ្តួចផ្តើមរបស់លោកជំទាវមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភមែន ភក្តី ហុកឡងឌី និងកូនចៅ ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។ គោលបំណងសំខាន់មួយនៃការកសាងវត្តពុទ្ធគិរីកម្ពុជា គឺឧទ្ទិសថ្វាយចំពោះព្រះពុទ្ធសាសនានៃព្រះជិនស្រីជាម្ចាស់៕
ដោយ ចន្ទ អក្ខរា