ភ្នំពេញ៖ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានពិភាក្សាអំពីការផលិតជីសេរីរាង្គ(ជីធម្មជាតិ) ដើម្បីលក់ចែកជូនប្រជាកសិករក្នុងតម្លៃទាបជាងជីនាំចូលមកពីបរទេស។
លោកឧកញ៉ា ម៉ុង ឬទ្ធី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៤ឱ្យដឹងថា «នៅវេលាម៉ោង៨ព្រឹក សម្តេចមហាបវរធិបតី បានផ្តល់កិត្តិយសដ៏មហាខ្ពង់ខ្ពស់បំផុត ពិសារអាហារពេលព្រឹកពិភាក្សាលើវិស័យផលិតជីសរីរាង្គ(ជីធម្មជាតិ) ដើម្បីលក់ចែកជូនប្រជាកសិករយើងក្នុងតម្លៃទាបជាងជីនាំចូលមកពីបរទេស និងជួយជំរុញពង្រីកវិស័យទេសចរណ៍ធម្មជាតិអោយកាន់តែច្រើនបន្ថែមទៀត» ។
លោកឧកញ៉ា ម៉ុង ឬទ្ធី បន្តថា «ក្រោយពីបានជួបពិភាក្សារយៈពេលមួយម៉ោងដប់ប្រាំនាទីរួចមក ខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់បំផុត ចំពោះសម្តេចធិបតីឈ្លាសវៃដ៏ខ្ពង់ខ្ពស់បំផុត ស្ទើរតែគ្រប់ពាក្យទាំងអស់សម្តេចគិតគូរតែពីផលប្រយោជន៍ជាតិ និងប្រជាជន »។
លោកឧកញ៉ា ម៉ុង ឬទ្ធី បន្ថែមថា៖«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដែលសម្តេចបានផ្តល់កិត្តិយសដល់រូបខ្ញុំនាឱកាសនេះ ។ ខ្ញុំបាទនឹងខិតខំប្រឹងប្រែងរកគ្រប់មធ្យោបាយ ដើម្បីអនុវត្តអោយបានតាមអនុសាសន៍របស់សម្តេច ដេីម្បីបានចូលរួមចំណែកបម្រេីជាតិប្រជាជន លើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ធម្មជាតិនេះ» ៕