សៀមរាប៖ មិនខុសពីបណ្ដាឆ្នាំមុនៗឡើយ នៅឆ្នាំនេះដែរ វត្តបារាយណ៍មហានទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប នៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ បាន រៀបចំការដង្ហែអង្គកឋិនទាននៅលើផ្ទៃទឹកបារាយណ៍ ដើម្បីជាការឧទ្ទិសបុណ្យកុសលជូនព្រះម៉ែគង្គា និងព្រះម៉ែធរណី
ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត មានសង្ឃដីកាថា ការរៀបចំដង្ហែអង្គកឋិនទាននៅលើផ្ទៃទឹកបារាយណ៍នេះ គឺទី១.ដើម្បីឧទ្ទិសបុណ្យកុសលជូនដល់ព្រះម៉ែគង្គា និងព្រះម៉ែធរណី និងទី២.ដើម្បីទុកជាប្រវត្តិសាស្ត្រឱ្យកូនចៅជំនាន់ក្រោយបានដឹង។
ព្រះគ្រូថា តាំងពីអតីតព្រះគ្រូចៅអធិការវត្តនេះគ្រប់ជំនាន់រៀងមក គឺមិនទាន់មានបានធ្វើពិធីដង្ហែអង្គកឋិនទានបែបនេះទេ ហើយសម្រាប់ឆ្នាំនេះគឺជាលើកទី៣ហើយ ដែលព្រះសង្ឃ និងគណៈកម្មការវត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នមានសមត្ថកិច្ចរៀបចំដង្ហែអង្គកឋិននៅលើទឹកនេះ។
ព្រះគ្រូចៅអធិការវត្ត ក៏បានមានសង្ឃដីការំលឹកថា តាមវិន័យវត្តមួយទទួលអង្គកឋិនបានតែម្ដងទេ ក្នុងរយៈកាលនៃរដូវកឋិនមាន២៩ថ្ងៃ ហើយពិធីបុណ្យកឋិនទាននេះ គឺជាការជួយទំនុកបំរុងបច្ច័យបួនសង្រ្គោះដល់ភិក្ខុសង្ឃដែលបានគង់ចាំព្រះវស្សាអស់កាលត្រីមាសមកហើយ គឺបម្រើដល់ប្រយោជន៍ កសាង និងអភិវឌ្ឍទីអារាម និងជាចក្តបច្ច័យសម្រាប់ទ្រទ្រង់ដល់ព្រះសង្ឃគង់ និងសិក្សារៀនសូត្រជាដើម។
ព្រះគ្រូចៅអធិការវត្ត មានសង្ឃដីការបន្ថែមថា សម្រាប់បច្ច័យដែលអង្គកឋិនទានប្រមូលបានពីពុទ្ធបរិស័ទនាឆ្នាំនេះដែរ ក្រៅផ្គត់ផ្គង់ចង្ហាន់ប្រចាំថ្ងៃដល់ភិក្ខុសាមណេរទាំង ៥០អង្គ មួយចំនួននឹងបែងចែកឧបត្ថម្ភបន្ថែមទៅគ្រូបង្រៀនជាគ្រូកិច្ចសន្យា និងគ្រូស្ម័គ្រចិត្តដែលកំពុងបង្រៀននៅសាលាពុទ្ធិកបឋមសិក្សាវត្តស្វាយរមៀត ហើយបច្ច័យមួយចំនួនទៀត គឺសម្រាប់ទ្រទ្រង់ព្រះសង្ឃសិក្សារៀនសូត្រ ផ្គត់ផ្គង់ថ្លៃទឹកថ្លៃភ្លើង ជួសជុលលការកសាងសមិទ្ធផលនានា និងជួសជុលលម្អ កុដិ សាលា ទីសេនាសនៈសង្ឃ និងរៀបចំបរិស្ថាន សួនច្បារក្នុងបរិវេណវត្តជាដើម៕