នៅក្នុងសង្គមខ្មែរយើងបច្ចុប្បន្ន នៅពេលមានសមាជិកគ្រួសារទទួលមរណភាព គឺតែងតែរៀបចំធ្វើបុណ្យគម្រប់ខួប៧ថ្ងៃបន្តពីបុណ្យសព។ បន្ទាប់មកធ្វើបុណ្យខួប១០០ថ្ងៃទៀត ។ បុណ្យខួប៧ថ្ងៃ និងបុណ្យខួប១០០ថ្ងៃមិនមែនជាបុណ្យទំនៀមប្រពៃណីខ្មែរទេ។ តើជាបុណ្យទំនៀមជាតិណា?
បុណ្យ១០០ថ្ងៃជាប្រពៃណីរបស់ជនជាតិចិនទេ ប៉ុន្តែឥឡូវគ្របដណ្ដប់លើសង្គមខ្មែរពោរពេញទៅហើយ។ ប្រពៃណីចិន កាលណាមានម៉ែឪ បុព្វការីអនិច្ចកម្មទៅ ៧ថ្ងៃធ្វើបុណ្យម្ដង ៤៩ថ្ងៃធ្វើម្ដង ១០០ថ្ងៃធ្វើម្ដង ប៉ុន្តែមិនមែនធ្វើបែបព្រះពុទ្ធសាសនា និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ទេសនា បង្សុកូលទេ មានតែពិធីសែន គឺ៧ថ្ងៃសែនផ្នូរម្ដង ៤៩ថ្ងៃទៅសែនផ្នូរម្ដងទៀត លុះ១០០ថ្ងៃទៅសែនម្ដងទៀត។ ផុតពីនេះទៅមាន១ឆ្នាំឆេងម៉េងផ្នូរម្ដង។
ទោះជាយ៉ាងណាក្ដីសព្វថ្ងៃប្រពៃណី៤៩ថ្ងៃនៅតែចិនសុទ្ធទេ។ ចិនកាត់ចិន-ខ្មែរ អត់មានធ្វើទេ ធ្វើតែត្រឹម៧ថ្ងៃ និង១០០ថ្ងៃប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ឱ្យមហាជនទូទៅយល់ដឹងពីសម្តេចព្រះព្រហ្មរតនមុនីពិន សែម គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះហើយព្រះអង្គថាមិនមែនប្រពៃណីខ្មែរទេ កុំចេះតែធ្វើបុណ្យខួប៧ថ្ងៃ ១០០ថ្ងៃ ដោយមិនដឹងបុណ្យនេះមានប្រភពចេញមកពីណា។ សុទ្ធតែរឿងមិនល្អទាំងអស់សម្រាប់ព្រះពុទ្ធសាសនា។
បើជាបុណ្យរបស់ចិន ៧ថ្ងៃ ១០០ថ្ងៃ ម៉េចបានខ្មែរយើងធ្វើដែរ។ វាឆ្លងកាត់គ្នា ព្រោះជនជាតិចិនមកនៅស្រុកខ្មែរតាំងពីដូនតា ពីណាពីណីមក។ ចិនមកពីស្រុកចិនបានប្រពន្ធខ្មែរ មានកូនមកកាត់ចិនហើយ បើចៅក៏កាត់ចិនដែរ ចៅទួត ចៅលួតក៏កាត់ចិន។
បើបុណ្យប្រពៃណីចិន តែខ្មែរយើងធ្វើទាស់ទេ ខុសទេ បានបុណ្យទេ ឬបាប? សម្ដេចពិន សែម ពន្យល់ថា«អត់អីទេ ត្រូវតែបានបុណ្យ។ ប៉ុន្តែប្រពៃណីឆ្លងមកដល់ចៅ ចៅទួត ចៅលាចិនហ្នឹង មិនមែនសែនផ្នូរដូចមុនទេ គឺ៧ថ្ងៃ ១០០ថ្ងៃ ធ្វើបុណ្យទក្ខិណានុប្បទានតាមបែបព្រះពុទ្ធសាសនាទេ។ ដូច្នេះអត់ទាស់ខុសទេ ទោះបីជារបស់ចិន វាគ្រាន់តែជាប្រពៃណី ហើយក្នុងលក្ខណៈដឹងគុណដូចគ្នា» ។
ចំណែកលក្ខណៈប្រពៃណីខ្មែរវិញធ្វើបែបម៉េច? គឺខ្មែរធ្វើបុណ្យ១ខួប។ ឪពុកម្ដាយ បុព្វការីជនមរណកាលនៅថ្ងៃណាដល់គ្រប់១ខួបត្រូវធ្វើបុណ្យ។ បន្ទាប់មក១ខួបធ្វើម្ដង៕
ដោយ ចន្ទ្រ អក្ខរា