សារព័ត៌មានពុទ្ធសាសនា

យល់យ៉ាងណាដែរ ឱ្យក្មេងប្រុសច្រៀងកំដរព្រះសង្ឃឆាន់ ?

Image default
ជំនឿប្រពៃណីពុទ្ធសាសនាសង្គម

ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ មានវីដេអូឃ្លីបទិកទុកមួយបង្ហាញទិដ្ឋភាពក្នុងសាលាភត្ត ដែលព្រះសង្ឃកំពុងឆាន់ ហើយស្របពេលនោះក៏មានការរៀបចំឱ្យក្មេងប្រុសជំទង់ម្នាក់ច្រៀងខារ៉ាអូខេ ក្នុងលក្ខណៈដូចជាការកំដរបរិយាកាស ។ អ្នកដែលបានឃើញវីដេអូនេះ ម្នាក់ៗសុទ្ធតែបានសម្ដែងការទើសចិត្ត ទើសភ្នែក ។

វីដេអូឃ្លីបនោះបង្ហាញច្បាស់ថានៅក្នុងសាលាឆាន់នៃវត្តបុព្វរាម?ការថតបាំងមិនឃើញច្បាស់) ក្នុងសង្កាត់ស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

តាមរយៈរូបភាពដែលបង្ហាញ គឺក្មេងប្រុសជំទង់ម្នាក់នោះ ត្រូវគេរៀបចំឱ្យឈរច្រៀងនៅចំពោះមុខព្រះសង្ឃកំពុងឆាន់ ព្រមទាំងមានការសាទរពីពុទ្ធបរិស័ទជាច្រើនដែលនៅក្នុងពិធីនោះ ដោយនាំគ្នាផ្ចង់ទស្សនា និងខ្លះយកទូរស័ព្ទថតរូប ។ ក្មេងប្រុសដែលគេតម្កើង និងលើកកិត្តិយសនោះបញ្ចេញទេពកោសល្យទឹកដមសំឡេងរបស់ខ្លួនតាមរយៈបទបាត់ដំបងបណ្ដូលចិត្ត របស់អធិរាជសំឡេងមាសស៊ីន ស៊ីសាមុត តែកែទំនុកខ្លឹមសារថ្មី ដែលស្ដាប់មិនសូវច្បាស់ តែការឮខ្លះៗដូចជារៀបរាប់ពីភ្ជុំបិណ្ឌ ។
តើសកម្មភាពបែបនេះ មានការយល់ឃើញបែបណា ? ស្របនឹងបុណ្យភ្ជុំបិណ្ឌនៅតែមួយថ្ងៃទៀតនឹងបញ្ចប់គឺថ្ងៃទី១ តុលា ២០២៤

តេជគុណកែវ សុផាត់ គង់នៅវត្តប្រាសាទភ្នំជីសូរ មានថិរដីកាថា«ឮបែបនេះអាត្មាចង់អស់សំណើចដែរ ។ សម្រាប់ការច្រៀងដឹងតែខុសហើយ មិនសមរម្យទៅហើយ ។ វាមិនជាធ្ងន់អីទេ គ្រាន់តែវាមើលទៅអត់សមភ្នែក អត់សមថាជាកន្លែងចម្រៀង ។តែនៅក្នុងផ្ទៃក្នុងនេះ មុននឹងបានច្រៀងមិនដឹងអ្នកណាជាអ្នកផ្ដួចផ្ដើម អ្នកណាជាអ្នកឱ្យធ្វើទេ ដូច្នេះបើយើងនិយាយពីកំហុស គឺអ្នកឱ្យគ្នាច្រៀងនោះឯង គ្នាដឹងតែច្រៀង មានការសំណូមពរអីចឹងទៅ ។ ដូច្នេះអាត្មាគិតថាវាមិនសមរម្យទេ» ។

ចំណែកលោកនេត្រ សីហា ក្នុងនាមជាអ្នកធ្លាប់បួសរៀនច្រើនឆ្នាំ និងបច្ចុប្បន្នជាពុទ្ធបរិស័ទរស់នៅសង្កាត់បឹងទំពន់ រាជធានីភ្នំពេញ ចាត់ទុកសកម្មភាពនោះវាមិនមែនជាការគោរព តែគឺជាការទំយើបុគ្គល ។ លោកថ្លែងថា«វាអត់ត្រូវ ព្រោះព្រះសង្ឃលោកឆាន់ត្រូវពិចារណាពីចង្ហាន់បិណ្ឌបាត្រនេះ ។ ការទទួលចង្ហាន់បិណ្ឌបាត្រមិនមែនដើម្បីឱ្យរាងកាយធំ មានសម្ផស្សសម្រស់ស្រស់ថ្លា មានកម្លាំងខ្លាំងក្លាដូចជាអ្នកប្រដាល់ជាដើម ។ ឆាន់គ្រាន់តែតាំងជីវឥន្ទ្រីជីវិតនេះដើម្បីប្រព្រឹត្តធម៌ ។

ដូច្នេះបើតាមការយល់ឃើញរបស់ខ្ញុំ វាគ្រាន់តែជាលក្ខណៈទំយើបុគ្គល ដែលប្រាសចាកពីធម៌ ពីវិន័យ» ។
លោកអឿន លន់ រស់នៅឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ យល់ថាថ្វីបើមិនជាកំហុសនាំឱ្យដាច់ដោចធំដុំ តែសកម្មភាពច្រៀងឱ្យព្រះសង្ឃស្ដាប់ ឬកំដរព្រះសង្ឃឆាន់នៅក្នុងវត្តបែបនេះមិនគួរឱ្យកើតមានសោះ ។ «ខ្ញុំគ្រាន់តែយ់ថាវាមិនត្រូវ តែក៏មិនយល់ពីគោលបំណងគេធ្វើបែបនោះ ដើម្បីអ្វីដែរ» ។

មិនមានអ្វីអាចសុំការបញ្ជាក់ ពីព្រះសង្ឃ ពុទ្ធបរិស័ទ និងក្មេងប្រុសអ្នកច្រៀងទាក់ទិននឹងគោលបំណងនៃការច្រៀងកំដរព្រះសង្ឃឆាន់នោះទេ ។

មុននេះបន្តិចក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌដែរ មហាជនបានរិះគន់ព្រះចៅអធិការវត្តអូរត្រេះ នៅខេត្តព្រះសីហនុ ចំពោះសកម្មភាពព្រះអង្គដែលចាប់ទាញរបស់របរលក់ដូរ ដូចជាទឹកសុទ្ធជាដើម គប់ចោល ព្រោះតែព្រះអង្គមិនពេញចិត្តការដាក់លក់នៅខាងមុខ ជិតខ្លោងទ្វារចូលវត្ត ៕ ចន្ទ្រ អក្ខរា

អត្ថបទផ្សេងៗដែលលោកអ្នកគួរយល់ដឹង

តើព្រះពុទ្ធសាសនាជួយអ្វីខ្លះដល់សង្គមខ្មែរ?

BCNews02

ក្រសួងធម្មការ លើកទិសដៅ បន្ដការងារពុទ្ធិកសិក្សា សម្រាប់ឆ្នាំ២០២៤-២០២៥

BCNews02

ការបោះបាយបិណ្ឌ តើជាពិធីតាមបែបអ្វី?

BCNews02