សម្ដេចបណ្ឌិតយ៉ន សេងយៀត អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាសាកលវិទ្យាធិការពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានអប់រំ ទូន្មាន ឱ្យយុវជនមានស្មារតីម្ចាស់ការលើជោគវាសនារបស់ខ្លួន ដើម្បីឱ្យជីវិតមានភាពជោគជ័យសម្រាប់ខ្លួនឯងផង និងសម្រាប់ប្រទេសជាតិខ្លួនកុំឱ្យបរទេសមើលងាយផង ។ មួយក្នុងចំណោមគតិល្អៗនោះ សម្ដេចថាត្រូវរកឱ្យឃើញអ្វីជាគោលដៅជីវិតរបស់ខ្លួន … ។
សំដៅជាពិសេសចំពោះយុវជន សម្ដេចបណ្ឌិតយ៉ន សេងយៀត មានថិរដីកាថា នៅក្នុងជីវិតនឹងមានពេលមួយ ក្មួយត្រូវតែ«ជ្រើសរើខ្លួនឯង» មានន័យថាត្រូវតែកំណត់ថានេះជាម្ចាស់ជីវិតខ្លួនឯង ។ ដូច្នេះហើយបានជាព្រះពុទ្ធជាម្ចាស់កំណត់ទ្រឹស្ដីមួយថា«អត្តាហិ អត្តនោនាថោ» គេបកប្រែថា«ខ្លួនទីពឹងខ្លួន» តាមពិតមានន័យថា«ខ្លួនជាម្ចាស់ជីវិតខ្លួនឯង» គឺខ្លួនឯងអ្នកសម្រេច ។ ដូច្នេះក្មួយផ្ដើមចេញពីហ្នឹងទៅ តើក្មួយចង់បានអី ? ក្មួយខ្លះដឹកនាំជីវិតទៅតាមទំនោរសង្គម បើមិត្តភក្ដិថារៀនភាពជាអ្នកដឹកនាំ រៀនបែបនេះដែរ ឃើញភាគច្រើនរៀនសេដ្ឋកិច្ច ក៏រៀនសេដ្ឋកិច្ចដែរ ។ គេរៀនច្បាប់ ក៏រៀនច្បាប់ដែរ ។ ដល់ទីបំផុតអត់មានអ្វីទាំងអស់ ។
សម្ដេចបណ្ឌិតយ៉ន សេងយៀត ជូនជាយោបល់ថា«ក្មួយប្រុសក្មួយស្រីត្រូវតែមានគោលដៅ ហើយរៀនរស់ម្នាក់ឯង កុំពឹងម៉ាក់ប៉ាច្រើនពេក ម៉ាក់ប៉ាមិននៅជាមួយក្មួយមួយជីវិតទេ ។ ដូច្នេះហើយទី១រកឱ្យឃើញអ្វីជាគោលបំណងនៅក្នុងជីវិត ហើយកុំព្យាយាមធ្វើចេះគ្រប់រឿង ។ អ្នកណាមួយចេះគ្រប់រឿងមានន័យថាគេអត់ចេះទាំងអស់ ។ ទី២រៀនប្រឈមមុខ និងទទួលយកនូវរឿងរ៉ាវដ៏ច្រើនក្នុងជីវិត ។ ហើយកុំបួងសួងឱ្យឆាកជីវិតនេះស្រួល ងាយ និងមានមនុស្សគ្រប់គ្នាមកសង្គ្រោះគ្រប់ពេលជួបវិបត្តិ ។ អត់ទេ ! ត្រូវចងចាំថាមានមនុស្សដែលចូលចិត្តក្មួយស្ងាត់ៗ និងមានមនុស្សស្អប់ក្មួយស្ងាត់ៗ ក្នុងនោះអ្នកស្អប់ក្មួយក៏មានសមាជិគគ្រួសារក្មួយដែរ ដែលមិនចូលចិត្តក្មួយ និងស្រលាញ់ក្មួយ ។ រឿងនេះជារឿងជីវិតពិតប្រាកដ មនុស្សលោកគឺអ៊ីចឹង បើមិនអ៊ីចឹងមិនមែនមនុស្សលោកទេ ។ ស្អប់ ស្រលាញ់ ឈ្នានីស ព្យាបាទ សង្គ្រោះ ស្រលាញ់ សព្វបែបយ៉ាង ។
កុំបួងសួងថាសូមឱ្យឆាកជីវិតខ្ញុំកុំជួបរឿងអ្វីទាំងអស់ អត់បានទេ ! មានតែមួយគឺព្យាយាមរស់ ហើយប្រឈមនឹងជីវិត» ។
មើលឃើញជាក់ស្ដែងក្នុងសង្គមបច្ចុប្បន្ននេះ សម្ដេចបណ្ឌិតយ៉ន សេងយៀត ដាស់តឿនថា ពេលមានរឿងកុំព្យាយាមនិយាយប្រាប់គេច្រើនពេក គេមិនចង់ស្ដាប់យើងទេ ពីព្រោះគេក៏មានរឿងរបស់គេដែរ ។ កុំយំសោក ពិភពលោកនេះហេតុអីរឿងនេះធ្លាក់មកលើខ្ញុំ ! យ៉ាងច្រើនណាស់គេជូនពរតាមហ្វេសប៊ុក គេថាឆាប់យកអាហ្នឹងចេញទៅ ។ ក្មួយស្រីខ្លះស្អាតទៅយំដាក់ហ្វេសប៊ុក មុខដូចឆ្មាអោង ។ យំបណ្ដើរជូតសម្បោរបណ្ដើរ ខូចសម្រស់អស់ហើយ ។ រឿងជីវិតរបស់យើងកុំបង្ហាញទៅឱ្យសាធារណជនដឹងច្រើនពេក គេមិនស្គាល់យើងទេ គេនឹងយល់ខុសពីយើង ។
សម្ដេចបណ្ឌិតយ៉ន សេងយៀត ផ្ដល់ជាគតិសំខាន់ថា«ជីវិតរបស់យើងត្រូវមាន២ គឺទី១ចំណេះ ជំនាញ វានឹងចិញ្ចឹមរាងកាយ ។ មានន័យថាយើងចេះ មានជំនាញ យើងអាច រកការងារធ្វើបានចិញ្ចឹមជីវិត បានល្អ ។ទី២ក្នុងខ្លួនយើងមានសភាវៈម្យ៉ាងឈ្មោះថាចិត្ត ។ ចំណេះវិជ្ជាចិញ្ចឹមរាងកាយ ចំណែកគុណធម៌នឹងចិញ្ចឹមតម្លៃជីវិត ។ បើក្មួយមានចំណេះដឹង ជោគជ័យក្នុងជីវិតហើយ ត្រូវជួយបណ្ដុះគុណធម៌ និងស្រោចស្រង់ មនុស្សមួយចំនួនតាមដែលអាចធ្វើបាន ដើម្បីសង្គមយើងទាំងអស់គ្នា» ។
សម្ដេចបណ្ឌិតយ៉ន សេងយៀត ចង់ឱ្យកូនខ្មែរគ្រប់រូបត្រូវស្រលាញ់ទឹកដីឱ្យខ្លាំងតាមរយៈការអភិវឌ្ឍចំណេះដឹង និងឆាកជីវិតរបស់ខ្លួន ។ អ្វីដែលគួរឱ្យសោកស្ដាយបំផុត បរទេសខ្លះ គេអាចមើលងាយយើងបាន មិនមែនដោយសារគេខ្លាំងទេ គឺដោយសារយើងអន់ ដូច្នេះក្នុងសម័យនេះ ប្រទេសមួយដែលខ្លាំង គឺមានពលរដ្ឋមានការចេះដឹង ។ ដូច្នេះដើម្បីរក្សាទឹកដីរបស់យើង ពូជសាសន៍យើងឱ្យស្ថិតស្ថិរគង់វង្សបាន ខ្មែរគ្រប់រូប ពិសេសយុវជនជំនាន់ថ្មីត្រូវព្យាយាមអប់រំ និងអភិវឌ្ឍខ្លួនឱ្យទទួលបានជោគជ័យ និងមានចំណេះដឹង៕ ចន្ទ្រ អក្ខរា