សារព័ត៌មានពុទ្ធសាសនា

ចង់ឱ្យសុខដុមនីយកម្មសាសនា នៅកម្ពុជាល្អបែបនេះតទៅទៀត

Image default
ជំនឿប្រពៃណីពុទ្ធសាសនាសង្គម

រាជរដ្ឋាភិបាលកម្ពុជានីតិកាលមុនៗ ក៏ដូចជារាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានផ្ដោតយកចិត្តទុកដាក់លើការរក្សានូវសុខដុមនីយកម្មផ្នែកសាសនា ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការទទួលបាននូវសុខសន្តិភាព និងស្ថិរភាពពេញលេញនៅកម្ពុជា។ នេះបានន័យថារដ្ឋាភិបាលបើកសិទ្ធិសេរីភាពចំពោះជំនឿសាសនា ។

ជាភស្តុតាងជាក់ស្ដែងនៃសេរីភាព និងសុខដុមនីយកម្មសាសនានេះ ឧកញ៉ាឃ្នួរ ម៉ាត់ សា មេដឹកនាំសហគមន៍ឥស្លាមក្រុមកនអ៊ីម៉ាំសាន់កម្ពុជា ប្រចាំខេត្តកំពង់ឆ្នាំង  ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌជាបុណ្យមានលក្ខណៈប្រពៃណីជាតិផង និងបុណ្យបែបព្រះពុទ្ធសាសនាផងនេះ បានអញ្ជើញទៅសាកសួរសុខទុក្ខ និងប្រគេនទេយ្យទានដល់សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះចៅអធិការវត្តឧណ្ណាលោម រាជធានីភ្នំពេញ ។ ការចូលជួបសាកសួរសុខទុក្ខកាលពីថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៤នោះ សម្ដេចយ៉ន សេងយៀត ក្នុងព្រះនាមព្រះអង្គផ្ទាល់ ក៏ដូចជាព្រះសង្ឃវត្តឧណ្ណាលោមទាំងមូលបានជូនព្រះពុទ្ធពរដល់លោកឧកញ៉ា ទទួលបានសេចក្តីសុខចម្រើន សុខភាពល្អបរិបូណ៌ ។

ឃើញសកម្មភាពបែបនោះតេជគុណកែវ សុផាត់ គង់នៅវត្តប្រាសាទភ្នំជីសូរ ស្រុកសំរោង ខេត្តតាកែវ មានថិរដីកាថាសុខដុមរមនាសានានេះជារឿងល្អ ព្រោះបច្ចុប្បន្ននេះវិវាទ ឬទំនាស់សាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជា ដូចជាអត់មានទេ ។ អត់មានប្រកាន់បក្សពួក ថាអ្នកនេះសាសនានេះ អ្នកនោះសាសនានោះទេ ។ មើលទៅប្រជាពលរដ្ឋរស់នៅអាស្រ័យលើសិទ្ធិរបស់គាត់ គាត់ប្រកាន់ខ្ជាប់សាសនាណាអាស្រ័យលើពួកគាត់ ។

នៅក្នុងប្រទេសយើងដឹងស្រាប់ហើយប្រមាណ៩៥ភាគរយកាន់ព្រះពុទ្ធសាសនា ប្រមាណ៥ភាគរយទៀតទៅលើអ៊ិស្លាមសាសនា គ្រឹស្ដសាសនា និងសាសនា ផ្សេងៗទៀត ។ ដូច្នេះតេជគុណកែវ សុផាត់ មានថិរដីកាថា«បើសិនសុខដុមនីយកម្មសាសនាដែលមានដូចសព្វថ្ងៃនេះនៅតែបន្តល្អរហូតទៅ អាត្មាយល់ថាល្អប្រសើរមែនទែន សម្រាប់សាសនាទាំងអស់ដែលផ្ដល់សិទ្ធិឱ្យប្រជាពលរដ្ឋទាំងអស់មានសិទ្ធិពេញលេញក្នុងការប្រកាន់ខ្ជាប់ក្នុងសាសនាទាំងអស់នេះ ។ ដូចអាត្មាបានឃើញជាក់ស្ដែងអ៊ីចឹងខាងសាសនាអ៊ិស្លាមក៏បានមកចូលរួមពិធីបុណ្យភ្ជុំបិណ្ឌរបស់យើងផងដែរជាមួយនឹងសម្ដេចយ៉ន សេងយៀត ។ នេះដោយសារអី ដោយសារតែមានសុខដុមនីយកម្មសាសនានៅក្នុងប្រទេសយើង ។ យើងមិនប្រកាន់សាសនាណាទេ សុទ្ធតែជនជាតិខ្មែរតែមួយ ។ ដូច្នេះអាត្មាគាំទ្រ និងចង់ឱ្យបន្តសុខដុមនីយកម្មសាសនានេះ ឬអ្នកកាន់សាសនា ផ្សេងៗគ្នាហ្នឹងរួមរួមគ្នាក្នុងនាមប្រជាជាតិខ្មែរតែមួយ» ។

ចំណែកលោកនេត្រ សីហា ពុទ្ធបរិស័ទនៅសង្កាត់បឹងទំពុន រាជធានីភ្នំពេញ កត់សម្គាល់ឃើញថាមិនមានផលរមាស់អីធំដុំទេផ្នែកសាសនាផ្សេងៗនៅកម្ពុជា ។ ធម្មតាការរស់នៅក្នុងសង្គម សាសនាទាំងអស់តែងតែដឹកនាំបរិស័ទឱ្យល្អ ហើយទោះបីជាមានស្នាមដំបៅអីបន្តិចបន្ទួចក៏ចាត់ទុកថាជាកាសាមគ្គីល្អហើយសម្រាប់គ្រប់បណ្ដាសាសនាទាំងអស់នៅកម្ពុជាយើង ។

លោកនេត្រ សីហា ថ្លែងថា«ខ្មែរយើងអត់ទាន់មានជម្លោះសាសនាដូចបណ្ដាប្រទេសមួយចំនួនទេ ដូចជានៅឥណ្ឌា ថ្វីដ្បិតតែជាដែនដីពុទ្ធភូមិ ព្រះអង្គទ្រង់ប្រសូតទីនោះមែន ប៉ុន្តែច្របូកច្របល់ច្រើន ។ ចំណែកខ្មែរយើងប៉ុណ្ណឹងចាត់ទុកថាជារឿងមួយល្អបង្គួរ តែបង្គួរនេះវាឈានចូលដល់ស្ទើរតែល្អហើយ»។

កន្លងមកសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីធ្លាប់លើកឡើងថា៖ «រដ្ឋធម្មនុញ្ញកម្ពុជា បានកំណត់ថាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយចារិកជាបាវចនារបស់ប្រទេសជាតិគឺ ជាតិ សាសនា ព្រះមហាក្សត្រដែលបញ្ជាក់ថា បច្ចុប្បន្នក៏ដូចជាទៅអនាគត រាជរដ្ឋាភិបាលនឹងបន្តអនុវត្តដោយខ្ជាប់ខ្ជួនក្នុងការគោរពសេរីភាពខាងជំនឿ ការប្រណិប័តន៍ខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងគាំទ្រការប្រណិប័តន៍សាសនា ផ្សេងៗទៀត និងខិតខំធ្វើឲ្យវត្តអារាម និងវិហារសាសនាឯទៀតៗ ក្លាយជាមជ្ឈមណ្ឌលនៃជីវភាពខាងស្មារតី ដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ ខាងផ្នែកវប្បធម៌ អប់រំ សុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម» ៕ចន្ទ្រ អក្ខរា

អត្ថបទផ្សេងៗដែលលោកអ្នកគួរយល់ដឹង

វិធីកម្ចាត់បាប កម្ចាត់មនុស្សអាក្រក់ មនុស្សកំណាញ់

BCNews02

សម្ដេចព្រះឃោសនន្ទវ៉ា យ៉ាវ មានពន្លឺចែងចាំង ចេញពីរាងកាយដូចព្រះអរហន្ត ?

BCNews02

តើព្រះពុទ្ធសាសនាជួយអ្វីខ្លះដល់សង្គមខ្មែរ?

BCNews02