ក្នុងកិច្ចពិធីមួយចំនួនទាំងតាមបែបទំនៀមទម្លាប់ ប្រពៃណី ទាំងតាមបែបព្រះពុទ្ធសាសនានៃជនជាតិខ្មែរយើង តែងតែមានការច្រូចទឹក ។ ដោយឡែកការច្រូចទឹកក្នុងពុទ្ធសាសនា មានប៉ុន្មានយ៉ាង និងមានខ្លឹមសារបែបណាខ្លះ ?
ការច្រូចទឹកបើតាមការបង្ហាញពីលោកចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាមាន៤យ៉ាងគឺ៖
១-ទក្ខិណោទក ច្រូចទឹកដាក់លើប្រអប់ដៃផ្គុំចូលគ្នា ហៅថាបដិគ្គាហកអ្នកទទួលទក្ខិណាទាន ។ សម័យពុទ្ធកាលទឹកលាងដៃ(ឆាន់បាយនឹងដៃ) បច្ចុប្បន្ន គេធ្វើជា(ទឹកអម្រឹតព្រះនិព្វាន) ទឹកចម្លងអន្លង់៤ កាមោឃៈ ភវោឃៈ ទិដ្ឋោឃៈ អវិជ្ជោឃៈ ។
២-ឧទ្ទិសោទក ច្រូចទឹកឧទ្ទិសភាគផលបុណ្យឆ្ពោះទៅបេតបុគ្គល។ (ឥទំ វោ ញាតីនំ ហោតុ សុខិតា ហោន្តុ ញាតយោ) ទឹកឧទ្ទិសផលបុណ្យ(មេត្តា)។
៣-បត្ថនោទក ច្រូចទឹកតាំងសេចក្ដីប្រាថ្នា។ កាលព្រះពោធិសត្វកើតជាវេស្សន្តរ ទ្រង់ឱ្យទានហើយច្រូចទឹកប្រាថ្នាសូមបានត្រាស់ជាព្រះពុទ្ធ។
៤-សក្ខេយោទក ច្រូចទឹកជាសាក្សី ។ ផ្ចាញ់មារមុនត្រាស់ទ្រង់យកផែនដីជាសាក្សី នាងគង្ហីងព្រះធរណីចេញមកច្បូតសក់ ៕ ចន្ទ្រ អក្ខរា