សារព័ត៌មានពុទ្ធសាសនា

តើអ្នកបួសចាំបាច់ត្រូវតែកោរចិញ្ចើមឬ?

Image default
ពុទ្ធសាសនាយុវជនយុវជនការសិក្សា

បើតាមទំនៀមទម្លាប់ប្រពៃណីរបស់ព្រះសង្ឃខ្មែរ តែងតែកោរសក់ និង ចិញ្ចើមជារៀងរាល់ថ្ងៃកោរ ឬរៀងរាល់កន្លះខែម្ដង។ បញ្ហានេះ ទើបមានអ្នកខ្លះតែងតែកើតនូវការងឿងឆ្ងល់ ថា ចុះបើអ្នកបួសមិនកោរចិញ្ចើម តើត្រូវអាបត្ដិ ឬមានទោសដែរឬទេ?

បើតាមខ្សែអាត់សំឡេងរបស់សម្ដេចសង្ឃរាជ ជួន ណាត ដែលជាអ្នកប្រាជ្ញខ្មែរ មានព្រះឱង្ការ ថា៖ នៅប្រទេសឥណ្ឌា មានការប្រកាន់ខ្លាំងណាស់ ចំពោះការកោររោមចិញ្ចើម។ កាលណាឃើញយើងកោរចិញ្ចើម គឺគេតែងតែមើលលើ មើលក្រោម នៅក្នុងន័យមើលងាយបំផុត។ ប៉ុន្ដែសម្រាប់ប្រទេសខ្មែរយើងវិញ ព្រះសង្ឃ ឬ អ្នកបួស មានទម្លាប់កោរចិញ្ចើម។

សម្ដេចសង្ឃរាជ ជួន ណាត មានព្រះឱង្ការបន្ដ ថា៖ បើតាមវិន័យ ក៏គ្មានចែង អំពីការត្រូវអាបត្ដិ ឬទោស ចំពោះការមិនកោរចិញ្ចើមនេះដែរ។ បើអ្នកបួសមិនកោរចិញ្ចើម ក៏គ្មានត្រូវអាបត្ដិអ្វីនោះឡើយ។ តែវាគ្រាន់តែជាទម្លាប់របស់ខ្មែរ កាលណាកោរសក់ហើយ ក៏កោរចិញ្ចើមទៅ ព្រោះចិញ្ចើម មានរោមបន្ដិចបន្ដួចប៉ុណ្ណោះ ហើយក៏ចេះតែកោរចោលទៅ។

សម្ដេចសង្ឃរាជ ជួន ណាត មានព្រះឱង្ការពន្យល់ ថា៖ ចិញ្ចើម មានរោមខ្លី និង តិច ហើយវាមិនដុះវែង ដូចជា ពុកមាត់ ពុកចង្ការ និង សក់នោះដែរ។ ការកោរចិញ្ចឹមរបស់អ្នកបួស មានតែប្រទេសខ្មែរយើង ឡាវ ថៃ តែប៉ុណ្ណោះ។ ចំណែកអ្នកបួសមិនកោរចិញ្ចើម មានដូចជា ប្រទេសស្រីលង្កា ភូមា វៀតណាម ជាដើម។ បើតាមគម្ពីរវិន័យបិដក ក៏មិនមានចែង អំពីការត្រូវអាបត្ដិ ចំពោះការកោរចិញ្ចើមនោះឡើយ ប៉ុន្តែវាគ្រាន់តែជាទម្លាប់របស់ប្រទេសនីមួយៗតែប៉ុណ្ណោះ៕ អត្ថបទ ដោយលោក ណុប ស៊ីនួន

អត្ថបទផ្សេងៗដែលលោកអ្នកគួរយល់ដឹង

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ចាប់ផ្តើមបើកវគ្គសិក្សាថ្មី ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

BCNews02

ឱកាសសម្រាប់សមណៈប្រកួតសូត្របាតិមោក្ខ

BCNews02

នៅតែបន្លំយកទូរសព្ទចូលបាន និងមានឧបសគ្គអ្វីខ្លះទៀតកើតឡើងក្នុងពេលប្រលង ?

BCNews02

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. យល់ព្រម អានបន្ថែម