អ្វីដែលមហាជនយល់ខុសកន្លងមកនោះ គឺយល់ថាព្រះពុទ្ធជាព្រះទី១ ជាបុគ្គលដ៏ខ្ពង់ខ្ពស់ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ។ ឬគោរព បូជា ចំពោះព្រះសង្ឃជាងឪពុកម្ដាយ ជាអ្នកមានគុណរបស់ខ្លួន ។ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាបានផ្ដល់ឱវាទថា យល់បែបនេះ ខុសហើយ គឺឪពុកម្ដាយទេជាព្រះទី១ឧត្តុង្គឧត្តមជាងព្រះពុទ្ធ ព្រះសង្ឃទៅទៀត ។ ព្រះអង្គចង់ឱ្យកែទម្លាប់យល់ខុសបែបនេះ ។
សម្ដេចពិន សែម ផ្ដល់ឱវាទដល់ពុទ្ធបរិស័ទថា«ជ្រះថ្លាតែជាមួយព្រះពុទ្ធ ជ្រះថ្លាតែជាមួយព្រះសង្ឃ ទៅថ្វាយបង្គំនមស្ការជាមួយព្រះពុទ្ធ ព្រះសង្ឃ តែម៉ែឪឯងដែលជាព្រះទី១អត់បានគោរពទេ ។ និយាយជាមួយឪពុកម្ដាយ ស្មើៗ ជួនកាលសម្ដីគំរោះគំរើយដាក់ព្រះទី១របស់ខ្លួនទៀត ខ្លះប្រទូស្តរាយជាមួយម៉ែឪឯង និយាយអីមិនសូវស៊ីគ្នាទេ គំហក គំរាមម៉ែឪឯង ។ ធ្វើបែបនេះខុសហើយ !
ពីមុនថាមិនដឹង បើជ្រុលហើយ ជ្រុលទៅ កុំឱ្យមានតទៅទៀត ។ មាតាបិតាជាព្រះទី១ ព្រះពុទ្ធជាព្រះទី២ ។ ព្រះពុទ្ធបង្រៀនឱ្យស្រលាញ់ គោរព បម្រើ បដិបត្តិ ព្រះទី១ ។ ជ្រះថ្លានឹងព្រះទី១ សឹមច្រះថ្លានឹងព្រះពុទ្ធ ។ បើមិនបានជ្រះថ្លា គោរពដឹងគុណព្រះទី១ ព្រះពុទ្ធអត់ទទួលស្គាល់ទេ ទៅគោរពព្រះអង្គ ព្រះអង្គអត់ទទួលស្គាល់ទេ ព្រោះយើងប្រមាថមាក់ងាយព្រះទី១» ។
ចៅអធិការវត្តរាជបូណ៌ ដ៏មានកេរ្តិ៍ឈ្មោះអង្គនេះនិទានពន្យល់ថា ខែភ្ជុំបិណ្ឌ ខែចូលឆ្នាំ ដាំស្លរែកទៅវត្តទាំងឆ្នាំង(បើពីបុរាណ) យកទៅដួសប្រគេនព្រះសង្ឃ នៅវត្ត ។ ដល់សល់បាតឆ្នាំងត្រឡប់មកវិញ ដួសទៅជូនម៉ែ ឪ ។ កាលយកទៅប្រគេនព្រះសង្ឃ ក្រាបថ្វាយបង្គំ៣ដង ហើយលើកទេយ្យវត្ថុប្រគេនទន់ភ្លន់ ដល់សល់ពីវត្តយកទៅដួសឱ្យម៉ែឪ ។ ទៅដល់ផ្ទះឃើញម៉ែឪអង្គុយនៅផ្ទះ កាន់សម្លទៅដល់អត់រៀបចំជូនពួកគាត់ទេ យកទៅដាក់លើតូប ហើយប្រាប់ថាខ្ញុំយកសម្លមកជូនពុកម៉ែ ចាំយកពិសាទៅ ។ បែបនេះប្រហែលយកបាយទៅឱ្យឆ្មាស៊ី ! បែបនេះខុសហើយ កែចេញ ។ ព្រះពុទ្ធបង្រៀនឱ្យបូជាព្រះក្នុងផ្ទះមុនទៅបូជាតថាគត ឬបូជាព្រះសង្ឃខាងក្រោយ ។ ពីមុនសល់ពីវត្តបានជូនម៉ែឪ ឥឡូវបូជាជូនម៉ែឪរួច ចាំយកទៅវត្តតាមក្រោម ។
ចំពោះវត្ថុចែកមិនកើត ជូនម៉ែឪផងមិនកើត ប្រគេនព្រះសង្ឃផងមិនកើត សម្ដេចពិន សែម ថាមិនបាច់យកទៅប្រគេនព្រះសង្ឃទេ បូជាម៉ែឪតែម្ដងទៅ បានបុណ្យ បានអានិសង្ឃដូចតែគ្នា ។
តើព្រះពុទ្ធឱ្យតម្លៃចំពោះឪពុកម្ដាយប៉ុនណាទៅ សម្ដេចពិន សែម បញ្ជាក់ថា«យើងយល់ថាព្រះពុទ្ធជាបុគ្គលដ៏ខ្ពង់ខ្ពស់ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ជាទីសក្ការៈដែលយើងគោរពបូជា តែព្រះពុទ្ធថាម៉ែឪទេដែលមានអានុភាពខ្ពង់ខ្ពស់ ជាងព្រះពុទ្ធ ។ ព្រះពុទ្ធត្រាស់ថាកូនណាដែលចេះគោរពដឹងគុណ ចេះក្រាបថ្វាយបង្គំមាតា បិតា អ្នកនោះជាពូជរបស់ព្រះអង្គ ជាសក្យត្រកូល ។ កូនប្រុសស្រីណាគោរពបូជា ដឹងគុណ មាតាបិតា គឺជាសក្យត្រកូលជាមួយព្រះពុទ្ធ ជាឈាមជាមួយព្រះពុទ្ធហើយ» ៕ ចន្ទ្រ អក្ខរា