ក្រោយពេលមានបុរសម្នាក់បានអង្គុយសូត្រធម៌ប្រោះព្រំនៅក្នុងព្រះវិហារព្រះអង្គេចេកព្រះអង្គចម ហើយមានអ្នកថតអំពីសកម្មភាពរបស់គាត់ យកមកបង្ហោះនៅតាមបណ្ដាញសង្គមនោះមក មន្ទីរធម្មការនិងសាសនាខេត្តសៀមរាបបានចេញមកបំភ្លឺ ដើម្បីបញ្ចៀសនូវការភ័ន្ដច្រឡំទៅលើជំនឿផ្សេងៗខុសពីការពិត។
បើតាមសេចក្តីបំភ្លឺព័ត៌មានរបស់មន្ទីរធម្មការនិងសាសនាខេត្តសៀមរាប កាលពីថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ថ្ងៃទី១១៤ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថា មន្ទីរធម្មការនិងសាសនាខេត្តសៀមរាបមានកិត្តិយសសូមបំភ្លឺ ប្រគេនជូនដល់ព្រះថេរានុត្ថេរៈ សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់មេត្តាជ្រាបថា៖ ថ្មីៗនេះ មន្ទីរធម្មការនិងសាសនាខេត្ត បានពិនិត្យឃើញថា នៅតាមបណ្តាញសង្គមបានបង្ហោះរូបភាពវីដេអូពីបុគ្គលម្នាក់អង្គុយសូត្រធម៌ប្រោះព្រំតាមបែបពុទ្ធសាសនាដល់ប្រជាពលរដ្ឋដែលទៅគោរពបូជ នៅព្រះវិហារព្រះអង្គចេកព្រះអង្គចម ក្បែររបងព្រះរាជដំណាក់ខេត្តសៀមរាប។
មន្ទីរធម្មការនិងសាសនាខេត្ត សូមពិតប្រគេន និងជម្រាបជូនថា បុគ្គលម្នាក់នោះជាជនមានសតិមិនល្អ រស់នៅស្នាក់អាស្រ័យតាមវត្ត និង បានដើរត្រាច់ចរនៅតាមទីកន្លែងមួយចំនួនជាប្រចាំ។ ថ្មីៗនេះ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ មានបណ្តាញសង្គម(Facebook) ដោយមានគណនីឈ្មោះ KH Angkor បានថត Live ពីសកម្មភាពសូត្រធម៌ប្រោះព្រំ និងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ បណ្តាញសង្គម (Tik Tok) ដែលមានគណនីឈ្មោះ Seng Leng បានបង្ហោះសកម្មភាពសូត្រធម៌ប្រោះព្រំដូចគ្នានេះដែរ ដែលធ្វើឱ្យសាធារណជន និងពុទ្ធបរិស័ទមួយចំនួនមានការយល់ច្រឡំ។
មន្ទីរធម្មការនិងសាសនាខេត្ត សូមសំណូមពរដល់សាធារណជនទាំងអស់មេត្តាពិចារណា និងសូមប្រើប្រាស់ជំនឿប្រកបដោយបញ្ញា និងសូមមេត្តាបញ្ឈប់ការចែកចាយសកម្មភាពទាំងនេះ ដើម្បីចូលរួមថែរក្សាគុណតម្លៃរបស់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនៃយើង៕
អត្ថបទដោយលោក ណុប ស៊ីនួន