ភ្នំពេញ៖ នៅវេលាព្រឹកថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំដង្ហែ
អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមស្ថិតនៅក្នុង ខេត្តតា្រវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម បានទៅដល់វត្តនៅរសៀលថ្ងៃនេះ ដោយធ្វើដំណើរតាមច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល។
ទិដ្ឋភាពទូទៅនៅតាមអមដងផ្លូវ និង នៅវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី មានប្រជាពុទ្ធបរិស័ទ និង ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករទាំងនៅកម្ពុជា និងនៅខ្មែរក្រោយម បានទទួលស្វាគមន៍អង្គកឋិនទានមហាគ្រួសារខ្មែរដឹកនាំដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
តាមការគ្រោងទុក នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងរៀបចំប្រគេនយាគូព្រះសង្ឃនៅវត្តស្វាយសៀមថ្មី បន្ទាប់មកដង្ហែអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារ និងវេរប្រគេនអង្គកឋិនទានដល់ព្រះសង្ឃ។
អង្គកឋិនទាននេះត្រូវបានប្រសិទ្ធនាមជា«អង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរ» ព្រោះជាអង្គឋិនកើតឡើងដោយការរួបរួមដ៏អស្ចារ្យរវាងស្ថាប័នពុទ្ធចក្រ និងអាណាចក្រ ហើយអាណាចក្រទៀតសោត គឺមានការចូលរួមទាំងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល។
សូមជម្រាបថា នៅខ្មែរក្រោមមកដល់ពេលបច្ចុប្បន្ននេះ មានទីអារាមរហូតដល់ទៅ៤៦១វត្ត ដោយឡែកនៅខេត្តត្រាវិញ មានវត្តចំនួន១៤៣វត្ត។ បច្ច័យបានពីពិធីបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាពេលនេះ ក្រៅពីប្រគេនដល់វត្តពោធិគិរីវង្សារាមហើយនោះ ក៏នឹងប្រគេនដល់វត្ត១៤២ផ្សេងទៀត នៅក្នុងខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម៕