សារព័ត៌មានពុទ្ធសាសនា

ព្រះមហាក្សត្រនិងសម្តេចម៉ែ បានចូលបច្ច័យ«អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» ចំនួន ២ ម៉ឺនដុល្លារ

ពិធីបុណ្យពុទ្ធសាសនា

ភ្នំពេញ៖ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ក៏បានប្រទានព្រះរាជទ្រព្យ ចូលរួមបុណ្យអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរចំនួន ១ ម៉ឺនដុល្លារអាម៉េរិកស្មើនឹង ២៥១ លានដុង និង សម្តេចម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ក៏បានសព្វព្រះរាជហឫទ័យ ប្រទានព្រះរាជទ្រព្យ ចូលរួមអង្គកឋិនទាននេះ ចំនួន ១ ម៉ឺនដុល្លារអាម៉េរិកស្មើនឹង ២៥១ លានដុងផងដែរ។

សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍លើកឡើង ក្នុងគ្រាដែលសម្តេច អញ្ជើញសំណេះសំណាលជាមួយបងប្អូនពុទ្ធបរិស័ទខ្មែរក្រោម ក្នុងអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នៅវត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តថា ចំពោះបច្ច័យរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេច ព្រមទាំងក្រុមគ្រួសារ និងបច្ច័យទទួលបានពីសទ្ធាជ្រះថ្លារបស់មហាពុទ្ធបរិស័ទខ្មែរពីគ្រប់ទិសទី ដែលនឹងនាំមកសង្កត់ត្រៃ នៃអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នាពេលនេះ នឹងត្រូវប្រគេនដល់ព្រះសង្ឃ និងវត្តនានា ដើម្បីព្រះចៅអធិការ និងគណៈកម្មការវត្ត ប្រើប្រាស់ជាប្រយោជន៍ ក្នុងវិស័យព្រះពុទ្ធសាសនា រួមមាន៖

ទី១) ប្រគេនបច្ច័យសង្កត់ត្រៃអង្គកឋិនទានដង្ហែមកវត្តពោធិគិរីវង្សារាម ២៣ ប៊ីលាន ៨៤២ លានដុង(ម្ភៃបីប៊ីលាន ប្រាំបីរយសែសិបពីរលានដុង)។

ទី២) បច្ច័យសង្កត់ត្រៃធំ៥០ លានដុង (ហាសិនលានដុង)
ទី៣) បច្ច័យសង្កត់ត្រៃសូត្រស្តាំ ២៥ លានដុង (ម្ភៃប្រាំលានដុង)។
ទី៤) បច្ច័យសង្កត់ត្រៃសូត្រឆ្វេង ២៥ លានដុង (ម្ភៃប្រាំលាន ដុង)។

ទី៥) ប្រគេនបច្ច័យព្រះសង្ឃចំនួន ៥៧ អង្គ គង់នៅ វត្តេពោធិគិរីវង្សារាម ក្នុងមួយអង្គបច្ច័យចំនួន ១២ លាន ៥ សែនដុង (ដប់ពីរលានប្រាំសែនដុង)។

ទី៦) ជូនគណៈកម្មការ អាចារ្យ យាយជីតាជីចំនួន ១០៤ នាក់ក្នុងម្នាក់ៗ ២លាន៥ សែនដុង (ពីរលានប្រាំសែនដុង)។
ទី៧) ប្រគេនបច្ច័យដល់វត្តចំនួន ១៤២ វត្តក្នុងខេត្តត្រាវិញ ក្នុង ១ វត្ត បច្ច័យចំនួន២៥១ លានដុង (ពីររយហាសិបមួយលានដុង)។

សរុប ថវិកា ដែលត្រូវចំណាយ ក្នុងអង្គកឋិនទាំងមូលចំនួន ៦០ ប៊ីលាន ៥៥៦លាន ៥សែនដុង (ហុកសិបប៊ីលាន ប្រាំរយហាសិបប្រាំមួយលាន ប្រាំសែនដុង)។

សម្ដេចបានវាយតម្លៃខ្ពស់ ចំពោះបងប្អូនខ្មែរក្រោមដែល បានបន្តថែរក្សាបាន នូវវប្បធម៌ប្រពៃណីខ្មែរ តជំនាន់មកនេះ និងបានអញ្ជើញមកចូលរួម នៅក្នុងអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរយ៉ាងច្រើនកុះករ និងប្រកបដោយសេចក្តីសប្បាយរីករាយជ្រះថ្លាដោយបុណ្យកុសល។ សម្ដេចក៏ សូមព្រះបរមរាជានុញ្ញាត ថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុត ថ្វាយ ព្រះមហាក្សត្រខ្មែរ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ បានសព្វព្រះរាជហឫទ័យ ប្រោសប្រទានព្រះរាជទ្រព្យ ចូលរួមចាប់មគ្គផលក្នុងអង្គកឋិនទានដ៏ថ្លៃថ្លានេះ៕

អត្ថបទផ្សេងៗដែលលោកអ្នកគួរយល់ដឹង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. យល់ព្រម អានបន្ថែម